គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបានជាង ៦០ភាគរយ ហើយ

គម្រោងស្តារស្ទឹងព្រែកត្នោត ដើម្បីជួយរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៦៤ ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមបានបញ្ជាក់ថា នេះជាការគិតគូររំដោះទឹក ១៣៥០ ម៉ែត្រគូបក្នុង​មួយ​វិនាទី នៅចំនុចទំនប់ ៧មករា…ដើម្បីធ្វើយ៉ាងណា​ការពារ​​រាជធានី​ភ្នំពេញ​ពីទឹកជំនន់ព្រែកត្នោត និងផ្នែកខ្លះទៀត​នៃខេត្ត​កណ្តាល។​

ឯកឧត្តម បានបន្ថែមថា «មកដល់ពេលនេះ គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៦៤ភាគរយហើយ ចឹង! យើងកំពុងតែបន្តបន្ថែមទៀតលើការងារមួយចំនួន ប៉ុន្តែការងារដែលសំខាន់នៅពេលនេះ គឺយើងត្រូវត្រៀមការពារ​ជំនន់នៅ​ខែ៩ ខែ១០ ខាង​មុខនេះ សង្ឃឹមថាមិនអីចុះសម្រាប់ឆ្នាំនេះ »។

គួរជម្រាបថា ដើម្បីរំដោះទឹកជំនន់នៅស្ទឹងព្រែកត្នោតនេះ ក្រសួងបានបង្វែរការសាងសង់ទំនប់អាងទឹកចំនួន ៣ ស្ថិត​​​ក្នុង​ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ នោះរួមមាន

  • ទី១ ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល មានលទ្ធភាពស្តុក​ទឹក​បាន​ប្រមាណ ១៥៤ លានម៉ែត្រគូប ត្រូវបានក្រសួងធនធានទឹក ធ្វើការសាងសង់ឡើង ក្នុងឆ្នាំ ២០១១ និងបាន​បញ្ចប់​ការងារជំហានទី ១ កាលពី​ខែកក្កដា ឆ្នាំ ២០១៤។
  • ចំណែកទី២ ទំនប់អាងទឹក ស្វាហាប់ ឬអាងទឹកស្វាស្លាប់ ស្ថិតក្នុងភូមិសាស្ត្រទំនប់ចម្លងទីវ ឃុំចំបក់ ស្រុកភ្នំស្រួច។ ទំនប់អាង​នេះ​អាចស្តុកទឹកបានប្រមាណ ១៣០ លានម៉ែត្រគូប។
  • ទី៣ ទំនប់អាងទឹកស្ទឹងឃ្លាច នៅស្រុកឱរ៉ាល់ដែរ ដោយទំនប់អាងទឹកនេះ អាចស្តុកទឹកបានប្រហាក់​ប្រហែល​នឹងទំនប់អាងទឹក តាសាល ផងដែរ។

គម្រោងស្ដារឡើងវិញនូវស្ទឹងព្រែកត្នោត ក្នុងគោលបំណងកាត់បន្ថយគ្រោះមហន្តរាយ ទឹកជំនន់ ដែលតែង​តែយាយី​ដល់​រាជធានីភ្នំពេញ និងបណ្តាខេត្តដែលទទួលឥទ្ធិពលពីរបបទឹក ស្ទឹងព្រែក ត្នោត។

ស្ទឹងព្រែកត្នោត គឺជាស្ទឹងដ៏វែងមួយក្នុងប្រទេសកម្ពុជាដោយហូរចេញពីតំបន់ជួរភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដល់ព្រំប្រទល់​ខេត្តកោះកុង ហូរឆ្ពោះទៅ ចូលទន្លេបាសាក់ តាមរយៈព្រែកកំពឹស ដល់ក្រុងតាខ្មៅ ខេត្តកណ្តាល។

- Video Advertisement -