គម្រោងសួនឧស្សាហកម្មទំហំ ៥០០ ហិកតា ខេត្តកំពង់ស្ពឺ ជាដង្ហើមសេដ្ឋកិច្ចមួយក្រោយវិបត្តិកូវីដ
គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ មានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ នឹងក្លាយជាដង្ហើមសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ ១៩ បញ្ចប់ទៅ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ថ្លែងប្រាប់ទស្សនាវដ្ដី និងអចលនទ្រព្យ កាលពីថ្ងៃទី ២៥ មិថុនា ២០២០ ថា គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ នេះ គឺជាសក្ដានុពលសេដ្ឋកិច្ចដ៏ល្អមួយ ព្រោះគម្រោងនេះអាចកៀរគររោងចក្រចេញពីទីក្រុង ដើម្បីទុកដីអភិវឌ្ឍន៍អគារខ្ពស់ៗ ដែលមានលក្ខណៈជាអគារពាណិជ្ជកម្មបាន។
លោកបានបន្ថែមថា៖ «គម្រោងនេះ អាចផ្ដល់ឱកាសក្នុងការពង្រីក និងអភិវឌ្ឍន៍ សម្រាប់តំបន់ទីរួមខេត្តកំពង់ស្ពឺពីចន្លោះផ្លូវ ៥១ និង ៤៤ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសគម្រោង ៥០០ ហិកតា គម្រោង ១ម៉ឺន ហិកតា និងគម្រោងផ្សេងៗ ដែលនឹងអនុម័តដោយ CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) ដែលផ្ដល់ឱកាសដល់រោងចក្រ និងសហគ្រាសផ្សេងៗទៀត…។ ហើយតំបន់នេះនឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ ដូចផ្លូវវេងស្រេង កាលពី បី ទៅ ប្រាំឆ្នាំមុនអញ្ចឹង វានឹងចាប់ផ្ដើមរីកចម្រើនបន្ដិចម្ដងៗនៅតំបន់ទាំងអស់ហ្នឹង។»
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Khmer Times អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែអភិវឌ្ឍគម្រោងសួនឧស្សាហកម្ម នៅខេត្តកំពង់ស្ពឺ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥១ ហើយក៏កំពុងស្វែងរកដៃគូសហការជាមួយក្រុមហ៊ុនចិនធំមួយដែលមានឯកទេសខាងគ្រឿងម៉ាស៊ីនសំណង់ដើម្បីបង្កើតរោងចក្រនៅតំបន់នោះ។បច្ចុប្បន្ន គម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលចរចានៅឡើយ។
អ្នកឧកញ៉ា បានបន្ថែមថា ក្រុមហ៊ុនបានចំណាយទុនប្រមាណ ២០ លានដុល្លារសម្រាប់ទិញដី និង១០ លានដុល្លារទៀត សម្រាប់ការអនុវត្តការងារបឋមដូចជា ការចាក់បំពេញដីនិងរៀបចំប្រព័ន្ធលូទឹកភ្លើង ជាដើម។ សម្រាប់ការចំណាយទឹកប្រាក់ប្រមាណ ៣០ លានដុល្លារនេះ ក្រុមហ៊ុនរំពឹងថាអាចចាប់ផ្តើមគម្រោង ក៏ដូចជា ទាក់ទាញវិនិយោគិន ឲ្យមកវិនិយោគលើសួនឧស្សាហកម្មនេះ។
ថ្វីត្បិតតែមានការលំបាកក្នុងការស្វែងរកវិនិយោគិនចិន មកវិនិយោគក៏ដោយ រហូតមកដល់ពេលនេះមាន ក្រុមហ៊ុនបរទេស ៤ ទៅ ៥ បានចុះកិច្ចព្រមព្រៀង និងទិញដីនៅតំបន់នេះរួចទៅហើយ ប៉ុន្តែមិនទាន់បានចាប់ផ្ដើមដំណើរការសាងសង់រោងចក្រពួកគេនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ធំៗមួយចំនួន បាននិងកំពុងតែសាងសង់ក្នុងខេត្តកំពង់ស្ពឺរួមមាន គម្រោងមជ្ឈមណ្ឌលឧស្សាហកម្ម ខេម អឹម ជេ ឬ Cam MJ Development Park Co., Ltd. របស់ក្រុមហ៊ុនខ្នាតយក្ស Prince Real Estate លើផ្ទៃដីជាង ២៤ ហិកតា។ (អានបន្ថែម) និងគម្រោងសាងសង់កីឡដ្ឋានថ្មីស្ដង់ដារអន្តរជាតិតម្លៃជាង ២ លានដុល្លារ សម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ផងដែរ៕(អានបន្ថែម)
- Video Advertisement -