ខេត្តព្រះសីហនុត្រូវការថវិកា២៥លានដុល្លារអាមេរិកដើម្បីកសាងប្រពន្ធ័លូរំដោះទឹកភ្លៀង
ដើម្បីបញ្ជៀសការលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំង ខេត្តព្រះសីហនុ នឹងត្រូវការថវិកាប្រមាណជា ២៥ លានដុល្លារអាមេរិក ដើម្បីកសាងប្រពន្ធ័លូរំដោះទឹកភ្លៀង ពោលគឺប្រឡាយរំដោះទឹក នេះបើយោងតាមលទ្ធផលនៃការសិក្សាផែនការមេ។ លទ្ធផលនេះត្រូវបានបង្ហាញក្នុងសិក្ខាសាលាស្តីពីលទ្ធផលនៃការសិក្សាលទ្ធភាពនៃគម្រោងផែនការមេ សម្រាប់គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២៣ ខែ សីហា។
ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផែនការអភិវឌ្ឍប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រពន្ធ័រំដោះទឹកភ្លៀងដំណាក់កាលទីមួយ (២០១៩ ដល់២០២១) នឹងត្រូវចំណាយថវិការប្រមាណជា ១៧០ លានដុល្លារអាមេរិក។ (អានបន្ថែម)
ដោយឡែកចំពោះ ប្រពន្ធ័រំដោះទឹកភ្លៀងវិញ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ប្រពន្ធ័លូរំដោះទឹកភ្លៀង រដ្ឋាភិបាលត្រូវសាងសង់លូប្រវែង២០គីឡូម៉ែត្រ ហើយនឹងត្រូវប្រើប្រាស់ថវិកាប្រមាណជា ២៥ លានដុល្លារអាមេរិក។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ ខេត្តព្រះសីហនុបានទទួលរងការលិចលង់ទឹកយ៉ាងខ្លាំងនៅតាមតំបន់នានា ដោយសារបញ្ហាមួយចំនួនដូចជា ការរំលោភបំពានប្រឡាយអូរ កំណើនបរិមាណទឹកភ្លៀង និងបញ្ហាមួយចំនួនទៀត ដែលបានរារាំងការរំដោះទឹកក្នុងក្រុង (អានបន្ថែម)
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ដែរថា ក្រុមការងាររដ្ឋបាលខេត្តកំពុងធ្វើការកាប់កាយស្តារឡើងវិញ តែក៏មិនរឹតបណ្តឹង ព្រោះកន្លែងខ្លះ ប្រជាពលរដ្ឋបានតាំងទីលំនៅនៅទីនោះរួចទៅហើយ។
ឯកឧត្តម គួច ចំរើន ថ្លែងថា៖ «ការដោះស្រាយរបស់យើងក៏ត្រូវពិនិត្យទៅលើស្ថានភាពជាក់ស្តែង ពិនិត្យទៅលើជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលផ្តើមចេញពីស្ថានភាពបែបនេះ យើងខ្ញុំក៏បានធ្វើការពិចារណា ដើម្បីរកវិធីដោះស្រាយដោយរបៀបណា ដើម្បីអាចទទួលយកបានទាំងអស់គ្នា»។
តាមការបញ្ជាក់របស់ឯកឧត្តម ប្រជាពលរដ្ឋដែលរស់នៅលើអូរប្រឡាយគឺមានជាង ២០០ គ្រួសារ ដែលគិតមកដល់ត្រឹមពេលនេះ គឺមានត្រឹម១១គ្រួសារប៉ុណ្ណោះ ដែលបានស្ម័គ្រចិត្តផ្តិតមេដៃដើម្បីសុំចាក់ចេញទៅកាន់ទីលំនៅផ្សេង ហើយទីលំនៅផ្សេងនោះ កំពុងស្ថិតក្នុងដំណាក់កាលនៃការសិក្សានៅឡើយ។
គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នកំណើនប្រជាជនក្នុងខេត្តមានរហូតដល់ទៅជាង ៣០០០០០ នាក់។
- Video Advertisement -