ខេត្តត្បូងឃ្មុំនឹងមានតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តថ្មីមួយកន្លែង ក្នុងពេលឆាប់ៗនេះ
អាជ្ញាធរខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ មេសា កន្លងមកនេះ បានចុះត្រួតពិនិត្យដើម្បីជំរុញពន្លឿនការដ្ឋានសំណង់អគារវេទិការសាលាសំណាក់ ក្នុងគោលបំណងដើម្បីលើកមុខមាត់តំបន់ X-១៦ ឱ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រថ្មីស្រឡាងមួយ។
ការចុះពិនិត្យការដ្ឋាននេះធ្វើឡើងក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីពាកព័ន្ធជាច្រើនរូបទៀត។
បើយោងតាម ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានសម្ភាសន៍ជាមួយសារព័ត៌មានសំណង់ និងអចលនទ្រព្យតាមរយៈតេឡេក្រាមនៅថ្ងៃទី ២៣ មេសា តំបន់ X-១៦ ជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានចេញទៅសុំជំនួយពីប្រទេសវៀតណាមនៅថ្ងៃទី ២០ មិថុនា ១៩៧៧។”
«ចំនុច x-១៦ នេះ គឺសំខាន់ខ្លាំងណាស់ ព្រោះវាជាចំណុចចាប់ផ្តើម រវាងកម្ពុជា និងវៀតណាមផងដែរ។ ចំណែកឯខាងវៀតណាម គេបានសាងសង់ជាសួនច្បារ និង សិលាចរិក ទុកជាការចងចាំប្រវវត្តិសាស្រ្តមួយសម្រាប់ជាតិគេផងដែរ» ឯកឧត្តមបានបន្ត។
និយាយជារួមទៅចំណុច x-១៦នេះទៀតសោត ជាចំណុចចាប់ផ្តើមនៃការផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោយមកក៏បង្កើតឱ្យមានជាចលនារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ហៅថា រណសិរ្ស ២ធ្នូ ១៩៧៨ ហើយរណសិរ្សនេះហើយដែលជាគ្រឹះ ជោគជ័យ ៧មករា ដែលនាំកម្ពុជាទទួលបានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ន និងការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ ឈានដល់ការអភិវឌ្ឍន៍ជាបន្តបន្ទាប់គ្រប់វិស័យ សម្រាប់ជនរួមជាតិទាំងមូល។
«ដូច្នេះ ការកែប្រែតំបន់នេះ ឱ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត នឹងជួយឱ្យកូនចៅជំនាន់ក្រោយទទួលបានការចងចាំពីរឿងរ៉ាវតស៊ូទាំងអស់នេះ» ឯកឧត្តមបានបន្ត។
បើយោងតាមប្រភពដដែល ទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រថ្មីនេះ នឹងរួមមានការកសាងអគារវេទិការសាលាសំណាក់ ផ្លូវ សួនច្បារ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងៗជាច្រើនទៀត។ សម្រាប់អគារវេទិការ គឺគ្រោងនឹងបញ្ចប់ឱ្យបានមុនខែមិថុនានេះ។
គួរបញ្ជាក់ផងដែរថា ក្រោយសាងសង់រួច ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏នឹងផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធីទស្សនកិច្ចសិក្សាហៅថា «គុណធម៍ប្រវត្តិសាស្ត្រ» សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសផងដែរ។




- Video Advertisement -