ជម្រើសក្នុងការសាងសង់អគារខុនដូលំដាប់ខ្ពស់

ដោយ Eric Wong Chon Lap

នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងដូចជាអចលនទ្រព្យលំនៅដ្ឋាន អ្នកអភិវឌ្ឍន៍ត្រូវតែដាក់ចេញនូវផលិតផលដែលត្រូវនឹងតម្រូវការពិតប្រាកដដើម្បីអាចលក់បាន។ សំណួរដែលនៅក្នុងគំនិតរបស់អ្នកអភិវឌ្ឍន៍នោះគឺថាតើគេអាចអភិវឌ្ឍន៍អ្វីផ្សេងទៀតបាន? ចម្លើយរបស់ខ្ញុំទៅនឹងសំណួរនេះ គឺថាមានជម្រើសនៃការអភិវឌ្ឍដែលអាចពិចារណាក្នុងអំឡុងពេលដែលមានការផ្គត់ផ្គង់ទីផ្សារលើសបែបនេះ។

នៅក្នុងទិដ្ឋភាពទីផ្សារបច្ចុប្បន្ន មានតម្រូវការយ៉ាងច្បាស់លាស់ពីអ្នកដែលមិនចង់រស់នៅក្នុងខុនដូ ប៉ុន្តែនៅតែចង់រស់នៅក្នុងតំបន់ល្អបំផុតនៅរាជធានីភ្នំពេញ។ ដើម្បីបំពេញគម្លាតទីផ្សារនេះ អ្នកអភិវឌ្ឍខ្លះបានដាក់ចេញនូវគម្រោងអភិវឌ្ឍន៍វីឡាកម្ពស់ទាប។ វីឡាដែលមានកម្ពស់ ៣ ទៅ ៤ ជាន់ កំពុងតែមានប្រជាប្រិយភាពខ្លាំងឡើង ហើយនេះគឺជាជម្រើសផ្សេងក្រៅពីការរស់នៅក្នុងខុនដូ។ ក្នុងលក្ខខណ្ឌនៃការរចនាជារួម អ្នកអភិវឌ្ឍន៍ក៏បានកែសម្រួលការរចនាម៉ូដដើម្បីបំពេញតម្រូវការនៃរបៀបរស់នៅនាពេលបច្ចុប្បន្ននេះផងដែរ។ ពួកគេបានដាក់បញ្ចូលនូវសោភណភាពបន្ថែមដូចជា ទីធ្លាក្រោយផ្ទះ ឬសួនច្បារឯកជន ទីធ្លាមុខផ្ទះដែលធំទូលាយជាងមុន អាងហែលទឹកឯកជន ពិដានខ្ពស់នៅក្នុងផ្នែកសម្រាប់រស់នៅ ចំណតឡានដែលអាចចតបានឡាន៣ទៅ៤ក្នុងមួយផ្ទះ និងផ្ទះបាយបែបអាស៊ីយ៉ាងធំទូលាយសម្រាប់ការចំអិនអាហារច្រើន ជាដើម ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួនមកក្នុងគម្រោងរបស់ខ្លួន។

កន្លងមក ទីផ្សារនៅរាជធានីភ្នំពេញមានការអភិវឌ្ឍ និងការផ្គត់ផ្គង់បុរី និងខុនដូលំដាប់ខ្ពស់ជាច្រើនដែលល្អសម្រាប់គ្រួសារមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងគ្រួសារមានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្លៃរបស់វាគឺខ្ពស់ខ្លាំងសម្រាប់គ្រួសារមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យមកម្រិតទាបអាចទិញបាន។ ក្នុងពេលជាមួយគ្នានេះដែរ តម្រូវការសម្រាប់ការស្នាក់នៅពីប្រជាជនមានប្រាក់ចំណូលទាបនៅរាជធានីភ្នំពេញគឺមានកម្រិតខ្ពស់ ប៉ុន្តែតម្លៃសម្រាប់ខុនដូ និងអចលនទ្រព្យដីដែលទើបដាក់ចេញលក់ថ្មីៗនេះភាគច្រើន គឺខ្ពស់លើសពីតម្លៃដែលទីផ្សារទូទៅមានលទ្ធភាព។ ដោយសារតែតម្លៃអចលនទ្រព្យលំនៅដ្ឋានភាគច្រើនលើសពីលទ្ធភាពរបស់គ្រួសារមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យមកម្រិតទាប ដូចនេះតម្រូវការក្នុងស្រុកនាពេលអនាគតនឹងផ្លាស់ប្តូរពីការទិញ ទៅជាការជួលអចលនទ្រព្យវិញ ។

