គម្រោងបង្កើតឆ្នេរខ្សាច់កម្រិតខ្ពស់ប្រវែង ២,៧០០ម៉ែត្រ នៅខេត្តកែប បើកការដ្ឋានជាផ្លូវការហើយ
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) បានបើកការដ្ឋានគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ជាផ្លូវការហើយ។ នេះបើយោងតាមរដ្ឋបាលខេត្ត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកែប បានឲ្យដឹងបន្ថែមថា ការអនុវត្តគម្រោងនឹងចាប់ផ្តើមដោយការចាក់បំពេញអាចម៍ដីប្រវែង ២,៧០០ម៉ែត្រ និងមានការប្រើប្រាស់រថយន្តប្រភេទបែនភ្លៅបួនចំនួន២០០គ្រឿង ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់គ្រប់ប្រភេទចូលទីតាំង។
ហេតុនេះ រដ្ឋបាលខេត្តកែប បានបង្វែរទិសធ្វើចរាចរណ៍ចំពោះយាន្តយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ចំណុច គ.ម០០+០០០ ដល់ គ.ម០៦+០០០ ទិសចូលពីរង្វង់មូលសេះស-រង្វង់មូលព្រះវិស្ណុការ នៅលើផ្លូវជាតិលេខ៣៣អា ទិសដៅដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍។
គួរបញ្ជាក់ថា គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ជាកិច្ចសហការរវាងរដ្ឋនិងឯកជន ដោយនឹងប្ដូរមុខមាត់ឆ្នេរភក់ប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ដែលស្ថិតក្នុងភូមិថ្មីនៃក្រុងកែប ទៅជាឆ្នេរខ្សាច់ស្ដង់ដា។
គម្រោងត្រូវបានអនុវត្តកាលពីខែសីហា កន្លងទៅ ដោយនឹងរួមមានរៀបចំកែលម្អឆ្នេរដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ក៏ដូចជារៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាដើម។ (អានបន្ថែម)

