ក្រុមហ៊ុន Bentley Systems ណែនាំកម្មវិធីការមើលឃើញទិដ្ឋភាពជាក់ស្តែងរួមបញ្ចូលគ្នាសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនផ្គង់ផ្គង់ឈានមុខគេនៃកញ្ចប់កម្មវិធីដំណោះស្រាយកំព្យូទ័រសម្រាប់ធ្វើឲ្យជឿនលឿននៃការរចនាសំណង់ និងប្រតិបត្តិរបស់ហេដ្ឋារចនាសម្ព័ន្ធ បានដាក់បើកកម្មវិធីទូរសព្ទមួយឈ្មោះថា SYNCHRO XR នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ កម្មវិធីនេះគឺសំដៅដល់ការមើលឃើញរូបភាពយ៉ាងច្បាស់នៃបច្ចេកវិទ្យា 4D របស់ផលិតផលឌីជីថលភ្លោះ ជាមួយនឹងកម្មវិធី Microsoft HoloLens 2 ដែលក្រុមហ៊ុន Microsoft បានប្រកាសក្នុងសន្និសីទកាសែតក្នុងកម្មវិធីសន្និបាទទូរស័ព្ទពិភពលោកនៅទីក្រុងបាសេឡូណា។
ក្រុមហ៊ុន Bentley ត្រូវបានជ្រើរើសជាដៃគូសម្រាប់កម្មវិធីការមើលឃើញទិដ្ឋភាពជាក់់ស្តែង រួមបញ្ចូលគ្នា ដែលតំណាងឲ្យឧស្សាហកម្មស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ (AEC)។ ក្រុមហ៊ុន Bentley បានបង្ហាញពីរបៀបដែលអ្នកប្រើប្រាស់កម្មវិធី SYNCHRO XR សម្រាប់ផលិតផល HoloLens 2 អាចធ្វើអន្តរកម្មជាមួយម៉ូដែលសំណង់ឌីជីថល ដោយការប្រើប្រាស់កាយវិការ វិចារណញាណ ដើម្បីរៀបចំផែនការ ប្រមើលមើល និងទទួលបទពិសោធន៍នៃចរន្តដំណើរការសាងសង់។
ទិន្នន័យក្នុងគម្រោងឌីជីថលភ្លោះ គឺត្រូវបានប្រមើលឃើញជាមួយនឹងកម្មវិធី HoloLens 2 តាមរយៈទិន្នន័យដែលតភ្ជាប់គ្នាដោយក្រុមហ៊ុន Bentley ហើយដំឡើងដោយ Microsoft Azure។ ជាមួយនឹងដំណោះស្រាយការមើលឃើញទិដ្ឋភាពជាក់ស្តែងរួមបញ្ចូលគ្នា អ្នកគ្រប់គ្រងសំណង់ អ្នកកំណត់កាលបរិច្ចេទរបស់គម្រោង ប្រតិបត្តិកររបស់គម្រោង និងម្ចាស់ហ៊ុនរបស់គម្រោងដទៃទៀត អាចបង្កើនការយល់ដឹងបន្ថែមទៅលើការងារដែលបានគ្រោងទុក ការរីកចម្រើននៃសំណង់ ហានិភ័យនៅការដ្ឋានដែលអាចកើតឡើង និងតម្រូវការសុវត្ថិភាព តាមរយៈការមើលឃើញទិដ្ឋភាពជាក់ស្តែង។ លើសពីនេះទៀត អ្នកប្រើកម្មវិធី អាចប្រាស្រ័យទាក់ទងជាមួយម៉ូដែលរួមគ្នា និងសហការគ្នាពិសោធន៍វត្ថុ 4D ក្នុងលំហ និងពេលវេលា ដែលនេះគឺផ្ទុយពីអន្តរកម្មបែបប្រពៃណីជាមួយអេក្រង់ 2D តំណាងឲ្យវត្ថុ 3D ។
