ខេត្តបន្ទាយមានជ័យ គ្រោងនឹងផលិតថាមពលសូឡា ៣០MW នៅខែ តុលា នេះ
ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ឬថាមពលសូឡា អានុភាព ៣០ មេហ្គាវ៉ាត នៅខេត្តបន្ទាយមានជ័យ គ្រោងបញ្ចេញថាមពលនៅមុនបំណាច់ឆ្នាំនេះ ដើម្បីផ្គត់ផ្គង់ថាមពល ដែលកំពុងមានតម្រូវការថាមពលកើនឡើង ខណៈខេត្តនេះ មានការវិនិយោគកើនឡើងគួរឲ្យកត់សម្គាល់។
“ថ្មីៗនេះ គម្រោងគេហៅថា ថាមពលដើរដោយពន្លឺព្រះអាទិត្យ មាន ៣០ មេហ្កាវ៉ាត់ កំពុងតែដំណើរការសាងសង់។”
នេះជាការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៤ មិថុនា។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា “បច្ចុប្បន្ន តម្រូវការប្រើប្រាស់ថាមពលក្នុងខេត្ត ប្រមាណ ១០០ មេហ្គាវ៉ាត ពីបណ្តាញជាតិ ហើយការបញ្ចេញថាមពលពីស្ថានីយថាមពលសូឡា នឹងរួមចំណែកកាត់បន្ថយការនាំចូលថាមពលពីប្រទេសជិតខាង ថៃ។”
លោកអភិបាលខេត្ត មានប្រសាសន៍ថា៖ “ហើយតាមកិច្ចសន្យា ក្នុងខែ តុលា នេះ គម្រោងនេះ នឹងផលិតផលលក់ភ្លើងឱ្យបាន លក់ទៅ អគ្គិសនីកម្ពុជា…ដើម្បីប្រើប្រាស់ក្នុងខេត្តបន្ទាយមានជ័យ ក្នុងចំណោម ១០០ មេហ្កាវ៉ាត់នេះ ដែលយើងមាន ៣០ មេហ្កាវ៉ាត់រួចហើយ។”
មានទីតាំងស្ថិតនៅ ស្រុកសេរីសោភ័ណ ស្ថានីយ៍ថាមពល ៣០មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន Ray Power Supply Co Ltd ដោយទុនវិនិយោគសរុប ២៨, ៨ លានដុល្លារ។ គម្រោងនេះត្រូវបានគណៈរដ្ឋមន្រ្តីអនុម័ត កាលពីខែកក្កដា ឆ្នាំ២០១៩កន្លងទៅ។
លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល ថ្លែងប្រាប់ទស្សនាវដ្តី៍សំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី៤ មិថុនា នេះថា
“ការផ្គត់ផ្គង់អគ្គិសនីតាមរយៈគោលនយោបាយថាមពលរបស់រាជរដ្ឋាភិបាល គឺគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ថាមពល ទាំងប្រជាពលរដ្ឋទូទៅ និងការវិនិយោគ។
លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “ជាការពិត ក្រុងប៉ោយប៉ែត មានការកើនឡើងខ្លាំងខាងវិនិយោគ តែទោះជាយ៉ាងណា ការផ្គត់ផ្គង់ថាមពល គ្រប់គ្រាន់ ដោយសារយើងមានប្រភពថាមពល ច្រើនប្រភព…”។
“ហើយយើងសង្ឃឹមថា នឹងមានវិនិយោគបន្ថែមទៀត។ ដើម្បីធ្វើម៉េចឱ្យខេត្តបន្ទាយមានជ័យ អាចមានលទ្ធភាពផលិតថាមពលសម្រាប់ប្រើប្រាស់ដោយខ្លួនឯងតែម្តង មិនចាំបាច់យកពីប្រភពផ្សេង” អភិបាលខេត្តបញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ មានសេវាករ ២៣ ដែលមានអាជ្ញាបណ្ណផ្តល់សេវាអគ្គិសនីនៅទូទាំងខេត្ត។
បញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តបន្ទាយមានប្រជាជនចំនួន ១៩១ ០០០ គ្រួសារ ដែលរស់ក្នុង ៦៥៨ ភូមិ ក្នុងចំណោមនោះ នៅសល់តែ ១៣ ភូមិទេ ដែលនៅមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់ផ្ទះប្រជាពលរដ្ឋនៅឡើយ។ ទោះយ៉ាងណាក្តី ក្នុង ១៣ (២% នៃទូទាំងខេត្ត) ភូមិនោះ កំពុងដំណើរការសាងសង់បង្គោលភ្លើង និងតភ្ជាប់បណ្តាញជាតិជាបណ្តើរៗហើយ ហើយភូមិខ្លះ មានភ្លើងប្រើប្រាស់រួចស្រេចហើយ៕
(អានបន្ថែម)

- Video Advertisement -