គម្រោងផ្សារទំនើបទាំង ៤ របស់ Chip Mong តម្លៃជាង ៥០០លានដុល្លារ នៅតែបន្តដោយរលូន
ក្រុមហ៊ុន ជីប ម៉ុង រីថេល (Chip Mong Retail) អះអាងថា ការដ្ឋានសាងសង់ផ្សារទំនើបចំនួន ៤ របស់ខ្លួន ក្រោមទុនវិនិយោគ ៥០០ លានដុល្លារអាមេរិក នៅតែបន្ដដោយរលូន ហើយគ្រោងបញ្ចប់តាមផែនការ ទោះបីវិបត្តិកូវីដ១៩ នៅតែបន្តក្ដី។
ប្រធានក្រុមហ៊ុនជីប ម៉ុង រីថេល លោក Arnaud Dufresne បានពន្យល់ថា មូលហេតុនៃភាពរឹងមាំនេះ គឺដោយសារតែ ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនធំ និងមានភាពនឹងនរផ្នែកហិរញ្ញវត្ថុ ឬអាចនិយាយបានថា ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ ១៩៨២ មកម្ល៉េះ។
លោក Arnaud បានឱ្យដឹងថា៖ «ទោះមានវិបតិ្តកូវីដក្ដី យើងសម្លឹងឃើញឱកាសវែងឆ្ងាយ។ យើងមានអតិថិជនសក្តានុពលប្រហែល ៣លាននាក់ ដែលនឹងមកប្រើសេវាផ្សារទំនើបរបស់យើង។ ភាគច្រើននៃអតិថិជនទាំងនោះ គឺមនុស្សជំនាន់ថ្មី ដែលមានតម្រូវខ្ពស់លើវិស័យនេះ»។
តាមផែនការ ក្រុមហ៊ុននឹងបើកដំណើរការផ្សារទំនើបជីបម៉ុង សែន សុខ នៅក្នុងឆ្នាំនេះ។ ហើយនៅឆ្នាំក្រោយ នឹងបើកដំណើរការផ្សារជីបម៉ុង ២៧១ មេហ្គាម៉ល និងផ្សារសហគមន៍ជីប ម៉ុង ៥៩៨។
លោក Arnaud ពន្យល់ថា៖ «ភាពខ្លាំងរបស់ផ្សារទំនើបជីប ម៉ុង គឺការចេះទាញយកប្រយោជន៍ពីអាជីវកម្មនានាដែលជីប ម៉ុង គ្រុប មានស្រាប់មកច្របាច់បញ្ចូលគ្នា និងប្រើដើម្បីបង្កើតឱកាស និងសក្ដានុពោលឱ្យកាន់តែខ្លាំង»។
«ឧទាហរណ៍ ការបើកផ្សារទំនើបរបស់យើង ភាគច្រើននៅជិត ឬនៅក្នុងគម្រោងបូរីរបស់ជីប ម៉ុង។ នេះគឺជាការបំពេញឱ្យគ្នាទៅវិញទៅមកនៃតម្រូវការរបស់អតិថិជនរបស់ Chip Mong Land និង Chip Mong Retail។ លើសពីនេះ ទុនដែលប្រើប្រាស់សាងសង់ផ្សារទំនើប ក៏បានមកពី Chip Mong Bank ផងដែរ ដែលជាកត្តាជួយជំរុញរំហូរសាច់ប្រាក់មួយកម្រិតទៀត» លោកបានបន្ដ។
យ៉ាងណាមិញ ការឌីហ្សាញ ឬរចនា របស់ផ្សារទំនើបជីប ម៉ុង គឺមានច្រើនប្រភេទ និងកម្រិត ពោលគឺដើម្បីបង្កើតបទពិសោធន៍ប្លែកៗ និងឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។
ទាក់ទិននឹងទីផ្សារជារួមវិញ លោក Arnaud នៅតែមានសុទិដ្ឋិនិយមថា តម្រូវការគឺនៅតែមាន ទោះវិបត្តិកូវីដកំពុងវាយលុកក្ដី។
«កម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុកក៏កើនឡើង ដែលជាកត្តាធ្វើឱ្យចំណូលប្រជាជនកើនឡើង។ ដូច្នេះ ក្រោយកូវីដតម្រូវការនឹងហក់ឡើងវិញជាមិនខាន» លោក Arnaud ពន្យល់។

- Video Advertisement -