ជប៉ុន ចង់វិនិយោគលើវិស័យសំខាន់២ ពិសេសវិស័យសំណង់នៅកម្ពុជា
គណៈប្រតិភូវិនិយោគិនជប៉ុន ដែលមកពីក្រុមហ៊ុន Cambodia Securities Plc. មានបំណងចង់វិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង និងវិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជានាពេលខាងមុខ។
នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
លោក Yajima Nobumasa បានឱ្យដឹងថា វិនិយោគិនជប៉ុន មានបំណងស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាលខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។
ទន្ទឹមគ្នានេះ លោកបន្តថា គណៈប្រតិភូជប៉ុន ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់និងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។
ជាការឆ្លើយតប ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានស្វាគមន៍ដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម ក៏បានសង្ខេបអំពីបរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប្រាប់ទៅគណៈប្រតិភូជប៉ុនផងដែរ
តាមរយៈជំនួបខាងលើ មិនត្រឹមតែមានបំណងវិនិយោគលើវិស័យកម្មន្តសាលខ្សែភ្លើង និងវិស័យស្ថាបត្យកម្មនិងសំណង់ដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនជប៉ុនក៏មានបំណងនាំយកវិនិយោគិនជប៉ុនក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ លើសពីនេះ ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក៏នឹងនាំយកបច្ចេកទេស និងបទពិសោធន៍ ព្រមទាំងចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកម្ពុជាថែមទៀត។
នៅពេលដែលប្រទេសកម្ពុជារីកចម្រើនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ច ការសហការនេះជាមួយវិនិយោគិនជប៉ុនតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញកំណើនទៅវិញទៅមក និងការកសាងភាពជាដៃគូរយៈពេលវែង។ សក្តានុពលក្នុងការច្នៃប្រឌិត និងលើកកម្ពស់ឧស្សាហកម្មរបស់កម្ពុជា ដោយមានការគាំទ្រពីប្រទេសជប៉ុន អាចត្រួសត្រាយផ្លូវសម្រាប់អនាគតសេដ្ឋកិច្ចដ៏ភ្លឺស្វាងរបស់ប្រទេស៕

- Video Advertisement -