ជប៉ុនផ្តល់ជំនួយឥតសំណងជាង១១លានដុល្លារ ដល់កម្ពុជា ដើម្បីបោសសម្អាតមីន
គំនិតផ្តួចផ្តើមដំណាក់កាលទី 3 ថ្មីផ្តោតលើខេត្តបាត់ដំបន់ ពោធិ៍សាត់ និងកោះកុង ជាមួយនឹងបច្ចេកវិទ្យា AI ទំនើប និងជំនួយជនរងគ្រោះឯកទេស ដើម្បីការពារគ្រួសារជនបទរាប់ពាន់គ្រួសារ
រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជាង $១១លាន សម្រាប់អនុវត្តគម្រោង “សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន” ដំណាក់កាលទី៣ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC។
ពិធីចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
ទឹកប្រាក់ចំនួន ១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ឬស្មើប្រមាណជាង $១១,៣លាន នេះ គឺសម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាព CMAC នៅខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង រយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ ចាប់ខែមករា ២០២៦ - មករា ២០២៨។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង ២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាព CMAC ត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។
បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីន ALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត ជូនពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ។
រយៈកាលកន្លងមក ជប៉ុនតែងតែផ្តល់ជំនួយឥតសំណងជាហូរហែ ដល់អង្គភាព CMAC។ (អានបន្ថែម)
- Video Advertisement -