គម្រោងកែលម្អផ្លូវជាតិលេខ៥ ភាគខាងជើង សម្រេចបាន ៨០ ភាគរយហើយ

គម្រោងធ្វើឱ្យប្រសើរឡើងនៃផ្លូវជាតិលេខ៥ ឬផ្លូវអាស៊ានហាយវេលេខ១ កំណត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ ) សម្រេចបាន ៨០.០២% ហើយ។ ដោយឡែកកំណាត់ផ្លូវភាគកណ្ដាលភ្ជាប់ធ្លាម្អមដល់បាត់ដំបង សម្រេចបាន ១៤.៩០% និងភាគខាងត្បូងចាប់ពីព្រែកក្តាម ដល់ធ្លាម្អម សម្រេចបាន ២៣.៩០% គិតត្រឹមថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ នេះ។

នេះបើតាមការបញ្ជាក់ជាផ្លូវការរបស់ផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ នេះ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ដែលភ្ជាប់រាជធានីភ្នំពេញទៅតំបន់ជាយដែនប៉ែកខាងលិចប្រទេស លាតសន្ធឹងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ៥00 លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ គម្រោងស្ថាបនានេះ ត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែកខាងត្បូង ដោយពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២ គន្លងទៅ ៤ គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។ (អានបន្ថែម)

ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ ថាការស្ថាបនាផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា «កំណាត់ផ្លូវជាតិនេះជាផ្លូវ អាស៊ាន ហាយវេលេខ១ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកប ដោយសក្តានុពលខ្ពស់ សម្រាប់ បម្រើ វិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន» ។

គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប៨៤.៧៤គីឡូម៉ែត្រ។ ចំណែកគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥នៃភាគកណ្តាល គឺចាប់ពីធ្លាម្អមដល់បាត់ដំបងមានប្រវែងសរុប១៤៦.០៤គីឡូម៉ែត្រមានទទឹងប្រវែង២៣ម៉ែត្រ។ ចំពោះ ភាគខាងត្បូង កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែងសរុប១៣៥.២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤.២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧.៤៥គីឡូម៉ែត្រ។

ក្រសួងសាធារណៈការបានបញ្ជាក់ថា ថ្វីត្បិតថាពិភពលោក និងកម្ពុជា កំពុងប្រឈមការឆ្លងរីករាលដាលមេរោគកូវីដ១៩ មែនក៏ដោយ តែគម្រោងស្ថាបនាផ្លូវជាតិលេខ៥ នេះ នៅតែបន្តដំណើរទៅមុខយ៉ាងរលូនដដែល។ ការរក្សាបាននូវវឌ្ឍនភាពនេះ ដោយសារតែក្រុមប្រតិបត្តិការសាងសង់ រួមមានអង្គភាពគ្រប់គ្រង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្បួនអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានបន្ថែមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីការពារទប់ស្កាត់ និងការបង្ការការឆ្លងរីករាលដាលមេរោគCOVID-១៩៕

រូបថត៖ MPWT’s facebook page

 

- Video Advertisement -