ដៃគូឧស្សាហកម្មជាច្រើនកំពុងចាប់អារម្មណ៍ប្រើប្រាស់កម្មវិធី AutoBEM ដើម្បីកាត់បន្ថយការបំភាយឧស្ស័នកាបូនិច

ពីរឆ្នាំបន្ទាប់ពីមន្ទីរពិសោធន៍ជាតិ Oak Ridge របស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានផ្តល់គំរូអគារទាំងអស់នៅអាមេរិក ពេលនេះដៃគូពាណិជ្ជកម្មកំពុងប្រើប្រាស់ឧបករណ៍សម្រាប់កិច្ចការនានាចាប់ពីការរចនាអគារ និងទីក្រុងដែលផ្តោតសំខាន់ការសន្សំសំចៃថាមពល រហូតដល់ការភ្ជាប់ប្រសិទ្ធភាពថាមពលទៅនឹងតម្លៃអចលនទ្រព្យ និងហានិភ័យនៅពេលអនាគត។

ក្រុមហ៊ុនអន្តរជាតិដូចជា Google និង SmithGroup កំពុងចែករំលែកអត្ថប្រយោជន៍ និងរៀបចំទិន្នន័យ ដើម្បីសាធារណជនអាចទាញយកមកប្រើប្រាស់បាន។ ដោយសារវិស័យសំណង់បានប្រើប្រាស់ថាមពលស្មើ 40% នៃថាមពលនៅក្នុងសហរដ្ឋអាមេរិក ដូចនេះការបង្កើនប្រសិទ្ធភាពរបស់វាគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះគោលដៅកាត់បន្ថយឧស្ម័នកាបូនសាយភាយ (Decarbonization) ថ្នាក់ជាតិ។

អ្នកដឹកនាំគម្រោង Joshua New បាននិយាយថា ក្រុមហ៊ុនជាច្រើនបានស្នើសុំទិន្នន័យពីកម្មវិធី Automatic Building Energy Modeling software របស់ ORNL ឬ AutoBEM។ គាត់ និងក្រុមរបស់គាត់បានបង្កើត AutoBEM ដោយប្រើកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីរចនាស្រទាប់ទិន្នន័យជារូបភាពជាមួយនឹងព័ត៌មានអំពីអគារនីមួយៗ ដូចជាទំហំ ការប្រើប្រាស់ សម្ភារៈសំណង់ និងបច្ចេកវិទ្យាកម្តៅ និងត្រជាក់។

លោក Joshua New បាននិយាយថា “ប្រធានបទរួម គឺដើម្បីបង្កើតឌីជីថលភ្លោះ (Digital Twin) នៃអគារទំាងឡាយដែលបានសាងសង់ក្នុងសហរដ្ឋអាមេរិក”។ “យើង​អាចសាកល្បងចម្លងទិន្នន័យសប្បនិម្មិតកំពុងប្រើប្រាស់ក្នុង​ទីផ្សារ ដើម្បីស្វែងរកកម្មវិធី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាមពល និង​ប៉ះប៉ូវ​ជាមួយ​នឹង​ប្រភពថាមពល​កកើត​ឡើង​វិញ”។​

កម្មវិធីនេះបានសាកល្បងចម្លងគំរូជាសប្បនិម្មិត លើការប្រើប្រាស់ថាមពលសម្រាប់រចនាសម្ព័ន្ធចំនួន 123 លានគំរូ ដែលតំណាងឱ្យ 98% នៃអគារក្នុងសហរដ្ឋអាមេរិក។ ក្រុមការងាររបស់លោក Joshua New កំពុងធ្វើបច្ចុប្បន្នភាពកម្មវិធីនៅឆ្នាំនេះ ដើម្បីឱ្យព័ត៌មាននៃសំណង់កាន់តែលម្អិត និងសុក្រឹតភាព។

