ខេត្តកំពតស្វាគមគម្រោងកំពង់ផែថ្មីតម្លៃ ១០លានដុល្លារ

បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់មូលនិធិពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជានឹងសាងសង់កំពង់ផែសមុទ្រថ្មីមួយនៅខេត្តកំពត ដើម្បីធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ និងមានទីតាំងប្រហែល ៦ គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងកំពត ក្នុងឃុំឈុំគ្រៀល ស្រុកទឹកឈូ។

ធនាគារអភិវឌ្ឍន៍អាស៊ីថ្មីៗនេះបានផ្តល់ហិរញ្ញប្បទានចំនួន ១៨លានដុល្លារសម្រាប់ការអភិវឌ្ឍគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីដើមខែតុលា អោយដឹងថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រកំពតថ្មីតែមួយត្រូវចំណាយអស់ប្រហែល ១០លានដុល្លារ។ យោងតាមលោកសយ ស៊ីណុល ដដែល មូលនិធិរបស់ ADB ដែលនៅសល់នឹងត្រូវប្រើប្រាស់ដើម្បីកែលម្អគម្រោងដទៃទៀតនៅក្នុងខេត្តកែប និងកោះកុង។

កំពង់ផែអន្តរជាតិថ្មីនេះនឹងគ្របដណ្តប់លើផ្ទៃដី ៤ហិកតា ហើយការសាងសង់គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩។ លោក សយ ស៊ីណុល បានលើកឡើងថា “ប្លង់មេនៃកំពង់ផែសមុទ្រនេះត្រូវបានរៀបចំដោយជោគជ័យ ដូច្នេះការងារសាងសង់នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ” ។ ទោះជាយ៉ាងណាក៏ដោយលោកមិនអាចបញ្ជាក់ថា ក្រុមហ៊ុនមួយណានឹងត្រូវធ្វើការងារនេះនោះទេ ដោយគ្រាន់តែកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជានឹងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនឯកជន។

ខុសពីកំពង់ផែសមុទ្រអន្តរជាតិដែលមានស្រាប់ កំពង់ផែសមុទ្រកំពតនេះមានជម្រៅ៦ឬ៥ម៉ែត្រនិងត្រូវបានរចនាឡើងជាពិសេសដើម្បីទាក់ទាញទេសចរអន្តរជាតិ។ លោក សយ បានពន្យល់ទៅកាន់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា កំពង់ផែសមុទ្រនេះនឹងជួយសម្រួលចរាចរណ៍ចូលមកកាន់ខេត្តកំពត ខេត្តកែប ខេត្ដព្រះសីហនុ និងខេត្ដកោះកុង។

មន្ទីរទេសចរណ៍ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតឱកាសការងារជាច្រើន។ លើសពីនេះទៀត នៅពេលគម្រោងបញ្ចប់ នឹងមានអ្នកដំណើរកាន់តែច្រើនឡើងចូលមកតាមច្រកកំពង់ផែនេះ។ លោក សយបានចង្អុលបង្ហាញថា “សមត្ថភាពរបស់កំពង់ផែនេះនឹងអាចទទួលអ្នកធ្វើដំណើរកម្សាន្តជាងមួយពាន់នាក់ក្នុងមួយថ្ងៃ និងប្រហែល ១.៥លាននាក់ក្នុងមួយឆ្នាំ” ។

កាសែត Khmer Times បានរាយការណ៍ការលើកឡើងរបស់លោក Eric Sidgwick ប្រធាន ADBប្រចាំប្រទេសកម្ពុជាថា “ការអភិវឌ្ឍចំណតអ្នកដំណើរនេះនឹងជួយទ្រទ្រង់ដល់វិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងដែលមានការកើនឡើង និងជួយបង្កើតច្រកទ្វារថ្មីមួយរវាងប្រទេសកម្ពុជាភាគខាងត្បូង ប្រទេសវៀតណាម និងគោលដៅផ្សេងៗទៀតនៅក្នុងឈូងសមុទ្រថៃ។”

កំពង់ផែសមុទ្រអន្តរជាតិថ្មីនៅភាគខាងត្បូងកម្ពុជានេះ មានបំណងលើកស្ទួយវិស័យទេសចរណ៍និងផ្តល់សក្តានុពលដ៏អស្ចារ្យទាក់ទងនឹងទីផ្សារអចលនទ្រព្យ។ អចលនទ្រព្យនៅកំពតត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងពេលឆាប់ៗបន្ទាប់ពីកំពង់ផែនេះត្រូវបានដាក់ឲ្យដំណើរការពេញលេញ។

លោក ពីង សេរី នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Angkor Real Estate បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា ខេត្តកំពតមានសក្តានុពលយ៉ាងខ្លាំងសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្មដោយសារតែទីតាំងរបស់ខេត្តនេះ ទោះបីជាកន្លងមកខេត្តឆ្នេរសមុទ្រមិនបានទទួលការអភិវឌ្ឍសណ្ឋាគារលំដាប់ថ្នាក់ខ្ពស់ក៏ដោយ។ លោកបានលើកថា “ខ្ញុំរំពឹងថានឹងមានសណ្ឋាគារលំដាប់ផ្កាយប្រាំមួយដើម្បីបម្រើភ្ញៀវទេសចរ​ និងដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវ”។

លោកបន្តថា “តាមដែលខ្ញុំដឹង ក្រុមហ៊ុនអភិវឌ្ឍន៍បរទេសមួយចំនួនមកពីប្រទេសចិន ជប៉ុន និងបារាំងកំពុងស្វែងរកឱកាសអាជីវកម្មផ្សេងៗនៅក្នុងខេត្ត។”

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]

កម្ពុជាទទួលបានគម្រោងជលផលសមុទ្រ​ និង​តំបន់ឆ្នេរប្រកបដោយចីរភាព មានតម្លៃ ៧៣លានដុល្លារ

កម្ពុជា ទទួលបានគម្រោង ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]

វិស័យឯកជនកម្ពុជា-បារាំង នឹងដំណើរការគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

កិច្ចសហការ​ដ៏​មាន​ចក្ខុវិស័យ​មួយ​ពី​កសិដ្ឋាន​ដល់​តុ​អាហ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ជប៉ុនផ្តល់ឥណទាន ១១៩ លានដុល្លារ ជួយគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅខេត្តព្រះសីហនុ

ភាពជាដៃគូហិរញ្ញវត្ថុ រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យ […]