លោក Noah Eckhouse អនុប្រធានជាន់ខ្ពស់ផ្នែកផ្តល់គម្រោងរបស់ក្រុមហ៊ុន Bentley Systems បានមានប្រសាសន៍ថា៖ «កម្មវិធី SYNCHRO XR របស់យើងសម្រាប់ HoloLens 2 ផ្តល់ជូននូវវិធីថ្មីមួយដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងផលិតផលឌីជីថលភ្លោះសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។ អ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ពីទស្សនវិស័យថ្មីស្តីពីការរចនា និងការយល់ដឹងកាន់តែជ្រៅ អំពីការងារ និងកាលបរិច្ចេទរបស់គម្រោង។ ជំនួសឲ្យការប្រើអេក្រង់ 2D ជាមួយនឹង mouse និងក្តារចុច អ្នកប្រើកម្មវិធីឥឡូវអាចដើរជុំវិញម៉ូដែល (គម្រោងគំរូ) ជាមួយនឹងរូបរាងកាយរបស់ពួកគេ ហើយឈានទៅដល់ការចាប់យកវត្ថុឌីជីថលដែលលេចឡើងក្នុងទិដ្ឋភាពជាក់ស្តែងដែលបានកើតឡើង។ នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីពិនិត្យមើលឡើងវិញនូវការងារដែលត្រូវបានបញ្ចប់ និងដើម្បីត្រៀមរៀបចំសម្រាប់ការងារនាពេលខាងមុខ»។
លោក Menno de Jonge នាយកផ្នែកសំណង់ឌីជីថលនៃក្រុមហ៊ុន Royal BAM Group បានមានប្រសាសន៍ថា៖ «បច្ចុប្បន្នយើងកំពុងប្រើប្រាស់ដំណោះស្រាយការមើលឃើញ ទិដ្ឋភាពជាក់ស្តែងរួមបញ្ចូលដោយប្រើប្រាស់កម្មវិធី SYNCHRO និង HoloLens 2 សម្រាប់ការដ្ឋានសាងសង់គម្រោងសារមន្ទីរដ៏ធំមួយនៅទីក្រុង Rotterdam ។ តំរូវការពិតប្រាកដសម្រាប់ការផ្លាស់ប្តូរឌីជីថលនៅក្នុងឧស្សាហកម្មរបស់យើង គឺការចៀសវាងការធ្វើការងារឡើងវិញនៅការដ្ឋានសំណង់របស់យើង»។
លោក Alex Kipman អ្នកបច្ចេកទេសផ្នែក AI និងការមើលឃើញទិដ្ឋភាពជាក់ស្តែងរួមបញ្ចូល
របស់ក្រុមហ៊ុន Microsoft បានមានប្រសាសន៍ថា៖ «កម្មវិធី HoloLens 2 ដែលទើបនឹងប្រកាសរបស់ក្រុមហ៊ុន Microsoft គឺជាកុំព្យូទ័រហូឡូក្រាហ្វិកស្វ័យប្រវត្តិ (ដែលអាចមើលរូបភាពបែប 3D) ដែលអនុញ្ញាតឲ្យធ្វើការដោយមិនចាំបាច់ប្រើប្រាស់ដៃ និងធ្វើការទំនាក់ទំនងភ្លាមជាមួយម៉ូដែល (គម្រោងគំរូ)។ វាត្រូវបានបង្កើតឡើងនៅលើការច្នៃប្រឌិតថ្មីនៃផលិតផល HoloLens ហើយវាអាចមើលឃើញកាន់តែច្បាស់ ថែមទាំងផ្តល់ភាពងាយស្រួលបន្ថែមទៀត និងនាំមកនូវតម្លៃនាំមុខគេក្នុងឧស្សាហកម្មជាមួយនឹងក្រុមហ៊ុនដៃគូដូចជាក្រុមហ៊ុន Bentley »។
- Video Advertisement -