គន្លឹះនិងវិធីសាស្រ្តងាយៗដើម្បីចេះវាយតម្លៃអចលទ្រព្យដោយខ្លួនឯង
អ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេតែងតែត្រូវប៉ាន់ដីជាហូរហែររហូតមក? ហើយយើងទិញមិនដែលត្រូវនឹងគេសោះ!! ពេលខ្លះទៀតធ្វើនំអត់ម្សៅផងក៏ចំណេញដែរ? ហេតុអ្វីបានជាគេរើសកន្លែងវិនិយោគហើយលក់វិញបានថ្លៃរហូត?
ចំលើយគឺថា គេដឹងពីវិធីសាស្រ្តនិងរបៀបវាយតម្លៃអចលនទ្រព្យយ៉ាងជាក់លាក់។ ប៉ុន្តែកុំទាន់អាលអស់សង្ឃឹម វិធីសាស្រ្តវាយតម្លៃអចលនទ្រព្យមិនមែនជារឿងដែលពិបាកនិងស្មុគស្មាញដូចដែលអ្នកធ្លាប់បានគិតកន្លងមកនោះទេ ផ្ទុយទៅវិញវាជារឿងសាមញ្ញនិងងាយស្រួលបំផុត។
លោក សន សៀប ដែលជាស្ថាបនិក និងជានាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានចែករំលែកវិធីសាស្ត្រ ៥ យ៉ាងក្នុងការវាយតម្លៃអចលនទ្រព្យ។
១) រូបមន្តប្រៀបធៀប
នេះគឺជាវិធីសាស្រ្តងាយស្រួលបំផុតដើម្បីវាយតម្លៃអចលនទ្រព្យ។ ឧទាហរណ៍ប្រសិនបើអ្នកចង់ទិញដីណាមួយ អ្នកគ្រាន់តែប្រៀបធៀបតំលៃដីដែលនៅនៅក្បែរនោះ ហើយយកមកវិភាគថាខុសត្រូវគ្នាប៉ុន្មាន គួរតែទិញឬមិនទិញ។
២) រូបមន្តវិនិយោគ
វាគឺជាវិធីសាស្រ្តគណនាប្រាក់ចំណូលដែលអចលនទ្រព្យអាចនឹងផ្ដល់ឲ្យយើង ប្រសិនបើអ្នកសម្រេចចិត្តវិនិយោគនៅក្នុងអចលនទ្រព្យមួយនោះ។ ក្នុងបរិបទនេះ ប្រាក់ចំណូលមានពីរប្រភេទ ទី១ គឺប្រាក់ចំណូលពីការជួលអចលនទ្រព្យនោះ និង ទី២ អត្រាការកើនឡើងនៃតម្លៃអចលនទ្រព្យ។ ដើម្បីវិភាគរកអត្រានៃការកើនឡើងនៃតម្លៃអចលនទ្រព្យ យើងត្រូវសិក្សាពីអត្រានៃការកើនឡើងតម្លៃអចលនជាមធ្យមរបស់អចលនទ្រព្យក្នុងតំបន់នោះ ហើយយកមកប្រៀបធៀបនឹងអចលនទ្រព្យរបស់ខ្លួន។ បន្ទាប់មក គឺយកអត្រាការកើនឡើងនេះមកបូកចំណូលពីការជួលអចលនទ្រព្យជាមធ្យម យើងនឹងរកឃើញប្រាក់ចំណូលជាមធ្យមដែលយើងនឹងបានពីការវិនិយោគ។
៣) ) រូបមន្តថ្លៃដើម
វិធីសាស្រ្តនេះគឺជារបៀបគណនាតម្លៃអចលនទ្រព្យ ដោយបូកតម្លៃដី និងតម្លៃសំណង់ដែលបានសាងសង់ ហើយដកនឹងតម្លៃរំលស់នៃសំណង់។ តម្លៃរំលស់នៃសំណង់គឺថា បើអគារកាន់តែចាស់តម្លៃរំលស់នៃសំណង់គឺកាន់តែច្រើន។ វិធីសាស្រ្តនេះអាចជួយអ្នកឲ្យរកឃើញពីតម្លៃពិតនៃដី។
៤) ) រូបមន្តវិភាគកាកសំណល់
វាគឺជាវិធីសាស្រ្តដ៏ស្មុគស្មាញមួយ ដែលគេប្រើប្រាស់ដើម្បីយកមកពិចារណា ថាតើគួរតែទិញដីនេះយកមកអភិវឌ្ឍលើគម្រោងណាមួយបានដែរឬទេ។ ឧទាហរណ៍ប្រសិនបើយើងចង់ទិញដីដើម្បីសង់ផ្ទះ ១០ខ្នង ហើយលក់មួយខ្នងៗក្នុងតម្លៃ ១០ ម៉ឺនដុល្លារ បើលក់អស់យើងនឹងបានប្រាក់ចំណូលសរុបចំនួន ១លានដុល្លារ។ យើងត្រូវយកចំណូល ១លានដុល្លានេះ មកដកនឹងចំណាយក្នុងការសាងសង់ទាំងអស់ដែលជាថ្លៃដើម។ លទ្ធផលគឺជាតំលៃដី ឧទាហរណ៏ថាសល់ ១៥ ម៉ឺនដុល្លារ ហើយបើវាទាបជាងតម្លៃទីផ្សារ គឺមានន័យថាដីនេះយកមកអភិវឌ្ឍជាគម្រោងសង់ផ្ទះ ១០ខ្នង មិនចំណេញទេ។
៥) រូបមន្តគណនាប្រាក់ចំណូល
វាស្រដៀងនឹងរូបមន្តវិនិយោគដែរ តែរូបមន្តនេះគេយកមកវាយតំលៃលើអចលនទ្រព្យដែលកំពុងត្រូវបានប្រើធ្វើអាជីវកម្មឧទាហរណ៍ទីលានវាយកូនហ្គោល ចំណតរថយន្ត ហាងជាដើម។ យើងត្រូវវិភាគថាអាជីវកម្មនេះអាចរកបានប្រាក់ចំណូលប៉ុន្មាន បើប្រាក់ចំណូលខ្ពស់តម្លៃដីក៏ខ្ពស់ដែរ។
អ្នកអាចជ្រើសរើសប្រើវិធីណាមួយមកប្រើប្រាស់ក៏បានអាស្រ័យលើស្ថានភាពរបស់អចលនទ្រព្យដែលអ្នកចង់វាយតម្លៃ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងការវាយតម្លៃយ៉ាងស៊ីជម្រៅអ្នកគួរតែរកអ្នកជំនាញឲ្យមកវាយតម្លៃដើម្បីជៀសវាងហានិភ័យនៃការវិនិយោគ។

លោក សន សៀប ដែលជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា
- Video Advertisement -