Google កំពុងប្រើប្រាស់ AutoBEM ដើម្បីកែលម្អមុខងារ Environment Insights Explorer ដោយឥតគិតថ្លៃរបស់ខ្លួន ដែលបានចាប់ផ្តើមនៅឆ្នាំ 2018 ដើម្បីជួយទីក្រុងនានាជុំវិញពិភពលោកទទួលស្គាល់ប្រភពនៃឧស្ម័នផ្ទះកញ្ចក់ និងស្វែងរកឱកាសកាត់បន្ថយវា។ លោក Saleem Van Groenou អ្នកគ្រប់គ្រងផលិតផលសម្រាប់ Environmental Insights Explorer បាននិយាយថា Google ចង់បញ្ចូលការសាកល្បងគំរូសប្បនិម្មិត ដើម្បីទទួលបានប្រសិទ្ធភាពថាមពលច្បាស់លាស់បន្ថែមទៀតសម្រាប់អគារ។

លោក Van Groenou បាននិយាយថា “មន្ទីរពិសោធន៍ Oak Ridge មានជំនាញស៊ីជម្រៅជាងគេក្នុងការកសាងប្រព័ន្ធថាមពល និងការគ្រប់គ្រងគំរូ និងសកម្មជាងយើងនូវកិច្ចការដែលយើងកំពុងធ្វើ”។ “ឥឡូវនេះយើងអាចជួយទីក្រុងនានាផ្តោតកាន់តែខ្លាំងលើអ្វីដែលគួរធ្វើការផ្លាស់ប្តូរ បន្ទាប់មកតាមដានផលប៉ះពាល់នៃការផ្លាស់ប្តូរទាំងនោះតាមពេលវេលា។”

លោក Van Groenou បាននិយាយថា Google កំពុងរួមបញ្ចូលគ្នានូវគុណសម្បត្តិនៃការកសាងទិន្នន័យរបស់ខ្លួនជាមួយនឹងសមត្ថភាពរបស់ ORNL ក្នុងការពង្រីកគំរូថាមពល និងបង្កើតក្បួនដោះស្រាយតាមរយៈការសិក្សាដោយម៉ាស៊ីនកុំព្យូទ័រ (Machine learning)។

Google គឺជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗចំនួនប្រាំដែលរួមចំណែកក្នុងការកសាងទិន្នន័យ ដោយចំណាយធនធានជាច្រើន ទាំងបុគ្គលិក និងឧបករណ៍ដល់ភាពជាដៃគូរបស់ AutoBEM។

អ្នកប្រើប្រាស់ភាគច្រើននៃ AutoBEM ផ្តោតលើអគារដែលមានស្រាប់ ប៉ុន្តែ SmithGroup ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម និងវិស្វកម្មអន្តរជាតិ ទទួលយកវិធីសាស្រ្តនៃការបញ្ចូលប្រសិទ្ធភាពពីប្លង់មេដំបូង ដោយមិនពឹងផ្អែកគំរូអគារដែលសង់ហើយនោះទេ។

លោក Stet Sanborn ជាអ្នកគ្រប់គ្រងកិច្ចសហការ ORNL សម្រាប់ SmithGroup បាននិយាយថា “ចំណាប់អារម្មណ៍របស់យើងចំពោះ AutoBEM និងការធ្វើការជាមួយមន្ទីរពិសោធន៍ គឺកើតចេញពីតម្រូវការយ៉ាងកំហុកក្នុងការធ្វើមាត្រដ្ឋានការងារដែលយើងកំពុងសិក្សាស្រាវជ្រាវដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ”។

