គម្រោងទីក្រុងឆ្លាតវៃ ៦០០ពាន់លានដុល្លារ នៅកោះកុង មិនទាន់មានការដឹងលឺពីរដ្ឋបាលខេត្តទេ

ក្រុមហ៊ុន Bilderberg Investment Groupកាលពីថ្មីៗនេះ ប្រកាសថា ខ្លួនគ្រោងនឹងវិនិយោគ ៦០០ពាន់លានដុល្លារ ដើម្បីបង្កើតទីក្រុងឆ្លាតវៃលើដី ១២ ម៉ឺនហិកតា នៅខេត្តកោះកុង ប៉ុន្តែអាជ្ញាធរខេត្ត បញ្ជាក់ថា មិនទាន់ទទួលព័ត៌មានពីក្រុមហ៊ុនទាក់ទងនឹងគម្រោងវិនិយោគនេះ នៅឡើយទេ។

ក្រុមហ៊ុនបានប្រកាសគម្រោងនេះទៅកាន់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុន ដែលឱ្យឈ្មោះគម្រោងនេះ ថា «អនាគត» ឬ AHNAKOT ដែលជាគម្រោងអភិវឌ្ឍចម្រុះខ្នាតយក្ស។

យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មាន ក្រុមហ៊ុនមិនបានបញ្ជាក់ពីទីតាំងវិនិយោគ វិញ្ញាបនបត្រវិនិយោគ ឬកាលបរិច្ឆេទវិនិយោគនោះទេ។

ជុំវិញការប្រកាសនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងកាលពីថ្ងៃទី៨ កុម្ភៈនេះ ថា រដ្ឋបាលខេត្តមិនទាន់ទទួលបានព័ត៌មានណាមួយពីខាងក្រុមហ៊ុននេះទេ។

បើតាមការឯកសាររបស់ក្រុមហ៊ុន ទឹកប្រាក់វិនិយោគ ៦០០ពាន់លានដុល្លារនេះ គឺច្រើនស្ទើមិនគួរឱ្យជឿ ឬស្មើនឹងជិត ២៤ ដងនៃទំហំសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ ដែលមានត្រឹមជាង ២៥ពាន់លានដុល្លារប៉ុណ្ណោះ។

- Video Advertisement -