ក្រុមហ៊ុនផ្លូវដែកចិន ចាប់ដៃគូជាមួយក្រុមហ៊ុន Royal Railway អភិវឌ្ឍផ្លូវដែកនៅកម្ពុជា
ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន និងក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែកក្នុងស្រុក Royal Railway បានសម្រេចចាប់ដៃគូគ្នា ដើម្បីអភិវឌ្ឍផ្លូវដែកនៅកម្ពុជាអោយប្រសើរឡើង និងជឿនលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។
ការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ឈិន ហ្វិនជៀន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី២៨។
យោងតាមព័ត៌មានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោរ ហ៊ុន សែន នៅក្នុងជំនួបនោះ តំណាងក្រុមហ៊ុនចិន បានលើកឡើងថា ក្រុមហ៊ុន និងក្រុមហ៊ុន Royal Railway សហការគ្នាដើម្បីធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍផ្លូវដែកក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបនោះ សម្ដេចតេជោរ ហ៊ុន សែន បានណែនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើជាអ្នកសម្របសម្រួលរវាងភាគីចិន ដើម្បីសហការជាមួយនឹងក្រុមហ៊ុន Royal railway ដើម្បីអភិវឌ្ឍផ្លូវដែកឲ្យប្រសើរឡើង។
ឯកឧត្តម វ៉ាស៊ីម សូរិយា មន្រ្តីនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា ផ្លូវដែកនៅកម្ពុជា នឹងការអភិវឌ្ឍន៍បន្ថែម តាមរយៈការចាប់ដៃគូនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ ដោយសារក្រុមហ៊ុនផ្លូវដែកចិន ជាក្រុមហ៊ុនមានបទពិសោធន៍ខ្ពស់ ក្នុងការកសាងផ្លូវដែកមានគុណភាពខ្ពស់។
ថ្លែងប្រាប់ទស្សនាវដីសំណង់ និងអចលនទ្រព្យយយើងខ្ញុំនៅថ្ងៃចន្ទ័នេះ ឯកឧត្តម វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ថា៖ «ដោយសារតែចិនមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការកសាងល្បឿនលឿន ដូច្នេះវាជាឱកាសរបស់កម្ពុជា ហើយការចាប់ដៃគូជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើឲ្យការអភិវឌ្ឍន៍ផ្លូវដែករបស់យើងរឹងមាំដែរ»។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានខ្សែរថភ្លើងចំនួនពីរខ្សែ ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត ដែលទើបតែភ្ជាប់ជាមួយនឹងផ្លូវដែករបស់ប្រទេសថៃ កាលពីសប្តាហ៍មុន៕
- Video Advertisement -