គិតមកដល់បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបាន ២៧% ហើយ
គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរាតម្លៃរាប់លានដុល្លារ គិតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណ ២៧% ហើយ ដែលការសាងសង់គម្រោងយក្សក្នុងអំឡុង ៣ឆ្នាំ កន្លងមកនេះ បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២២៥ លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជិត ០,៩% នៃ GDP ប្រទេសកម្ពុជា។
នេះបើយោងតាមប្រសាសន៍របស់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានកោះពេជ្រ-កោះនរា និងស្ពានកោះនរា-ផ្លូវជាតិលេខ ១ កាលពីថ្ងៃទី ២៦ តុលានេះ។ (អានបន្ថែម)
ចាប់តាំងពីខែមករា ឆ្នាំ ២០២០ នេះមក ក្រុមហ៊ុន OCIC បានបុកគ្រឹះបេតុង ចាក់ថ្ម និងចាក់ខ្សាច់បំពេញ ដើម្បីអាចសាងសង់ច្រាំងទន្លេ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្លង់មេនៃគម្រោងអភិវឌ្ឍន៍កោះនរា ដោយសម្រេចបានជាង ២៧% ហើយ។
បើតាមប្រសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គម្រោងអភិវឌ្ឍកោះនរានេះ នឹងចំណាយថវិការសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ៣ ឆ្នាំកន្លងមកនេះ OCIC បានចំណាយថវិកាជិត ៥៥០ លានដុល្លារ ហើយដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប(GDP) ចំនួន ២២៥ លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជិត ០,៩% នៃ GDP ប្រទេសកម្ពុជា។
អ្នកឧកញ៉ា បានបន្តថា គម្រោងនេះ នឹងប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៧ ០០០ នាក់ នៅពេលសាងសង់គម្រោងពេញលេញ។ បន្ទាប់ពីសាងសង់រួច គម្រោងនេះ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅបានចំនួន ៥ ម៉ឺននាក់ នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ បានជាង ១ម៉ឺនកន្លែង ក្នុងប្រតិបត្តិការប្រចាំថ្ងៃ។
គម្រោងកោះនរា អភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះ នឹងអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណះ តំបន់សំណង់លំនៅដ្ឋាន ធនាគារ សកលវិទ្យាល័យ និង មន្ទីរពហុព្យាបាល ជាដើម ដោយ OCIC បានចាប់ផ្តើមសាងសង់ពីតាំងពីខែ តុលា ឆ្នាំ ២០១៨ មកម្លេះ ។
OCIC អភិវឌ្ឍគម្រោងកោះនរា ក្នុងគោលបំណងដើម្បីលើកស្ទួយសក្តានុពលលើវិស័យសេដ្ឋកិច្ច ទាក់ទាញវិយោគិន បង្កើតការងារសម្រាប់ប្រជាជន និងបង្កើនសោភណ្ឌភាពទីក្រុង។
- Video Advertisement -