ខេត្តព្រះសីហនុ ទទួលការវិនិយោគសរុប១០ ពាន់លានដុល្លារ លើវិស័យទេសចរណ៍ និងសណ្ឋាគារ
ខេត្តព្រះសីហនុ ទទួលបានការវិនិយោគសរុប ១០ ពាន់លានដុល្លារអាមេរិក លើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១០ មិថុនា ២០២០នេះ។
បច្ចុប្បន្ន ខេត្តព្រះសីហនុ មានគម្រោងវិនិយោគកំពុងដំណើរការដល់ទៅ ១៩៤ គម្រោង ស្មើនឹងទឹកប្រាក់វិនិយោគសរុបចំនួន ៣០ ពាន់លានដុល្លាររ។ ក្នុងនោះ គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ មានចំនួន ៦០ គម្រោង ដែលមានចំនួនទុនវិនិយោគសរុប ១០ ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ថា ការពង្រីកសក្តានុពលក្នុងខេត្ត ធ្វើឡើងក្នុងគោលដៅចង់ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់ខេត្តនេះ។
ឯកឧត្តម បានមានប្រសាសន៍ថា៖ «កាលពីមុននេះ គឺនៅកម្ពុជាយើង ពិតជាខ្សត់ណាស់នូវអ្នកវិនិយោគ និងអ្នកទេសចរ។ អញ្ចឹងហើយយើងខំប្រឹង ធ្វើការអំពាវនាវឲ្យគេមក ព្រោះសេដ្ឋកិច្ចគឺជាការផ្សារភ្ជាប់ជាមួយផ្នែកទេសចរ។ យើងក៏ដឹងថា ចិនជាមហាអំណាចទី២ នៅលើពិភពលោក។ នៅក្នុងអាស៊ី ចិនជាប្រទេស ដែលធំជាងគេ ជាប្រទេសដែលមានប្រជាជនច្រើនជាងគេ មានលុយច្រើនជាងគេ។ វាជាគោលដៅមិនថាកម្ពុជា ឬក៏ប្រទេសណាទេ គឺយើងតែងចង់បានវិនិយោគ និងទេសចរមកពីប្រទេសហ្នឹង។»
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ឧសភា ២០២០កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាគម្រោងអភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រដើម្បីបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណៈ និងជាការលើកកម្ពស់វិស័យទេសចរផងដែរ៕
(អានបន្ថែម)

