ក្រុមហ៊ុន MAXTRAD ជំរុញបង្កើនចំណេះដឹងលើផ្នែកវិស្វកម្មអគ្គីភ័យនៅកម្ពុជា
វិស័យសំណង់នៅកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ជាមួយនឹងអគារខ្ពស់ៗបានរីកលូតលាស់ដូចផ្សិតនៅទូទាំងប្រទេស។ ស្របពេលដែលវិស័យនេះនៅតែបន្តរីកចម្រើន សុវត្ថិភាពអគ្គីភ័យ និងវិស្វកម្មអគ្គីសនី បានក្លាយជាបញ្ហាសំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ អ្នកយកការណ៍របស់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ កញ្ញា ខាត់ លក្ខិណា បានអង្គុយពិភាក្សាជាមួយលោក Bernard Mak នាយកក្រុមហ៊ុន MAXTRAD ដើម្បីពិភាក្សាអំពីសុវត្ថិភាពអគ្គិភ័យ និងវិស្វកម្មអគ្គីភ័យ។
តើលោកគិតយ៉ាងណាដែលចំពោះស្តង់ដារសុវត្តិភាពអគ្គិភ័យ និងវិស្វកម្មអគ្គិភ័យនៅកម្ពុជា?
សុវត្ថិភាពអគ្គីភ័យគឺពិតជាថ្មីណាស់សម្រាប់ប្រទេសកម្ពុជា ក៏ប៉ុន្តែ ជាការគួរឲ្យត្រេងអរ គឺមនុស្សគ្រប់គ្នាបាននិងកំពុងចាប់ផ្តើមមើលឃើញពីសារៈសំខាន់របស់វា។ ប្រទេសកម្ពុជាមិនមានបទបញ្ញាត្តិស្តីពីសុវត្តិភាពអគ្គីភ័យនោះទេ ហើយប្រព័ន្ធពន្លត់អគ្គីភ័យជាច្រើនដែលបានបំពាក់នៅក្នុងអគារខ្ពស់ៗ មិនបានបំពេញទៅតាមស្តង់ដារសុវត្ថិភាព ឬខ្លះ ត្រូវបានរចនាឡើងដោយមិនត្រឹមត្រូវទៀតផង។ ប្រសិនបើមានការត្រួតពិនិត្យអគ្គីភ័យឲ្យបានត្រឹមត្រូវ មានអគារជាច្រើនណាស់នៅកម្ពុជា ដែលប្រហែលជាមិនអាចទទួលពិន្ទុសម្រាប់ជាប់បាន។
តើលោកបានសម្លឹងមើលឃើញពីការលំបាកណាមួយសម្រាប់អគារខ្ពស់ៗនៅកម្ពុជាដែរឬទេ?
បាទ ការលំបាកនោះគឺ “ម្ចាស់គម្រោង” នេះគឺដោយសារតែកម្ពុជាមិនមានច្បាប់ ឬបទបញ្ញាត្តិពីរដ្ឋាភិបាលដែលតម្រូវឲ្យពួកគាត់ជាម្ចាស់គម្រោង ឬអគារត្រូវតែអនុវត្តតាម។ ប៉ុន្តែ ប្រសិនបើម្ចាស់គម្រោងគាត់មានមនសិការ ពួកគាត់នឹងដឹងថា គម្រោងផ្ទាល់ខ្លួនរបស់ពួកគាត់ត្រូវការអ្វីមួយ ដូចជាសុវត្ថិភាពអគ្គីភ័យ ហើយពួកគាត់នឹងសម្រេចចិត្តរួមបញ្ចូលទៅក្នុងគម្រោងរបស់គាត់។ ឧទាហរណ៍ រោងចក្រកាត់ដេរមួយចំនួនអនុវត្តប្រពន្ធ័អគ្គីភ័យដោយសារតែអតិថិជនរបស់ពួកគាត់តម្រូវឲ្យពួកគាត់ធ្វើដូច្នេះ។ ដូច្នេះ ប្រសិនបើអតិថិជនមិនតម្រូវឲ្យពួកគាត់មានវានោះទេ ពួកគាត់អាចនិយាយថា ពួកគាត់មិនត្រូវការវាទេ។ ដូច្នេះ កម្លាំងជំរុញពាណិជ្ជកម្មជាច្រើនបាននិកកំពុងជួយឲ្យមានការអនុវត្តសុវត្ថិភាពអគ្គីភ័យ។ វិស័យពាណិជ្ជកម្មកំពុងជំរុញឲ្យមានស្តង់ដារនេះ!
តើក្រុមហ៊ុន MAXTRAD មានផែនការអ្វីមួយដែរឬទេដើម្បីលើកកម្ពស់សុវត្ថិភាពអគ្គីភ័យ និងវិស្វកម្មអគ្គីភ័យនៅប្រទេសកម្ពុជា?