“ជាក់ស្តែង ចំនួនអគារដែលយើងត្រូវយកចិតទុកដាក់ ហើយសន្ទុះដែលយើងត្រូវសិក្សាវា គឺលើសពីសមត្ថភាពរបស់បុគ្គលម្នាក់ៗអាចធ្វើបានក្នុងមួយជីវិតរបស់ពួកគេ។ ហើយ​យើង​ត្រូវ​សម្រេចឱ្យបាន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ»។ គាត់បានចង្អុលបង្ហាញថាសមត្ថភាពរបស់ AutoBEM ដើម្បីដំណើរការគំរូថាមពល 200,000 ក្នុងរយៈពេលតិចជាងមួយម៉ោង ហើយទិន្នផលនេះ វាស្មើនឹងបុគ្គលិកម្នាក់ដែលធ្វើការពេញម៉ោង ហើយត្រូវប្រើពេលរហូតដល់ 365 ឆ្នាំ។

SmithGroup បានលើកឡើងថា ORNL បានសាកល្បងលទ្ធភាពគំរូរួមបញ្ចូលគ្នានៃប៉ារ៉ាម៉ែត្រប្លង់រចនា ប្រភេទអគារ និងទៅតាមតំបន់ដែលមានអាកាសធាតុខុសៗគ្នានៅក្នុងសហរដ្ឋអាមេរិក។ ព័ត៌មាននេះត្រូវបានប្រើដើម្បីជួយដល់ឧបករណ៍បញ្ញាសិប្បនិមិត្ត ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមានលទ្ធភាពសាកល្បងជាមុននូវប្រសិទ្ធភាពថាមពល និងផលប៉ះពាល់បរិស្ថានជាមូលដ្ឋានក្នុងការរចនាសម្រាប់អគារណាមួយ។

AutoBEM ក៏រួមបញ្ចូលផងដែរនូវសេណារីយ៉ូនៃការប្រែប្រួលអាកាសធាតុដែលកំណត់ដោយក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ ដែលយកគំរូតាមវិទ្យាស្ថានវិទ្យាសាស្ត្រការប្រែប្រួលអាកាសធាតុនៅ ORNL។ លក្ខណៈពិសេសនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ដៃគូ LightBox ដែលជាកម្មវិធីមួយសម្រាប់ការគូសវាសផែនទី និងវិភាគព័ត៌មានអចលនទ្រព្យ។

លោក Zach Wade អនុប្រធាន LightBox ទទួលបន្ទុកវិទ្យាសាស្ត្រទិន្នន័យ បាននិយាយថា “ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យក្នុងវិស័យពាណិជ្ជកម្ម និងទីតាំងឆ្លាតវៃសម្រាប់ឧស្សាហកម្មដៃគូរបស់យើង យើងផ្តល់ជូននូវសំណុំទិន្នន័យថ្មីដែលមានសារៈសំខាន់សម្រាប់ការយល់ដឹងអំពីហានិភ័យថ្មីៗ”។ “LightBox គ្រោងនឹងប្រើប្រាស់ AutoBEM ដើម្បីយកគំរូតាមតម្លៃថាមពល និងប្រតិបត្តិការរយៈពេលវែងនៃអគារ និងគាំទ្រការយល់ដឹង និងការរាយការណ៍អំពីការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការផ្តល់ព័ត៌មានដ៏មានតម្លៃដល់អ្នកវិនិយោគអចលនទ្រព្យ ឈ្មួញកណ្តាល អ្នកផ្តល់ប្រាក់កម្ចី និងធនាគារ អ្នកវាយតម្លៃ វិស្វករ និងក្រុមហ៊ុនប្រឹក្សាបរិស្ថាន។”

LightBox និងដៃគូផ្សេងទៀតនឹងផ្តល់អត្ថប្រយោជន៍ដល់ AutoBEM តាមរយៈការរួមចំណែកសំណុំទិន្នន័យ ដូចជាប្លង់អគារ ព័ត៌មានលម្អិតខាងក្នុង ព្រំប្រទល់ដី និងព័ត៌មានហិរញ្ញវត្ថុ ដើម្បីកែលម្អការការសាកល្បងគំរូសប្បនិម្មិតនាពេលអនាគត។