នេះគឺជាតម្រូវការពិតប្រាកដចុងក្រោយនៃទីផ្សារលំនៅដ្ឋានតម្លៃទាប។ នៅប៉ុន្មានខែចុងក្រោយនេះ ខុនដូតម្លៃទាបដែលលក់ក្នុងតម្លៃ៧៥.០០០ដុល្លារ ឬទាបជាងនេះ ទទួលបានការឆ្លើយតបយ៉ាងល្អពីទីផ្សារ។ ទោះយ៉ាងណា អចលនទ្រព្យទាំងនេះគឺជាគម្រោងធម្មតាដែលនៅឆ្ងាយពីផ្លូវធំ និងព័ទ្ធជុំវិញដោយបរិស្ថានមិនសូវល្អ។

ម្យ៉ាងទៀត វិស័យឯកជន និងសាធារណៈគួរតែធ្វើការរួមគ្នា និងត្រួសត្រាយផ្លូវសម្រាប់ការសាងសង់លំនៅដ្ឋានតម្លៃទាប ព្រោះថាវាអាចបង្កើតអត្ថប្រយោជន៍ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ វាជួយបង្កើនកម្រិតជីវភាពរស់នៅ និងភាពជាម្ចាស់កម្មសិទ្ធិលើផ្ទះក្នុងចំណោមអ្នកទិញផ្ទះដំបូង និងអ្នកមានប្រាក់ចំណូលទាបព្រមទាំងកាត់បន្ថយចំនួននៃការតាំងទីលំនៅអាណាធិបតេយ្យ។ លំនៅដ្ឋានតម្លៃទាបមួយចំនួនត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅជាយរាជធានីភ្នំពេញ ប៉ុន្តែភាគច្រើនអភិវឌ្ឍដោយក្រុមហ៊ុនតូចៗ។

កាលពីឆ្នាំមុនក្រុមហ៊ុន World Bridge និងក្រុមហ៊ុន Straits Construction Singapore Pte. Ltd. ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ។ លើសពីនេះទៀត ក្រសួងរៀបចំដែនដីនៃប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះនឹងសាងសង់ផ្ទះតម្លៃសមរម្យសម្រាប់ប្រជាជនមានប្រាក់ចំណូលទាប។

សង្ឃឹមថានេះនឹងលើកទឹកចិត្តដល់ការអភិវឌ្ឍនូវលំនៅដ្ឋានដែលមានទំហំតូច និងមានតម្លៃសមរម្យបន្ថែមទៀតនៅក្នុងទីផ្សារ។ បើតាមលោក Sokhun Chev មកពីក្រុមហ៊ុន KAT Apprisal Co., Ltd. រាជរដ្ឋាភិបាលបានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការសាងសង់ផ្ទះសម្រាប់គ្រួសារមានប្រាក់ចំណូលទាប និងបានបញ្ជាក់ថា “មនុស្សដែលមិនសូវមាននឹងអាចស្នាក់នៅក្នុងលំនៅដ្ឋានដែលមានស្ថានភាពល្អប្រសើរជាងមុន” ។ លោកស្រី ចាន់ ម្លប់សុខា មកពីការិយាល័យមេធាវី សុខា ជឿជាក់ថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅជាយរាជធានីភ្នំពេញជាមួយនិងការហូរចូលគម្រោងផ្ទះតម្លៃទាបថ្មីរបស់រដ្ឋាភិបាល។ លោកស្រីបានលើកថា “ខ្ញុំគិតថានេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ទីផ្សារអចលនទ្រព្យ ហើយវានឹងជួយបង្កើនចំនួនប្រជាជននៅក្នុងតំបន់នេះ។”

ចំពោះទស្សនៈរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យវិញ ការកើនឡើងនូវតម្លៃដីនឹងអាចធ្វើគម្រោងខុនដូតម្លៃទាបមានភាពផុសស្រួយខាងហិរញ្ញវត្ថុ។ ចំពោះខាងអ្នកទិញវិញ ជំនួយហិរញ្ញវត្ថុគួរតែមានសម្រាប់កម្ចីទិញផ្ទះសម្រាប់អ្នកដែលចង់ទិញផ្ទះតម្លៃទាបនេះ ដើម្បីធានាថាអ្នកទិញដែលមានប្រាក់ចំណូលទាបអាចទិញផ្ទះបានក្នុងតម្លៃសមរម្យ។

ការផ្តួចផ្តើមបែបនេះអាចដោះស្រាយបញ្ហាលំនៅដ្ឋានសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម ប្រជាជនមានប្រាក់ចំណូលទាប និងជនងាយរងគ្រោះបានត្រឹមត្រូវ។

- Video Advertisement -