បាទ ពួកយើងមាន។ យើងកំពុងណែនាំវិស្វករអគ្គីភ័យទៅដល់និស្សិតសាកលវិទ្យាល័យ និងវិស្វករ។ យើងក៏កំពុងផ្តោតផងដែរ លើការជួយដល់វិស្វករ និងការចែករំលែកចំណេះដឹងអំពីយើង យើងក៏កំពុងផ្តោតផងដែរ លើការជួយដល់វិស្វករ និងការចែករំលែកចំណេះដឹងអំពីឧបករណ៍ពន្លត់អគ្គីភ័យដែលត្រឹមត្រូវសម្រាប់ធ្វើការដំឡើង។ មានវិស្វករជាច្រើនមិនដឹងពីការរចនាឲ្យបានត្រឹមត្រូវ និងវិធីសាស្រ្តដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ។ ហេតុនេះហើយ ទើបយើងចូលរួមយ៉ាងសកម្មជាមួយស្ថាបត្យករ និងវិស្វករក្នុងការជួយដល់គម្រោងរបស់ពួកគាត់។
តើក្រុមហ៊ុន MAXTRAD កន្លងមកបានធ្វើអ្វីខ្លះដើម្បីលើកកម្ពស់សុវត្ថិភាពអគ្គិភ័យ និងវិស្វកម្មអគ្គីភ័យ?
ឆ្នាំនេះយើងបានចាប់ផ្តើមផ្តល់សិក្ខាសាលាសម្រាប់និស្សិតសាកលវិទ្យាល័យ។ បច្ចុប្បន្ន យើងគ្របដណ្តប់សាកលវិទ្យាល័យចំនួន ៨ ហើយយើងមានវគ្គសិក្សាពី ៤ ទៅ ៥ វគ្គ ក្នុងមួយឆ្នាំៗសម្រាប់សាកលវិទ្យាល័យនីមួយៗ។ វគ្គសិក្សានោះគឺប្រហែល ៤០វគ្គ ក្នុងរយៈពេលពេញមួយឆ្នាំ ដូច្នេះ យើងនៅក្នុងសាកលវិទ្យាល័យស្ទើរតែរៀងរាល់សប្តាហ៍។ យើងណែនាំពីប្រព័ន្ធទឹក ដូចជា ឧបករណ៍សាចទឹក (sprinkler) ប្រពន្ធ័ពពុះ (foam system) សម្រាប់និស្សិតមេកានិច។ សម្រាប់និស្សិតអគ្គិសនី យើងចែករំលែកព័ត៌មានអំពី កណ្តឹងប្រកាសសញ្ញាណអគ្គីភ័យ និងប្រព័ន្ធឧស្ម័នបង្ក្រាបអគ្គីភ័យ ហើយសម្រាប់និស្សិតស្ថាបត្យករ និងវិស្វករស៊ីវិល យើងចែករំលែកអំពីអគ្គីភ័យអកម្ម និងមធ្យោបាយនៃការជម្លៀស។ យើងក៏មានវគ្គបណ្តុះបណ្តាលពិសេសសម្រាប់អ្នកដែលកំពុងបំរើការងារដូចជា វិស្វករ ស្ថាបត្យករ អ្នកគ្រប់គ្រងអចលនទ្រព្យ ក៏ដូចជាអ្នកសម្របសម្រួលការបាត់បង់នៅពេលមានហានិភ័យទៅលើអគារនៃក្រុមហ៊ុនធានារ៉ាប់រងផងដែរ។ យើងក៏ផ្តល់ជូនវគ្គសិក្សារៀបរៀងជាពិសេសដែលយោងទៅតាមកម្មវិធីស្តង់ដារអន្តរជាតិដល់អតិថិជនរបស់យើងផងដែរ។
តើផែនការអនាគតរបស់ក្រុមហ៊ុន MAXTRAD សម្រាប់ការពង្រីកចំណេះដឹងវិស្វកម្មអគ្គីភ័យគឺមានអ្វីខ្លះ?
នេះគឺជាឆ្នាំដំបូងរបស់យើងដែលធ្វើសិក្ខាសាលាទាំងនេះ ហើយយើងមានគម្រោងធ្វើវាជារៀងរាល់ឆ្នាំសម្រាប់និស្សិតសាកលវិទ្យាល័យ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានដែលយើងចែករំលែកដល់និស្សិតសាកលវិទ្យាល័យគឺមានលក្ខណៈទូទៅទេ។ យើងក៏មានផែនការបង្កើតសាលារៀនសម្រាប់វិស្វកម្មអគ្គិភ័យនៅថ្ងៃអនាគត។ យើងមានបំណងចង់ចូលរួមចំណែកក្នុងសង្គមតាមរយៈការជួយដល់វិស្វករក្នុងស្រុក និងណែនាំពួកគេ អំពីអ្វីដែលវិស្វកម្មអគ្គីភ័យមាន ហើយអំពីរបៀបដែលវិស្វកម្មអគ្គីភ័យអាចជួយការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលអនាគត។







- Video Advertisement -