ជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអភិវឌ្ឍធំៗ ៣ នៅកម្ពុជា

រដ្ឋាភិបាលជប៉ុន កាលពីថ្មីនេះ បានឯកភាពផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៩០,៤៧១ ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងស្ដារ និងលើកកម្ពស់ហេដ្ឋារចនាចំនួន ៣ កន្លែង នៅកម្ពុជា។

កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុង ពិធីចុះហត្ថលេខាផ្តល់ជំនួយ ឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី ២៥ កុម្ភៈ ២០២០ ក្រោមអធិបតីភាពរបស់ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ចំពោះគម្រោងទី១ គឺ គម្រោងសាងសង់អាងស្តុកទឹកសម្រាប់លើកកម្ពស់កសិកម្មនៅព្រះវិហារ ភូមិធម្មជាតិសម្តេចតេជោ ក្នុងថវិកាចំនួន ៨៥,០១៩ ដុល្លារសហរដ្ឋអាមេរិក (អង្គការមោទនភាពអាស៊ី សមាគមន៍ខេត្តព្រះវិហារ ជប៉ុន)។

ដោយឡែក គម្រោងទី ២ គឺការរួមបញ្ចូលគ្នារវាង សុខភាពអាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ ឆ្នាំទី១ ក្នុងថវិកា ៤៥២,៤២៧ ដុល្លារសហរដ្ឋអាមេរិក (អង្គការ World Vision Japan) ។

ចំណែកគម្រោងចុងក្រោយគឺ គម្រោងការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឃមណ្ឌលសិក្សាសហគមន៍ ឆ្នាំទី១ ក្នុងថវិកាចំនួន ៣៥៣, ០២៥ ដុល្លារសហរដ្ឋអាមេរិក (អង្គការកុមារឥតព្រំដែន)។

គួរបញ្ជាក់ដែរថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននេះ បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០២ មកម្ល៉េះ ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍន៍ និង ស្ថាបនាប្រទេសកម្ពុជាឡើងវិញតាមកម្រិតមូលដ្ឋាន ។

- Video Advertisement -