ចិន ផ្តួចផ្តើមគម្រោងការប្រើបច្ចេកវិទ្យាឆ្លាតវៃ និងសេដ្ឋកិច្ចបៃតងជាមួយប្រទេស៥ជាប់ដងទន្លេឡានឆាងមេគង្គ
ក្នុងចក្ខុវិស័យពង្រឹងកិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពបច្ចេកវិទ្យាក្នុងតំបន់ នាយករដ្ឋមន្ត្រីចិនលោកលី ឈាង ( Li Qiang) ស្នើគំនិតផ្តួចផ្តើមគម្រោងផលិតកម្មឆ្លាតវៃ (intelligent manufacturing) និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីឈានមុខ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចបៃតងសម្រាប់ប្រទេសក្នុងតំបន់ឡានឆាងមេគង្គ។ ការស្នើគំនិតនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលនិម្មិតរវាងមេដឹកនាំនៃកិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) លើកទីបួន ដែលចូលរួមដោយមេដឹកនាំមកពីប្រទេសអាស៊ានជាប់ទន្លេមេគង្គទាំង០៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បី ពិនិត្យឡើងវិញនូវជោគជ័យជាយុទ្ធសាស្រ្តនៃវឌ្ឍនភាពប្រាំឆ្នាំមុន និងបានគូសបញ្ជាក់អំពីផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក Lancang-Mekong (២០២៣-២០២៧)។ នេះបើយោងតាមបច្ចុប្បន្នភាពដោយ Global Times ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។
ចេញពីលទ្ធផលនៃកិច្ចប្រជុំនេះ គម្រោងអភិវឌ្ឍនានានៅក្នុងតំបន់ Lancang-Mekong សម្រាប់ដំណាក់កាលប្រាំឆ្នាំបន្ទាប់ នឹងផ្តោតអាទិភាពលើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទឹក និងការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះភាគច្រើននឹងផ្តោតលើ៖ការធានានិរន្តរភាពនៃគម្រោងផលិតថាមពលនានាពីស្ថានីយវារីអគ្គិសនីនៅតាមដងទន្លេឡានឆាងមេគង្គ ការងារគ្រប់គ្រងទឹកជំនន់ដោយប្រើប្រព័ន្ធតាមដានស្វ័យប្រវត្តិ ការគ្រប់គ្រងធនធានទឹក និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ជុំវិញទន្លេទាំងពីរ។
នាយករដ្ឋមន្ត្រី លី ក៏បានជំរុញឱ្យប្រទេសទាំងប្រាំមួយចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ រួមចំណែកដល់ការបង្កើតសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពក្នុងចំណោមប្រជាជាតិតាមដងទន្លេឡានឆាងមេគង្គ។
លោក Zhou Zhiwei អគ្គលេខាធិការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក Lancang-Mekong បានលើកឡើងពីសមិទ្ធផលនៃផែនការសកម្មភាពប្រាំឆ្នាំកន្លងមក (២០១៨-២០២២) មានគម្រោងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋទាក់ទងនឹងទឹកជាង ៥០គម្រោង ត្រូវបានអនុវត្តយ៉ាងសកម្ម រួមទាំងគម្រោងដំឡើងដោយជោគជ័យប្រព័ន្ធត្រួតពិនិត្យទឹកភ្លៀងនិងកម្រិតទឹកដោយស្វ័យប្រវត្តិ ក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ការព្រមានជាមុនអំពីទឹកជំនន់ និងគម្រោង Lancang-Mekong Sweet Spring បានផ្តល់ការបង្ហាញពីបច្ចេកវិទ្យាផ្គត់ផ្គង់ទឹកនៅតាមជនបទ ដោយធានាបាននូវសុវត្ថិភាពទឹកស្អាត និងការយល់ដឹងផ្នែកបច្ចេកទេសសម្រាប់ប្រទេសជាសមាជិកជាដើម។
គម្រោងគាំទ្ររបស់ប្រទេសចិន ក៏រាប់បញ្ចូលទាំងគម្រោងវាយតម្លៃសុវត្ថិភាពទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវ ថៃ និងវៀតណាម ដែលការត្រួតពិនិត្យសុវត្ថិភាព និងការអនុវត្តន៍សាកល្បង ត្រូវបានធ្វើឡើង ដើម្បីពង្រឹងមុខងារទំនប់វារីអគ្គិសនីសម្រាប់ជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។ គម្រោងត្រួតពិនិត្យជលសាស្ត្រ ដែលមានស្ថានីយ៍កណ្តាល និងស្ថានីយ៍ត្រួតពិនិត្យស្វ័យប្រវត្តិចំនួន ២៥ នៅក្នុងប្រទេសឡាវ ត្រូវបានអនុវត្តក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់អំពីលក្ខណៈជលសាស្ត្រនៃប្រព័ន្ធទន្លេ និងបឹង ដើម្បីជួយក្នុងការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
មានប្រភពចេញពីខ្ពង់រាប Qinghai-Xizang របស់ប្រទេសចិន ទន្លេមេគង្គលាតសន្ធឹងលើប្រទេសចំនួនប្រាំមួយ ដែលមានប្រវែង ៤.៨៨០ គីឡូម៉ែត្រ និងទ្រទ្រង់ជីវភាពប្រជាជនចំនួន ៣២៦លាននាក់៕
- Video Advertisement -