គ្រឿងចក្រធំៗ១០០ត្រូវបាននាំចូលមកទីផ្សារអាស៊ាននិងសម្រាប់គម្រោងផ្លូវល្បឿលឿននៅកម្ពុជា
រូបគំរូដោយKHL Group
គ្រឿងចក្រធំៗចំនួន១០០គ្រឿងផលិតដោយក្រុមហ៊ុនចិន XCMG ត្រូវបាននាំចូលដើម្បីបំរើដល់គម្រោងសាងសង់នានាក្នុងតំបន់អាស៊ីអាគ្នេយ៏ រួមមានគម្រោងផ្លូវ ល្បឿលឿនដំបូងបង្អស់នៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ ក្រុមហ៊ុនចិន XCMG បានប្រកាសថាខ្លួនទើបនឹងប្រារព្ធពិធីប្រគល់គ្រឿងចក្រសំណង់ប្រភេទអេស្កាវេទឺ XE215 ចំនួន១០០ គ្រឿងក្នុងទំហំទឹកប្រាក់ប្រមាណជា ៧.៤៥ លានដុល្លារអាមេរិកទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៏សម្រាប់បំរើដល់គម្រោង សាងសង់នានាក្នុងតំបន់ដែលគម្រោង ទាំងនេះត្រូវបានគាំទ្រនិងផ្តួចផ្តើមដោយគោលនយោបាយផ្លូវនិងខ្សែក្រវាត់ (BRI) របស់ប្រទេសចិន។
ក្រុមហ៊ុនបានឲ្យដឹងថាខ្លួនបានចូលរួមក្នុងគម្រោងផ្លូវល្បឿលឿនដំបូងបង្អស់នៅកម្ពុជាដែលមានប្រវែង១៩០គីឡូម៉ែត្រតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលគម្រោងនេះគឺជាគម្រោងស្នូលមួយនៃការផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ (BRI)។ គម្រោងនេះ ត្រូវបានចាប់ផ្តើមដំណើរ ការសាងសង់កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅនេះ។ អានបន្ថែម
ក្រៅពីនេះ ក្រុមហ៊ុនចិន XCMGក៏បានគាំទ្រគម្រោងរ៉ែដ៏ធំនៅប្រទេសឥណ្ឌូនេស៊ីនិងផ្គត់ផ្គង់សម្ភារសម្រាប់ដោះស្រាយបញ្ហាសាងសង់រូងក្រោម ដីនៃគម្រោងវារីអគ្គិសនីនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោក Zhike Song អ្នកគ្រប់គ្រង់ទូទៅរបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា៖ «កាលណាការផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ (BRI)ពង្រីកកិច្ចសហការ កាន់តែជ្រៅ ក្នុងតំបន់អាស៊ីអាគ្នេយ៏ ក្រុមហ៊ុន XCMG នឹងទាញយកឱកាសហើយអភិវឌ្ឍក្នុងទីផ្សារនេះជាមួយនឹងផលិតផលទំនើបនិងធន់បាន យូររបស់យើងពោលគឺ ដំណោះស្រាយតែម្តងសម្រាប់ការសាងសង់និងសេវាកម្មល្អដោយគ្មានការបារម្មណ៍»។
គួរបញ្ជាក់ថា ក្រុមហ៊ុន XCMG ដែលមានអាយុកាល៧៦ឆ្នាំគឺជាក្រុមហ៊ុនអន្តរជាតិផលិតគ្រឿងចក្រសំណង់ហើយជាប់ចំណាត់ ថ្នាក់លេខ៦នៅ ទូទាំងពិភពលោក ក្នុងទីផ្សារឧស្សាហកម្មគ្រឿងចក្រសំណង់។
- Video Advertisement -