គម្រោងណាហ្គា៣តម្លៃ៤ពាន់លានដុល្លារអាមេរិកនឹងចាប់ផ្តើមសាងសង់ក្នុងខែកញ្ញា
ក្រុមហ៊ុន NagaCorp Ltd ដែលបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង បានប្រកាសគម្រោងចាប់ផ្តើមសាងសង់គម្រោងទី៣របស់ខ្លួននៅលើទឹកដីអតីតអគារប៊ូលឌីងចាស់ក្នុងរាជធានីភ្នំពេញនៅខែកញ្ញាខាងមុខនេះ ដោយអះអាងថា គម្រោងនេះនឹងទាក់ទាញការវិនិយោគបន្ថែមទៀតចូលទៅក្នុងទីក្រុង។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Bloomberg នៅថ្ងៃទី ២៣ ខែកក្កដា លោក Timothy McNally ប្រធានក្រុមហ៊ុន NagaCorp Ltd បានឱ្យដឹងថា ការសាងសង់អគារកម្សាន្តចម្រុះណាហ្គា ៣ នៅភូមិ ១ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញនឹងត្រូវចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ។
លោកថ្លែងថា៖ « យើងមានកិច្ចប្រជុំEGM[extraordinary general meeting ឬកិច្ចប្រជុំវិសាមញ្ញ] នៅថ្ងៃទី ៨ ខែសីហាដើម្បីសង្ខេប និងទទួលបានការយល់ស្របពីម្ចាស់ភាគហ៊ុន…បន្ទាប់ពីនោះមក យើងសង្ឃឹមថានឹងចាប់ផ្តើមការសាងសង់នៅចុងខែកញ្ញា ឬដើមខែតុលា»។
គម្រោងណាហ្គា ៣ គឺជាអគារកំសាន្តចម្រុះដែលរួមបញ្ចូល អគារកម្ពស់ ៦៥ ជាន់ចំនួន២អគារ អគារកម្ពស់ ៤៥ ជាន់ចំនួន២អគារ ខុនដូបែបសណ្ឋាគារ សួនកំសាន្តឌីជីថល កន្លែងស្ប៉ា ក្លឹបរាត្រី ផ្សារទំនើប បន្ទប់សណ្ឋាគារចំនួន និងកន្លែងជាច្រើនទៀតដោយប្រើប្រាស់ទុនវិនិយោគប្រមាណជា ៣ ទៅ ៤ ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម)
តាមការបញ្ជាក់របស់លោក McNally ទុនវិនិយោគសម្រាប់គម្រោងដ៏ធំមួយនេះ គឺបានមកពីក្រុមហ៊ុនផ្ទាល់ចំនួន ៥០ ភាគរយ និងពីម្ចាស់ភាគហ៊ុនគ្រប់គ្រង(controlling shareholder) ចំនួន ៥០ ភាគរយ។
បន្ថែមពីលើការចូលរួមចំណែកក្នុងការបំពេញតម្រូវការក្នុងវិស័យទេសចរណ៍ លោក McNally បានលើកឡើងថា គម្រោងនេះនឹងជួយទាក់ទាញការវិនិយោគបន្ថែមទៀតសម្រាប់ទីក្រុងភ្នំពេញ។
លោកថ្លែងថា៖ «ជាមួយនឹងការបើកគម្រោងណាហ្គា២ នៅឆ្នាំ ២០១៧នោះ គឺពិតជាមានការផ្លាស់ប្តូរព្រឹត្តិការណ៍មួយ [ការវិនិយោគ] វាបានទាក់ទាញអ្នកវិនិយោគលំដាប់ខ្ពស់ជាច្រើនទាំងនៅជុំវិញតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាម៉ាកាវ» ហើយលោកបន្ថែមថា«ទីផ្សារដ៏ធំល្វឹងល្វើយមួយនេះនៅតែបន្តកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍ … វានឹងអញ្ជើញឲ្យមានការធ្វើអាជីវកម្មជាច្រើនទៀតមករាជធានីភ្នំពេញ»។
លោក McNally សង្កត់បន្ថែមថា៖ «បច្ចុប្បន្ននេះមានច្រើនជាង ២ លាននាក់ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៣ លាននាក់ [ប្រជាជននៅរាជធានីភ្នំពេញ] ដូច្នេះ ខ្ញុំគិតថាកំណើនរបស់យើងគឺស្របទៅនឹងប្រទេសកម្ពុជាក៏ដូចជាការរួមចំណែកយ៉ាងធំធេងដល់បរិយាកាសទីក្រុងនៅរាជធានីភ្នំពេញ»។
- Video Advertisement -