ក្រុមហ៊ុនជប៉ុនវិនិយោគគម្រោងអេកូទេសចរណ៍ លើដី ១ ម៉ឺនហិកតានៅ គិរីរម្យ

គម្រោង​របស់​ក្រុម​ហ៊ុន​ជប៉ុន គិរីរម្យសម្រាប់គ្រប់គ្នា (Kirirom for Everyone) នឹងប្រែក្លាយ​ផ្ទៃ​ដី​ ១​ ម៉ឺន ហិកតា ស្ថិតនៅ​តំបន់ភ្នំ​គិរីរម្យ​ឲ្យ​ទៅ​ជា​តំបន់មជ្ឍមណ្ឌលសិក្សាវិទ្យាសាស្ត្រ និង​អេកូទេសចរណ៍។

គម្រោងដែល​ហ៊ុមព័ទ្ធដោយព្រៃស្រល់ និងជើងភ្នំ ស្ថិ​តក្នុង​តំបន់​គិរីរម្យ​ ខេត្ត​កំពង់​ស្ពឺនេះ ​រួមបញ្ចូលទាំងវិទ្យាស្ថាន មណ្ឌលកម្សាន្ត ផ្ទះលំហែ ដែល​មាន​លក្ខណៈ​ជា​អេកូ​ទេសចរណ៍​ផង​ដែរ​​។ គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹង និងលើកកម្ពស់គុណតម្លៃវិស័យអប់រំបច្ចេកវិទ្យាព័ត៌មាន  និងវិស័យអេកូទេសចរណ៍ ដែលនឹងក្លាយជាកន្លែងសម្រាកសិក្សាសម្រាប់ និស្សិតកម្ពុជា រួមទាំងនិស្សិតជប៉ុន និងបរទេសទៀតផង។

ក្នុ​ងជំនួប​ពិភាក្សាការងារ​ជាមួយ លោក Bekku Kenzaburo អនុប្រធានក្រុមហ៊ុន​ជប៉ុន A2A Town Cambodia Co., Ltd កាលពីថ្ងៃទី ២២ មិថុនា ២០២០​​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​សម្ដែង​ការ​គាំទ្រចំពោះ គម្រោងនេះ និងបានបង្ហាញពីឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យទើបបានបញ្ចូលទៅក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៀតផង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ “ក្រសួងពិតជាមានតម្រូវការចាំបាច់ណាស់នូវចំណេះដឹង និងធនធានមនុស្ស ផ្នែក វិទ្យាសាស្រ្ត ក៏ដូចជាវិស័យបច្ចេកវិទ្យា និងនវានុវត្តន៌(Innovation) ក្នុងកាលៈទេសៈដែលពិភពលោកកំពុងមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ជាពិសេសសនិន្នាការបដិវត្តន៌ឧស្សាហកម្មជំនាន់ ៤.០ និងសេដ្ឋកិច្ចបែបឌីជីថល។”

ឯកឧត្តមបន្ថែមថា “…យើងទាំងពីរត្រូវសហការគ្នា …សម្រាប់ការងារបណ្តុះបណ្តាលធនធានមនុស្ស …ក៏ដូចជាការឈានឆ្ពោះទៅការបង្កើតសួនបច្ចេកវិទ្យា វិទ្យាសាស្ត្រ ជាដើម”។

ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈគិរីរម្យ ជាឧទ្យានជាតិដែលត្រូវបានកំណត់ជាផ្លូវការដំបូងគេនៅប្រទេសកម្ពុជាមានទំហំ ២៨៣,៨ គីឡូម៉ែត្រការ៉េ។ ក្រុមហ៊ុន A2A Town បានទទួលសិទ្ធិក្នុងការអភិវឌ្ឍមូលដ្ឋាននៅឧទ្យានជាតិគិរីរម្យ ចាប់តាំងពីឆ្នាំ ២០១១ លើដីសម្បទានសេដ្ឋកិច្ចដែលមានទំហំ ២០០០ ហិកតា។

គួរបញ្ជាក់​ផង​ដែរថា ​បច្ចុប្បន្នមាន​គម្រោងរីស៊ត​​ដ៏​ល្បី​ឈ្មោះ​មួយគឺ​ vKirirom Pine Resort ព្រម​ទាំង​ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) សម្រាប់​បណ្តុះបណ្តាលជំនាញ វិស្វកម្មកំព្យូទ័រ (software engineering)ជា​ដើម។ គម្រោងរីស៊ត vKirirom Pine Resort ត្រូវបានសាងសង់ឡើងជាលក្ខណៈផ្ទះលំហែ មានដូចជា បឹងកាឡូ កូនវីឡាតូចៗ ផ្ទះខ្ទមលក្ខណៈខ្មែរ កន្លែងបោះតង់កម្សាន្ត ជាលក្ខណៈគ្រួសារ ដៃគូ និងម្នាក់ឯង។

ក្រៅពីជាកន្លែងរីស៊ត សម្រាប់កម្សាន្ត តំបន់នេះ ក៏ត្រូវបានបង្កើតជាតំបន់អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលរួមមានការការពារសម្បត្តិធម្មជាតិ ការដាំដុះដំណាំ និងគម្រោងប្រកបដោយនិរន្តរភាពផ្សេងៗទៀត ដែលបង្កើតឡើងដោយនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) ផ្ទាល់ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]