ដីជាង ២២ ហិកតានៅខេត្តកំពង់ឆ្នាំងនឹងផ្លាស់ប្ដូរមុខមាត់ក្លាយជាលំនៅឋានតម្លៃសមរម្យ

ដីជាង ២២ ហិកតា នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នឹងត្រូវផ្លាស់ប្ដូរមុខមាត់ទៅជាគម្រោងលំនៅឋានតម្លៃសមរម្យដ៏ធំមួយ ដែលមកទល់បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងនេះត្រូវបានក្រុមការងារបច្ចេកទេសដែលដឹកនាំដោយឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងមក។

ក្នុងកិច្ចត្រួតពិនិត្យនេះ ឯកឧត្ដម បេងហុង សុជាតិ បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋកំពុងពិនិត្យលើស្ថានភាពទូទៅនៃភូមិសាស្ត្រដីស្នើសុំអភិវឌ្ឍន៍ សិក្សាផ្នែកហេដ្ឋារចនាសម្ព័ន្ធជុំវិញដី សេវាសាធារណៈដែលបានតភ្ជាប់ជុំវិញ ឯកសារគតិយុត្ត ក៏ដូចជាសក្តានុពលជុំវិញទីតាំងដីនៃគម្រោងផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវិភាគថា តម្រូវការលំនៅឋានដែលមានតម្លៃសមរម្យ បាននិងកំពុងបន្តកើនឡើង ខណៈដែលចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យមមានការកើនឡើងជាបន្តបន្ទាប់។ (អានបន្ថែម)

- Video Advertisement -