ឆ្នាំ២០២២ អាជីវកម្មផ្សារទំនើបនឹងបន្ដរងសម្ពាធ ទោះកូវីដស្ងប់ហើយក្ដី, ហេតុអ្វី?
សរសរដោយ៖ អ្នកវិភាគអចលនទ្រព្យឯករាជ្យលោក Eric Won Chon Lap
ទោះបើកប្រទេសវិញក្ដី ឥរិយាបថនៃអាជីវកម្មលក់រាយ និងផ្សារទំនើប នឹងបន្ដធ្វើតាមលំនាំថ្មី
ទោះវិបត្តិកូវីដនៅកម្ពុជាធូរស្បើយហើយក្ដី ប៉ុន្តែគ្រាលំបាកមួយនេះ បានផ្លាស់ប្ដូរឥរិយាបថអាជីវកម្មផ្សារទំនើបពេញមួយទំហឹង។ ម្ចាស់ផ្សារទំនើបជាច្រើន កន្លងមកត្រូវធ្វើទំនើបកម្ម និងផ្លាស់ប្ដូរផ្នត់គំនិតក្នុងការធ្វើអាជីវកម្មផ្សារតាមរបត់ថ្មី ដើម្បីរស់រានក្នុងកាលៈទេសៈនេះ ហើយនិន្នាការនេះនឹងនៅតែបន្ត ទោះក្រោយវិបត្តិកូវីដក្ដី។
លើសពីនេះ ជំងឺកូវីដក៏បានទាញទំលាក់អត្រាជួលផ្សារទំនើបឱ្យដាំក្បាលចុះយ៉ាងគំហុក ពោលគឺធ្លាក់ទាបបំផុតក្នុងប្រវិត្តសាស្រ្ត ពិសេសក្នុងឆ្នាំ ២០២១ នេះ ក្រោយមេរោគបំលែងថ្មីចូលវាយលុកកម្ពុជា។
បើយោងតាមការវិភាគរបស់អ្នកជំនាញអចលនទ្រព្យ លោក Eric Wong Chon Lap កន្លងមក ការបន្ធូបន្ថយវិធានអនាម័យ និងគន្លាតសង្គមមួយចំនួន គឺជាវិធីសាស្រ្តដែលម្ចាស់ផ្សារត្រូវអនុវត្ត ដើម្បីទាក់ទាញអ្នកមកដើរផ្សារ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី មនុស្សមួយចំនួន នៅតែគិតថាការទៅផ្សារទំនើបគឺជាហានិភ័យ ដែលធ្វើឱ្យមានផ្សារទំនើបតូចៗ និងមធ្យមខ្លះ ត្រូវបង្ខំចិត្តបិទទ្វារព្រោះខ្វះទុនដើម្បីបន្ដអាជីវកម្ម។
ដោយឡែក សម្រាប់ម្ចាស់ផ្សារទំនើបធំៗ ដែលមានទុនខ្ពស់វិញ គឺអាចឆ្លងផុតពីវិបត្តិនេះបាន ដោយប្រើប្រាស់ប្រព័ន្ធអនឡាញ និងការដឹកជញ្ជូនមកជួយក្នុងការលក់ និងផ្ដល់សេវាដល់អតិថិជន។ ការធ្វើទីផ្សារអនឡាញ ដូចជា Facebook និង TikTok ក៏កំពុងតែពេញនិយមផងដែរ ដើម្បីជំរុញការលក់។
យ៉ាងណាក្ដី ក៏នៅមានអាជីវកម្មខ្លះ ដែលមិនអាចប្រើប្រព័ន្ធអនឡាញបាន ដូចជា រោងកុន ក្លឹបហាត់ប្រាណ និងកន្លែងកម្សាន្តផ្សេងៗដែលមានមនុស្សជួបជុំច្រើន។ ដូច្នេះ កន្លងមក ម្ចាស់ផ្សារទំនើប ត្រូវខាតបង់ជាច្រើន ដើម្បីបញ្ចុះតម្លៃថ្លៃជួលឱ្យអាជីវកម្មទាំងនេះ ប៉ុន្តែក៏ត្រូវតែបង្ខំចិត្តធ្វើ ព្រោះយល់ឃើញថា ត្រូវតែរក្សាអ្នកជួលក្នុងដៃជាជាងគ្មានអ្នកជួល។
ប៉ុន្តែ ក្រោយការបើកប្រទេសវិញ ក៏ឃើញថាអាជីវកម្មទាំងនេះ បានត្រឡប់មកបើកវិញ ដែលនេះគឺជាសញ្ញាល្អ តែក៏នៅតែមិនទាន់ពេញលេញទាំងស្រុងដូចមុនកូវីដនោះដែរ ។
ទោះមានសញ្ញាល្អក្ដី ម្ចាស់អាជីវកម្មផ្សារទំនើប ក៏នៅតែត្រូវបន្តរិះរកភាពច្នៃប្រឌិតថ្មីៗដើម្បីបញ្ចូលនៅក្នុងផ្សាររបស់ខ្លួន ដើម្បីបង្កើតជាចំណុចទាក់ទាញអតិថិជន ពិសេសនៅក្នុងឆ្នាំ២០២២ ដែលផ្សារទំនើបថ្មីៗ ជាច្រើនគ្រោងនឹងបញ្ចប់ការសាងសង់ និងបើកដំណើរការ។
ជាមួយនឹងកត្តាទាំងនេះ លោក Eric បានព្យាករថា ឆ្នាំ ២០២២ នេះ អាជីវកម្មផ្សារទំនើបនៅតែបន្តរងសម្ពាធ ទោះកូវីដធូរស្បើយក្ដី ប៉ុន្តែនឹងប្រសើរឡើងវិញពេញទំហឹងនៅឆ្នាំ ២០២៣៕
–
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។
- Video Advertisement -