ឆ្ពោះទៅកាន់ទីក្រុងបៃតង៖ គម្រោងបៃតងជាង៤០០ គម្រោង ត្រូវបានសាង់សង់នៅភ្នំពេញ ត្រឹមចុងឆ្នាំ២០១៩
ក្នុងគោលបំណងដើម្បីកសាងទីក្រុងប្រកបដោយចីរភាព អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន បាននិងកំពុងងាកមកចាប់អារម្មណ៍លើការសាងសង់គម្រោងបៃតងច្រើនជាងមុន ដោយសង្កេតឃើញថា គម្រោងបៃតងចំនួន ៤០៥ ត្រូវបានសាងសង់នៅទីក្រុងភ្នំពេញ ក្នុងត្រីមាសទី0៤ នៃ ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE។
ចេញផ្សាយកាលពី ថ្ងៃទី ១៦ ខែមករា កន្លងមក របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គម្រោងបៃតងទាំងនោះរួមមាន សណ្ឋាគារ កន្លែងលក់រាយ ការិយាល័យ អាផាតមិន ខុនដូ និងគម្រោងផ្សេងៗទៀត។ ក្នុងនោះដែរ ខុនដូឈរនៅលំដាប់ទី២ ដែលមានចំនួនប្រមាណ ១២០គម្រោង ដែលជាប្រភេទសំណង់បៃតង ។
គម្រោងបៃតងទាំងនោះ មានទីតាំងនៅតាមតំបន់នានាក្នុងរាជធានីភ្នំពេញ ដែលសង្កាត់បឹងកេងកង គឺជាទីតាំងសំខាន់ដែលមានគម្រោងបៃតងច្រើនបំផុត ពោលគឺប្រមាណ ១៨ ភាគរយ។ តំបន់បឹងកក់និងចំការមន គឺជាទីតាំងបន្ទាប់ដែលមានគម្រោងបៃតង ១៤ និង ១៣ ភាគរយ។
គួរបញ្ជាក់ផងដែរថា “គម្រោងបៃតង” គឺជាគម្រោងទាំងឡាយណាដែល ទាំងការរចនា ការសាងសង់ និងការប្រតិបត្តិការរបស់គម្រោងនោះ អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន បង្កើតផលវិជ្ជមានទៅលើអាកាសធាតុនិងបរិស្ថាន ក៏ដូចជាធ្វើឲ្យគុណភាពជីវិតប្រសើរឡើង។ (អានបន្ថែម)
ដោយឡែក ទីក្រុងភ្នំពេញត្រូវបានគេវាយតម្លៃថាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានតំបន់បៃតងទាបជាងគេបំផុតសម្រាប់មនុស្សម្នាក់ៗក្នុងតំបន់អាស៊ាន ពោលគឺមានត្រឹមតែ ១,១ ម៉ែត្រការ៉េប៉ុណ្ណោះសម្រាប់មនុស្សម្នាក់តែប៉ុណ្ណោះ។
ជាការឆ្លើយតប ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន កាលពីថ្មីៗនេះ បាននិងកំពុងអំពាវនាវដល់ ម្ចាស់គម្រោងថាត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍បង្កើតលំហរបៃតងក្នុងបរិវេណគម្រោងរបស់ខ្លួន។
បើតាមគោលការណ៍ច្បាប់ គ្រប់គម្រោងអភិវឌ្ឍន៍ត្រូវមាន ៣០ភាគរយឲ្យមានផ្ទៃជាបៃតង ពោលគឺ៣០ភាគរយនៃផ្ទៃដីដែលនៅសេសសល់ពីការសាងសង់អគារ។ (អានបន្ថែម)

- Video Advertisement -