លើសពីនេះទៀត ដៃគូដូចជា SmithGroup និង Google បានប្តេជ្ញាចែករំលែកសំណុំទិន្នន័យដែលបានបង្កើតឡើងដោយប្រើ AutoBEM ។ “ទីផ្សារទាំងមូលត្រូវតែផ្លាស់ប្តូរ នេះហើយជាកន្លែងដែលទាក់ទងជាមួយកម្មវិធី AutoBEM ដែលវាក្លាយជារឿងសំខាន់មិនគួរឱ្យជឿ”។ នេះបើយោងតាមការលើកឡើងរបស់លោក Sanborn និងបានពន្យល់ប្រៀបប្រដូចថា “យើងមិនចង់លាក់បាំងគ្រឿងសម្ល ឬកំណត់សមត្ថភាពរបស់មនុស្សគ្រប់គ្នាក្នុងការជំរុញប្រសិទ្ធភាពឆ្លើយតបទៅនឹងអ្វីដែលជាគ្រោះអាសន្នសម្រាប់អាកាសធាតុពិតប្រាកដនៅពេលអនាគតនោះទេ។”

ដៃគូ AutoBEM ផ្សេងទៀតរួមមាន ក្រុមហ៊ុនផលិតកញ្ចក់ Cardinal Glass Industries និង Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បីនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Cardinal Glass គឺអ្នកផ្គត់ផ្គង់កញ្ចក់ដល់ក្រុមហ៊ុនផលិតបង្អួចកំពុងប្រើកម្មវិធីនេះដើម្បីយល់ពីដំណើរការថាមពលនៃប្រភេទបង្អួចផ្សេងៗគ្នានៅក្នុងតំបន់ខុសៗគ្នា និងសេណារីយ៉ូអាកាសធាតុ ដើម្បីប្រៀបធៀប និងការបង្កើនប្រសិទ្ធភាព។

ដោយឡែក ក្រុមហ៊ុន Bentley Systems កំពុងស្រាវជ្រាវពីរបៀបប្រើប្រាស់កូនភ្លោះឌីជីថល សម្រាប់ទីក្រុង និងការកសាងគំរូថាមពល ដើម្បីបង្កើនប្រសិទ្ធភាពនៃការរចនាអគារ និងការកាត់បន្ថយការបំភាយឧស្ម័តកាបូនិច ។

“ការភ្ញាក់ផ្អើលដ៏ធំបំផុត គឺចំនួននៃការចាប់អារម្មណ៍ពីក្រុមហ៊ុន និងសំណុំគំរូទិន្នន័យ ឬការវិភាគដែលពួកគេស្នើសុំ”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Joshua New ។

ការអភិវឌ្ឍន៍ ការពង្រីក និងកិច្ចសហការរបស់ AutoBEM ត្រូវបានផ្តល់មូលនិធិដោយអគ្គនាយកដ្ឋានថាមពល (DOE) ការិយាល័យថាមពលកកើតឡើងវិញ (EERE) និងរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ (NNSA) របស់សហរដ្ឋអាមេរិក ដោយក្រុមស្រាវជ្រាវបានប្រើប្រាស់អានុភាពនៃកុំព្យូទ័រដ៏ទំនើបដែលផ្តល់ដោយមន្ទីរពិសោធន៍ជាតិ Argonne ។  ប្រភព energy.gov/science

Credit៖ ORNL នាយកដ្ឋានថាមពលសហរដ្ឋអាមេរិក

កម្មវិធីកុំព្យូទ័រ AutoBEM របស់ Oak Ridge នៃមន្ទីរពិសោធន៍ជាតិអាមេរិក កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការងារស្ថាបត្យកម្ម ការធ្វើផែនការទីក្រុង អចលនទ្រព្យ និងប្រសិទ្ធិភាពឧស្សាហកម្មលំនៅឋាន។ អ្នកប្រើប្រាស់បានទាញយកអត្ថប្រយោជន៍ពីគំរូថាមពលនៃអគារស្ទើរតែគ្រប់មុខងារទាំងអស់នៅក្នុងសហរដ្ឋអាមេរិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]