ខណ្ឌទាំង២នេះ នឹងមានសក្តានុពលខ្លាំងបន្ទាប់ពីខ័ណ្ឌសែនសុខ
សែនសុខនៅតែជាខណ្ឌដែលមានគម្រោងសាងសង់ប្រភេទផ្ទះ និង បុរីច្រើនជាងគេ ដែលគិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ ២០១៩ នេះមាន ៤៥គម្រោងបុរីបានសាងសង់រួចរាល់ហើយ។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia។
ដោយសារតែខណ្ឌសែនសុខនៅជិតក្រុង ធ្វើឲ្យតម្លៃដីនៅទីនោះហក់ឡើងខ្លាំង ក្រុមហ៊ុនជំនាញអចលនទ្រព្យខាងលើបានព្យាករណ៍ថា ខណ្ឌដែលមានសក្ដានុពលបន្ទាប់សម្រាប់គម្រោងសាងសង់ផ្ទះនិងបុរីមាន២ គឺខណ្ឌពោធិ៍សែនជ័យនឹងមានគម្រោងសាងសង់ផ្ទះនិងបុរីថ្មីចំនួន១៥ បន្ទាប់មកគឺខណ្ឌដង្កោចំនួន១៣ គម្រោងនៅពេលអនាគត។
ពោធិ៍សែនជ័យ បច្ចុប្បន្នបានទទួលសក្តានុពលពីផ្លូវលេខ៥១ ជាផ្លូវក្រវាត់ក្រុងពីឧត្ដុង្គមកថ្នល់ទទឹង ធ្វើឲ្យតម្លៃដីនៅទីនោះចាប់ផ្ដើមកម្រើកខ្លាំង ខណៈដែលស្រុកអង្គស្នួលដែលនៅជាប់នឹងខណ្ឌពោធិ៍សែនជ័យ ក៏ចាប់ផ្ដើមមានការពុះដីឡូតិ៍លក់បណ្ដើរៗ។
ចំណែក ខណ្ឌដង្កោកំពុងអភិវឌ្ឍខ្លាំង ស្ថិតនៅក្នុងតំបន់ផ្លូវ៦០ម៉ែត្រ មានគម្រោងផ្សារទំនើបខ្នាតយក្ស ៣ នៅទីនោះ មានដូចជា៖ ផ្សារទំនើបជីប ម៉ុង ផ្សារទំនើប ភី អេច អេកូម៉ល និង ផ្សារទំនើបអ៊ីអន៣។ ថ្វីត្បិតតែខណ្ឌដង្កោមានគម្រោងធំៗប្រមូលផ្តុំគ្នានៅទីនោះ ប៉ុន្តែខណ្ឌមួយនេះនៅមានដីទំនេរច្រើនសម្រាប់ការអភិវឌ្ឍន៍លំនៅឋាន។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទើបបានប្រកាសពីគម្រោងសាងសង់រោងចក្រចម្រោះទឹកកខ្វក់តម្លៃ ២៧លានដុល្លារ ជាគម្រោងលើកទី១មិនធ្លាប់មាននៅរាជធានីភ្នំពេញ ដែលនឹងត្រូវសាងសង់នៅបឹងជើងឯកចុងឆ្នាំ២០២០។ គេជឿថា តាមរយៈគម្រោងធំៗទាំងនេះ នឹងធ្វើឲ្យខណ្ឌដង្កោមានសន្ទុះអភិវឌ្ឍលឿនជាងខណ្ឌដទៃ៕

