ខណៈគម្រោងរថភ្លើង AGT តម្លៃរាប់ពាន់លានដុល្លាររដ្ឋាភិបាលសិក្សាគម្រោងរថភ្លើង២ទៀត

រដ្ឋាភិបាលបាននិងកំពុងសិក្សាជម្រើសប្រព័ន្ធដឹកជញ្ជូនរថភ្លើងចំនួនពីរជម្រើសបន្ថែមទៀត ខណៈគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ដែលបានសិក្សាចប់កន្លងមក គឺមានតម្លៃខ្ពស់ខ្លាំងដល់ទៅរាប់ពាន់លានដុល្លារអាមេរិក នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល ក្រោយវេទិការស្តីពីចលភាពក្នុងទីប្រជុំជនកាលពីថ្ងៃទី ៥ ខែ ធ្នូ ថា៖ «យើងកំពុងសិក្សាគម្រោងលើជម្រើសពីរ ទី១ ផ្លូវក្រោមដី(subways) និងផ្លូវដែក (monorails) ដោយសារ AGT សិក្សាចប់ ហើយត្រូវការថវិកាច្រើនណាស់ អញ្ចឹងយើងកំពុងសិក្សាគម្រោងពីរថែមទៀត ហើយយើងនឹងប្រៀបធៀបគម្រោងមួយណាវាល្អចំពោះប្រទេសជាតិយើង»។

គម្រោង AGT គឺផ្លូវដែកល្បឿនលឿនលើអាកាសប្រវែងប្រមាណជា ១៩គីឡូម៉ែត ដែលត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬ JICA ចាប់តាំងពី ឆ្នាំ២០១៧ មកម្ល៉េះ ដែលនឹងចំណាយថវិកាប្រមាណជា ១,៨៤៣ លានដុល្លារអាមេរិក។ (អានបន្ថែម)

ការបញ្ជាក់បែបនេះ ស្របពេលដែលក្រុមការងារពិសេសមកពីប្រទេសចិនបានមកដល់ភ្នំពេញកន្លងមកដើម្បីសិក្សាប្រពន្ធ័ដឹងជញ្ជូនរថភ្លើងប្រភេទប្រពន្ធ័ដឹងជញ្ជូន monorails។ (អានបន្ថែម)

ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា រដ្ឋាភិបាលបាននិងកំពុងសិក្សាឲ្យមានការបង្កើតគន្លងផ្លូវពិសេសសម្រាប់រថយន្តក្រុងនិងមធ្យោបាយធ្វើដំណើរួមគ្នាឬ (Share Mobility) ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ខណៈកំពុងរង់ចាំប្រព័ន្ធដឹកជញ្ជូនខាងលើនេះ។

តាមការបញ្ជាក់ដដែល ទីក្រុងភ្នំពេញត្រូវការការដឹកជញ្ជូនឲ្យបានលឿន កន្លែងចតឱ្យបានច្រើន និងខ្សែរថយន្តក្រុងឲ្យបានច្រើនថែមទៀត ទើបមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមមធ្យោបាយសាធារណៈ។

បច្ចុប្បន្ននេះ តាមការបញ្ជាក់របស់ឯកឧត្តម ភ្នំពេញគឺមានយានយន្តសរុបប្រមាណជា ១,៨ លានគ្រឿង ដែលក្នុងនោះ ឡានមានរហូតដល់ទៅជាងកន្លះលាន ហើយចំនួនដែលសេសសល់គឺជាកង់បី និងម៉ូតូ។

 

- Video Advertisement -