ចំនុចសំខាន់ៗដែលអ្នកគួរប្រុងប្រយ័ត្នជុំវិញការវិយោគដីធ្លីនៅកម្ពុជា

ដោយសារកម្ពុជារក្សានូវស្ថេរភាពល្អ ប្រទេសមួយនេះបានទទួលយកការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះការវិនិយោគទៅលើដីធ្លីក៏ជាការវិនិយោគដ៏សំខាន់មួយដែរ។ ថ្មីៗនេះ ចំនួនអគារខុនដូបាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាបជាដើម។ ក្នុងនោះដែរ ទីតាំងដ៏សំខាន់និងមានសក្តានុពលបំផុតគឺក្នុងរាជធានីភ្នំពេញដែលជាកន្លែងបណ្តុំទៅដោយសកម្មភាពពាណិជ្ជកម្ម និង ការិយាល័យកណ្តាលរបស់ក្រុមហ៊ុននីមួយៗ។

ជាមួយគ្នានេះដែរ រដ្ឋធម្មនុញ្ញនិងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាយើងមិនមានការអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនអាចផ្លាស់ទីកន្លែងបានទេ ពោលគឺអចលនទ្រព្យដីធ្លី។ ការរឹតត្បិតនៃច្បាប់ខាងលើនេះ គឺត្រូវបានអនុវត្តទៅលើបុគ្គលឬវិនិយោគិនបរទេសទាំងអស់នៅកម្ពុជា តែមានករណីលើកលែងចំពោះ«អគារបែបសហកម្មសិទ្ធិ» ដែលច្បាប់នេះ បានផ្តល់ឱកាសឲ្យជនបរទេសមានសិទ្ធិកាន់កាប់អចលនទ្រព្យប្រភេទជា «strata title» ចំពោះអគារចាប់ពីជាន់ទីពីរឡើងទៅ ឬពេលខ្លះ រហូតដល់ទៅ ៧០ភាគរយ នៃផ្ទៃក្រឡាអគារសរុបតែម្តង។

បើទោះបីជាមានការរឹតត្បិតទៅលើសិទ្ធិកាន់កាប់អចលនទ្រព្យចំពោះជនបរទេសសម្រាប់ដីធ្លីបែបនេះក៏ដោយ វិនិយោគិនបរទេសជាច្រើនបានមានសិទ្ធិកាន់កាប់អចលនទ្រព្យតាមរយៈ«ការឲ្យក្រុមហ៊ុនធ្វើការឈរឈ្មោះជាម្ចាស់អចលនទ្រព្យនោះជំនួសឲ្យជនបរទេស»។ រចនាសម្ព័នបែបនេះ គឺស្ថិតក្នុងតំបន់ពណ៌ប្រផេះនៃច្បាប់របស់កម្ពុជាដែលពណ៌ប្រផេះក្នុងបរិបទនេះ មានន័យថា «ភាពមិនច្បាស់ថាវាខុសច្បាប់ឬត្រូវច្បាប់នោះទេ» ក៏ប៉ុន្តែ តាមបទពិសោធន៍កន្លងមករហូតមកដល់ពេលបច្ចុប្បន្ននេះ រឿងរ៉ាវពាក់ព័ន្ធទៅនឹងការឲ្យបុគ្គលទីបីឈរឈ្មោះធ្វើជាម្ចាស់អចលនទ្រព្យឲ្យបែបនេះ គឺជាទូទៅត្រូវបានតុលាការអនុវត្តដូចគ្នា។ ស្របពេលដែលវិនិយោគិនភាគច្រើនបានជ្រើសរើសក្រុមហ៊ុនទីបីធ្វើការឈរឈ្មោះឲ្យនោះ ហានិភ័យអាចនឹងកើតមានឡើងប្រសិនបើមិនមានការផ្តល់ប្រឹក្សាពីអ្នកជំនាញផ្នែកច្បាប់អោយបានត្រឹមត្រូវនោះទេ។ វាគឺជារឿងធម្មតាទេ ដែលទម្រង់រចនាសម្ព័នពាណិជកម្មបែបនេះ មានវិវាទហើយឈានដល់ការប្តឹងផ្តល់រវាងវិនិយោគិននិងក្រុមហ៊ុននោះ។ មូលហេតុចម្បងដែលនាំឲ្យមានវិវាទនេះកើតឡើងនោះគឺមកពី ១) ការសន្សំសំចៃ៖ អ្នកទិញអាចគិតថាចំណាយសម្រាប់អ្នកជំនាញផ្នែកច្បាប់វាច្រើនពេក ២) ការជឿទុកចិត្តមិត្តភក្តិក្នុងស្រុករបស់ខ្លួន៖ វិនិយោគិនបរទេសមួយចំនួនដែលមករស់នៅកម្ពុជាមានមិត្តភក្តិក្នុងស្រុកមួយចំនួនដែលពួកគេជឿទុកចិត្ត និង ៣) ពួកគេអាចគិតថាវាមិនមានភាពចាំបាច់ក្នុងការស្វែងរកទីប្រឹក្សាច្បាប់សម្រាប់ប្រតិបត្តិការអាជីវកម្មដ៏សាមញ្ញមួយនេះទេ។

