ក្រុមហ៊ុនចិន ICAP បង្ហើបពីផែនការចង់វិនិយោគផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា
ក្រុមហ៊ុន Infinite Capital Holding Company (ICAP) មកពីប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនីផងដែរ។
នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ក្នុងនោះក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។
ទន្ទឹមគ្នានោះដែរ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហើបប្រាប់សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែត អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។
ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្ដីបានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។
សម្តេចនាយករដ្ឋមន្រ្ដី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត ក៏ដូចជាបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ដូចជាការស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្ត សំដៅដល់ការគាំទ្រ ក៏ដូចជាការលើកទឹកចិត្តដល់វិនិយោគិននានានៅក្នុងប្រទេសកម្ពុជា។
គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយដែលកំពុងរុញច្រានប្រទេសកម្ពុជាឱ្យក្លាយជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សាររថយន្តអគ្គិសនី ពិសេសការពង្រឹងបន្ថែមនូវសមត្ថភាពផលិតរបស់ប្រទេស និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
- Video Advertisement -