ក្រុមហ៊ុនចិនGuoxing ប្រកាសវិនិយោគបង្កើតសួនឧស្សាហកម្ម និងវិស័យកសិកម្មនៅកម្ពុជា

ក្រុមហ៊ុន Guoxing Group មកពីប្រទេសចិន បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិនៅកម្ពុជាថែមទៀត។

នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោក Li Guolian ប្រធានក្រុមហ៊ុន នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងថា មានបណ្តាក្រុមហ៊ុនជាច្រើនរបស់ចិន បានមកទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជា​ចំនួន ០៤លើកមកហើយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាថានឹងបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

លើសពីនេះ លោកប្រធានក៏បានជម្រាបបន្ថែមនូវសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន Guoxing នាពេលកន្លងមក នៅកម្ពុជា និងបានបង្ហាញពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន​ក្នុង​រយៈ ៥ឆ្នាំខាងមុខ ដែលនឹងបង្កើតសួនឧស្សាហកម្មមួយផងដែរ។

ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្មនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន និងលើកឡើងថា នេះជាចំណុចដ៏ល្អមួយ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍ជាច្រើន សម្រាប់ការគាំទ្រ និង​ផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលផលិត​នូវ​ច្រវាក់ផលិតកម្ម ដើម្បីផ្តង់ផ្គង់ក្នុងស្រុក​ និង​នាំចេញ​ទៅ​ក្រៅប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]