វាអាចនឹងជាអាជីវកម្មដ៏សាមញ្ញមួយមែន ប្រសិនបើរចនាសម្ព័ន្ធ និងកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងត្រឹមត្រូវនិងមានសុពលភាពច្បាស់លាស់។ ក៏ប៉ុន្តែ ប្រសិនជាយើងពិនិត្យមើលបញ្ហាទូទៅមួយចំនួនដូចជា ភាសានៃកិច្ចព្រមព្រៀង សុពលភាពនៃកិច្ចព្រមព្រៀង និងបញ្ហាច្បាប់មួយចំនួនទៀតដែលអាចទាក់ទងទៅនឹងប្រតិបត្តិការអាជីវកម្មនេះ នោះប្រតិបត្តិការអាជីវកម្មនេះនឹងលែងក្លាយជាការងារសាមញ្ញទៀតហើយ។ ក្នុងករណីបែបនេះ ការរៀបចំកិច្ចព្រមព្រៀងអាជីវកម្មអាចនឹងប្រែទៅជាជូរចត់ហើយបញ្ចប់ដោយវិវាទរវាងគ្នានិងគ្នា ដែលក្នុងនោះ កំរៃសម្រាប់ដំណើរការប្តឹងផ្តល់គឺច្រើនជាងកំវៃដែលត្រូវបង់សម្រាប់អ្នកជំនាញផ្នែកច្បាប់ទៅទៀត។ ដូចសុភាសិតខ្មែរពោលថា«គោបាត់ទើបធ្វើរបង»។

ដើម្បីចៀសវាងឧប្បត្តិហេតុបែបនេះ វាជារឿងចាំបាច់ណាស់ដែលវិនិយោគិនត្រូវគិតគូ ហើយគួរស្វែងរកអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ដែលមានចំណេះដឹងពាក់ព័ន្ធនឹងរឿងនេះ ដើម្បីផ្តល់យោបល់និងរៀបចំឯកសារពាក់ព័ន្ធទាំងអស់ដើម្បីការពារទាំងអាជីវកម្ម និងការវិនិយោគ។

លោក Porchhay មានបទពិសោធន៍ជាងដប់ឆ្នាំមកហើយក្នុងការផ្តល់យោបល់ទាក់ទងទៅនឹងអចលនទ្រព្យ និងសំណង់។ កន្លងមក លោកបានណែនាំដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនសំណង់ និងវិនិយោគិនបរទេសទៅលើការវិនិយោគ និងគម្រោងនៅប្រទេសកម្ពុជា។ ការងារដែលលោកមានជំនាញនិងអនុវត្តន៍នោះគឺ ការទិញអចលនទ្រព្យ ការជួលអចលនទ្រព្យ សម្បទាន ហ៊ីប៉ូតែក (កិច្ចសន្យារវាងកូនបំណុល និងម្ចាស់បំណុល) កិច្ចសន្យាសាងសង់ និងប្រតិបត្តិការពាណិជ្ជកម្មដែលពាក់ព័ន្ធផ្សេងៗទៀត។ គាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់ពាណិជ្ជកម្មពីសាកលវិទ្យាល័យ Melbourne នៅឆ្នាំ ២០១៥ ។ លោក Porchhay អាចនិយាយទាំងភាសាអង់គ្លេស និងខ្មែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]