ខេត្តទាំង៥នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃរហូតជាង៦០លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៣,៥លានដុល្លារអាមេរិក បង្កើតស្ថានីយថាមពលអគ្គិសនី រោងចក្រសូឡា កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រនានាចំនួន ៧កន្លែង ក្នុងភូមិសាស្រ្តខេត្តកណ្តាល កំពង់ធំ ព្រះសីហនុ តាកែវ និងកំពងស្ពឺ។
យោងតាមប្រកាសរបស់ CDC កាលពីថ្ងៃទី ២៣ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៧ រួមមាន៖
១. ក្រុមហ៊ុន ETHAN METAL MANUFACTURE CO., LTD. ដែលវិនិយោគ ៣លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
២. ក្រុមហ៊ុន SOMA ENERGY CO., LTD. ដែលវិនិយោគ ៤,៧លានដុល្លារអាមេរិក បង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ នៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
៣. ក្រុមហ៊ុន SCHNEITEC ALTERNATIVE CO., LTD. ដែលវិនិយោគ ៨,៥លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ អានុភាព២៣មេហ្កាវ៉ាត់ នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៤. ក្រុមហ៊ុន XIN CHENHUI (CAMBODIA) CHEMICAL INDUSTRY CO., LTD. វិនិយោគ ៩,១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតជីវគីមី នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
៥. ក្រុមហ៊ុន SOMA FARM (CAMBODIA) CO., LTD. ដែលបោះទុនវិនិយោគប្រមាណ ១១,១លានដុល្លារអាមេរិក បង្កើតកសិដ្ឋានចិញ្ចឹមសត្វ (មាន់ ទា ជ្រូក…) នៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
៦. ក្រុមហ៊ុន CAMBODIAN XING CAN SHI PIN CO., LTD. ដែលនឹងវិនិយោគ ១១,២លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) នៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
៧. ក្រុមហ៊ុន CAMBODIAN A1 STEEL INDUSTRY CO., LTD. ដែលនឹងវិនយោគ ១៥,៩លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ នៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង៤ ខាងលើនេះ នឹងផ្តល់ការងារចំនួន ៧១៣កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។
គួរជម្រាបដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក៕
- Video Advertisement -