ក្រុមហ៊ុន Hyundai Engineering ទទួលបានសិទ្ធិសាងសង់ផ្សារទំនើប AEON ទី៣
ក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយ (Hyundai Engineering) របស់កូរ៉េខាងត្បូង បានទទួលគម្រោងសាងសង់ផ្សារទំនើបអ៊ីអនម៉លទី៣ (AEON 3) នៅក្នុងប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់១៦៤ លានដុល្លារអាមេរិក។ នេះជាការលើកឡើងរបស់បុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះ ដែលបានចុះផ្សាយរបស់គេហទំព័រ Korea IT TIMES កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។
ផ្សារទំនើបនេះ នឹងត្រូវបានសាងសង់ជាប្រាំជាន់ រួមជាមួយទីកន្លែងចតយានជំនិះមួយ លើដីមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េ ធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើបAEON ២ សែនសុខ (១០០០០០ ម៉ែត្រការ៉េ)។ តាមការបញ្ជាក់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គម្រោងសាងសង់នេះ នឹងត្រូវប្រើរយៈពេល ២៧ខែ ក្នុងការសាងសង់ ដែលគិតចាប់ពីថ្ងៃចាប់ផ្តើមសាងសង់ ផ្សារទំនើបAEONទី៣ថ្មីនេះ នឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)
នេះជាលើកទីពីរហើយដែលក្រុមហ៊ុន Hyundai Engineering ទទួលបានគម្រោងសាងសង់ពីក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd, ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនធំជាងគេរបស់ជប៉ុន ដែលបានដំណើរការផ្សារទំនើបរបស់ខ្លួនជាង២០០ ផ្សារនៅជុំវិញពិភពលោក។ គម្រោងទី១ គឺគម្រោងសាងសង់ផ្សារទំនើបអ៊ីអនម៉លទី២ (AEON Mall 2) ក្នុងទំហំទឹកប្រាក់ ១២០ លានដុល្លារអាមេរិក ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានបើកដំណើរការ កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។ (អានបន្ថែម)
សូមបញ្ជាក់ថា បើតាមគេហទំព័រKorea IT TIMES ដដែលនេះ បានឱ្យដឹងថា ចាប់តាំងពីបានចូលប្រឡូកក្នុងទីផ្សារសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងឆ្នាំ ២០០៩ មក ក្រុមហ៊ុន Hyundai Engineering ធ្លាប់បានទទួលគម្រោងយក្សធំៗដូចគ្នានេះជាច្រើន ក្នុងនោះរាប់ទាំងគម្រោងតំហែទំាំ និងជួសជុលផ្លូវថ្នល់ឱ្យទីភ្នាក់ងារកយកា ( KOICA )គម្រោងសាងសង់ពង្រីកធនាគារអេស៊ីលីដា និងគម្រោងសាងសង់អគារភ្នំពេញថៅវើ (Phnom Penh Tower ) ៕


- Video Advertisement -