ចិនមានផែនការសាងសង់រីសតខ្នាតធំនៅខេត្តព្រះសីហនុ

ជាផ្នែកមួយនៃយុទ្ធសាស្ត្រ One Belt, One Road ក្រុមវិនិយោគិនចិនបានប្រកាសផែនការសម្រាប់គម្រោងអភិវឌ្ឍន៍រីសតអន្ដរជាតិដែលមានតម្លៃ ៣ ប៊ីលានដុល្លារ នៅខេត្តព្រះសីហនុ ដើម្បីបង្កើនទុនលើវិស័យឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជាដែលកំពុងរីកចម្រើន។

គម្រោងអភិវឌ្ឍរីសតឆ្នេរសមុទ្រ មាសនិងប្រាក់ នឹងត្រូវអភិវឌ្ឍនៅលើផ្ទៃដីទំហំ ៣៣៧ហិកតា ដែលស្ថិតនៅចម្ងាយប្រហែល ១៨ គីឡូម៉ែតពីក្រុងព្រះសីហនុ និងចម្ងាយ ៧,៣គីឡូម៉ែត្រ ពីព្រលានយន្តហោះក្រុងព្រះសីហនុ។ រីសតដ៏ធំនេះ គឺជាការវិនិយោគរួមគ្នារវាងកម្ពុជា និងក្រុមហ៊ុនចិនចំនួន ១៣ ដែលរួមមានទាំងក្រុមហ៊ុន East Union Silk Road, CITS និង Yeejia Tourism Development ។

ផែនការនេះមានគោលបំណងផ្លាស់ប្តូរតំបន់ មាសនិងប្រាក់ ទៅជាតំបន់គោលដៅទេសចរណ៍ដែលមានភាពទាក់ទាញជាមួយនឹងខុនដូ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងទីលានវាយកូនគោល។

ថ្លែងនៅក្នុងពិធីសម្ពោធនាថ្ងៃទី ២៥ ខែមិថុនា នៃការសាកល្បងដាក់រួមបញ្ចូលគ្នានូវឧស្សាហកម្មអចលនទ្រព្យ និងហិរញ្ញវត្ថុ One Belt, One Road និងការដាក់សាកល្បងកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ Lancang តំណាងរបស់ East Union Silk Road បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ផែនការមេរបស់គម្រោងនឹងស្វែករកគំរូប្រតិបត្តិការអាជីវកម្មអន្ដរជាតិថ្មីមួយ ដើម្បីបង្កើនសមត្ថភាពការជួញដូរ, ការផ្តួចផ្តើមសិក្ខាសាលាស្តីពីការវិនិយោគហិរញ្ញវត្ថុ ដោយប្រើប្រាស់ការរួមបញ្ចូលគ្នានៃឧស្សាហកម្មអចលនទ្រព្យ និងហិរញ្ញវត្ថុ ព្រមទាំងរួមបញ្ចូលជាមួយនឹងអចលនទ្រព្យនៅខេត្តព្រះសីហនុ។

លោកបានលើកឡើងផងដែរថា៖ “គម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិធំជាងគេបំផុត ជាមួយនិងសេវា និងបរិស្ថានល្អបំផុត នៅក្នុងប្រទេសកម្ពុជានាពេលអនាគត ដែលនឹងរួមបញ្ចូលទាំងទេសចរណ៍សុខភាព និងប្រែក្លាយជាឋានសួគ៌សម្រាប់អ្នកចូលនិវត្តន៍មួយ”។ “ទីកន្លែងធំៗមួយចំនួនមានដូចជា មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ដើម្បីធ្វើជាម្ចាស់ផ្ទះសន្និសីទខ្នាតធំ, ការតាំងពិព័រណ៍ និងការផ្លាស់ប្តូរព្រឹត្តិការណ៍វប្បធម៍ដែលទាក់ទងទៅនឹង One Belt, One Road និងកិច្ចសហប្រតិបត្តិការទន្លេមេគង្គ Lancang។ គម្រោងនេះនឹងប្រែក្លាយតំបន់នេះឲ្យក្លាយទៅជាតំបន់បៃតងគំរូសម្រាប់បណ្តាប្រទេសដែលទទួលផលពីគោលនយោបាយ One Belt, One Road ។”

បើយោងតាម AKP កិច្ចព្រមព្រៀងគម្រោងនេះត្រូវបានចុះហត្ថលេខានៅក្នុងរាជធានីភ្នំពេញដោយដៃគូបណ្តាក់ទុនរួមគ្នានៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦ និងត្រូវបានបញ្ជាក់សារជាថ្មីនៅឯកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការទន្លេមេគង្គ Lancang (LMC) លើកទីមួយ ក្នុងប្រទេសឡាវនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើគម្រោង នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ថោង ខុន បានឲ្យដឹងថា គម្រោងវិនិយោគនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនចិននៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏បង្ហាញពីការកើនឡើងនៃការធ្វើពាណិជ្ជកម្មនិងទំនាក់ទំនងវិនិយោគរវាងកម្ពុជា និងចិនផងដែរ។

លោកជំទាវ Bu Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា គម្រោងអភិវឌ្ឍន៍រីសតឆ្នេរ មាសនិងប្រាក់ នឹងទាក់ទាញប្រាក់ភ្ញៀវទេសចរណ៍ចិនកាន់តែច្រើនឡើងមកទស្សនាប្រទេសកម្ពុជា។

គម្រោងអភិវឌ្ឍន៍នេះឆ្លើយតបទៅនឹងគោលបំណងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់សម្រេចឲ្យបានកំណើនភ្ញៀវទេសចរជនជាតិចិនចំនួន ២លាននាក់ នៅឆ្នាំ ២០២០។ នៅឆ្នាំ ២០១៥ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិប្រមាណ ៤,៥ លាននាក់ ក្នុងនោះប្រហែល ៨០០.០០០នាក់ គឺជាភ្ញៀវទេសចរណ៍ជនជាតិចិន ដែលជាចំនួនស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់បំផុតទីពីរ។

លោក ឈិត សេងងួន អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ Khmer Times នៅក្នុងខែមីនាថា ទោះបីជាលោកមិនត្រូវបានគេជូនដំណឹងអំពីការអភិវឌ្ឍទ្រង់ទ្រាយធំនេះក៏ដោយ តែលោកជឿជាក់ថាវានឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុកាន់ប្រសើរឡើង។

បើតាមលោកដដែល មិនមានគម្រោងអភិវឌ្ឍន៍ខ្នាតធំសម្រាប់ខេត្តដូចនេះត្រូវបានប្រកាសទេនៅក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០១៦។ លោកបានចង្អុលបង្ហាញថា រដ្ឋបាលខេត្តអាចអនុម័តបានត្រឹមតែគម្រោងដែលមានតម្លៃតិចជាង ២លានដុល្លារប៉ុណ្ណោះ។ គម្រោងណាមួយដែលមានតម្លៃច្រើនជាងនេះ ដូចជាការអភិវឌ្ឍរបស់ចិនដ៏ធំមួយនេះជាដើម គឺត្រូវការការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

លោកបានកត់សម្គាល់បន្ថែមទៀតថា ចំនួនភ្ញៀវទេសចរណ៍នៅក្នុងខេត្តនេះបានកើនឡើងដល់ ១,៣លាននាក់ នៅក្នុងរយៈពេលប្រាំខែដំបូងឆ្នាំនេះ ដោយកើនឡើង ១៦ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]