ជប៉ុនប្រគល់គ្រឿងចក្រជាច្រើនគ្រឿងតម្លៃជាង ៤លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវនៅកម្ពុជា
រដ្ឋាភិបាលជប៉ុន កាលពីពេលថ្មីៗនេះ បានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រសាងសង់ផ្លូវដល់កម្ពុជាចំនួន ១៥ គ្រឿង តម្លៃ ៤,៥លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានានៅកម្ពុជា។
ពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ ខែតុលា ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
គម្រោងផ្តល់ជំនួយនេះមានឈ្មោះថា «ជំនួយឥតសំណងតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»ផ្គត់ផ្គង់ដោយក្រុមហ៊ុនគ្រឿងចក្រ Marubini Protechs ដែលរួមមាន Road Stabilizer & Accessories ចំនួន ៣គ្រឿង, Vibratory Single Drum Roller with CANOPY Stay ចំនួន ៣គ្រឿង, Pneumatic Tire Roller ចំនួន ៣គ្រឿង, Vibratory Tandem Roller ចំនួន៣ គ្រឿង, Walk-behind Roller ចំនួន ៣គ្រឿង និង Spare Parts & Consumables ផងដែរ។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងចូលរួមចំណែកស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងរៀបរាប់ពីសមិទ្ធិផលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានការគាំទ្រពីប្រទេសជប៉ុន។ (អានបន្ថែម)


