ក្រុមហ៊ុនជប៉ុនធំៗ ៣ គ្រោងមកវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ
ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ៣ កាលពីថ្មីៗចាប់សំដែងការអារម្មណ៍មករវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីនៅភ្នំពេញ ខណៈពេលដែលការប្រមូលសំរាមនៅក្នុងទីក្រុង កំពុងតែទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងមានប្រសិទ្ធភាពជាងមុន។
ការបង្ហាញពីចំណាប់អារម្មណ៍នេះ ធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១២ កុម្ភៈ កន្លងមកនេះ ដែលភាគជប៉ុនបានលើកឡើងថា ក្រុមហ៊ុនជប៉ុនចំនួនបី នឹងចូលរួមដេញថ្លៃក្នុងការប្រមូលសំរាមនៅពេលខាងមុខ។
លោក លោក មីកាមី ម៉ាសាហ៊ីរ៉ូ បញ្ជាក់ថា៖ «ជប៉ុនកំពុងយកចិត្តទុកដាក់លើវិស័យនេះ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ពេលនេះក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមផងដែរ។ សំរាមគឺជាកត្តាចាំបាច់ ហើយជប៉ុនក៏មានក្រុមហ៊ុន០៣ ដែលមានចំណាប់អារម្មណ៍វិនិយោគ និងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា»។
នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រក្រឡា ទៅ ៦០០គីឡូម៉ែត្រក្រឡា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «នៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឱ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ»។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំតាក់តែងគោលនយោបាយថ្មី ស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង នៅទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាមនិងសំណល់រឹងនៅទីប្រជុំជន ឲ្យមានប្រសិទ្ធិភាព និងសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមាណសំរាមក្នុងមួយឆ្នាំមានការកើនឡើងប្រមាណជិត ១៥%។
គួររំលឹកថា ក្នុងពេលអន្តរកាលនេះ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី ជាក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាមនៅរាជធានីភ្នំពេញ មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនិងសំណល់រឹង ជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃ សេវាសម្អាតប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹងនោះទេ៕

- Video Advertisement -