តម្រូវការសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មកើនឡើងស្របពេលក្រុមហ៊ុនផលិតរបស់ចិនធ្វើការផ្លាស់ប្តូរផលិតកម្មទៅក្រៅប្រទេស
តំបន់ឧស្សាហកម្មជាច្រើនបានរាយការណ៍ថា តម្រូវការបានកើនឡើងពីក្រុមហ៊ុនផលិតរបស់ចិន ដែលកំពុងសម្លឹងរកការប្តូរទីលំនៅមកកម្ពុជា ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលបានធ្វើឱ្យផលិតផលដែលផលិតនៅក្នុងប្រទេសចិនមានតម្លៃពន្ធខ្ពស់។ ជាលទ្ធផល ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មកំពុងស្វែងរកព័ត៌មានពីក្រុមហ៊ុនចិនដែលចង់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួនពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍និងប្រទេសកម្ពុជា បានក្លាយទៅជាគោលដៅមួយសម្រាប់ផែនការតាំងទីតាំងថ្មីរបស់ពួកគេ។
ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ វៀតណាមគឺជាប្រទេសដែលទទួលបានអត្ថប្រយោជន៍ធំបំផុតពីការផ្លាស់ប្តូរទីតាំងរបស់ក្រុមហ៊ុនផលិតរបស់ប្រទេសចិនប៉ុន្តែ ប្រទេសកម្ពុជាក៏ទទួលផលប្រយោជន៍ផងដែរ។ ជាមួយនឹងការកើនឡើងនៃតម្លៃពលកម្ម និងការបង្កើនបទបញ្ជានៅក្នុងប្រទេសចិន បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងប្រុងប្រៀបត្រៀមខ្លួនដើម្បីបន្តធ្វើការងារនេះ ដូច្នេះប្រទេសភាគច្រើន រួមទាំងប្រទេសកម្ពុជា មានគុណសម្បត្តិក្នុងការក្លាយជាទីតាំងភូមិសាស្រ្តដែលនៅជិតប្រទេសចិន និងមានកំរៃផលិតកម្ម (រួមទាំងប្រាក់ឈ្នួលទាប និងប្រជាជនវ័យក្មេង) ។ នេះបានទាក់ទាញក្រុមហ៊ុនពហុជាតិក៏ដូចជាក្រុមហ៊ុនផលិតរបស់ចិនដើម្បីប្តូរទីតាំងរោងចក្រផលិតទៅតំបន់អាស៊ីអាគ្នេយ៍ ដែលអាចឱ្យពួកគេបម្រើទីផ្សារចិនក្នុងស្រុកដ៏ធំសម្បើម និងកាត់បន្ថយការចំណាយថ្លៃផលិត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិនគឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតនៅក្នុងវិស័យផលិតកម្មនៅក្នុងប្រទេសកម្ពុជា និងអចលនទ្រព្យឧស្សាហកម្មមួយចំនួន។ ការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងវិស័យផលិតកម្មរបស់កម្ពុជាកំពុងកើនឡើងមុនពេលសង្រ្គាមពាណិជ្ជកម្មបានកើតឡើង ហើយឥឡូវនេះ កំពុងឃើញមានការចូលរួមកាន់តែច្រើនពីប្រទេសចិន។ លើសពីនេះទៀត តម្រូវការអាចនឹងកើនឡើងបន្ថែមទៀត ប្រសិនបើពន្ធគយរបស់សហរដ្ឋអាមេរិកជំរុញឲ្យក្រុមហ៊ុនផលិតចេញពីប្រទេសចិនបន្ថែមទៀត។ នេះអាចនឹងជាមូលដ្ឋានសម្រាប់កំណើនកាន់តែច្រើន និងជួយប្រទេសកម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយសម្រាប់ឧស្សាហកម្មផលិតកម្ម។
ទោះបីជាសង្រ្គាមពាណិជ្ជកម្មកំពុងជួយជំរុញឲ្យមានការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏កត្តាជាច្រើនដូចជាកំណើនតម្លៃពលកម្មនៅក្នុងប្រទេសចិន និងការធ្វើពិពិធកម្មយ៉ាងទូលំទូលាយនៃការផលិតរបស់ចិន ដើម្បីកាត់បន្ថយហានិភ័យនាពេលអនាគតជាដើម នឹងក្លាយជាគន្លឹះក្នុងការកំណត់កំណើននៃការវិនិយោគលើអចលនទ្រព្យឧស្សាហកម្ម។ ជាមួយនឹងគុណសម្បត្តិដែលបង្កើតឡើងដោយការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម និងគោលនយោបាយដោយរាជរដ្ឋាភិបាលកម្ពុជា ទីផ្សារអចលនទ្រព្យឧស្សាហកម្មកំពុងទទួលបានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍន៍។ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពទាក់ទាញនៃតំបន់ឧស្សាហកម្ម គ្រប់តំបន់ឧស្សាហកម្មនានានៅកម្ពុជាគួរតែផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងនគរូបនីយកម្មឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាមួយនឹងការរៀបចំផែនការ ការតភ្ជាប់ និងការធ្វើសមកាលកម្មដែលមានលក្ខណៈជាប្រព័ន្ធដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍ និងការប្រកួតប្រជែងនៃតំបន់ឧស្សាហកម្មនាពេលអនាគត។ លើសពីនេះទៀត បទបញ្ជាសម្រាប់ការវិនិយោគ ពន្ធដារ ហិរញ្ញវត្ថុនិងដីធ្លី ដើម្បីទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងសួនឧស្សាហកម្មគឺចាំបាច់ ហើយទាំងនេះគឺជាកត្តាសំខាន់ដើម្បីទាក់ទាញវិនិយោគិន។
សម្រាប់មតិខ្លះយល់ថា ជាមួយនឹងហេដ្ឋារចនាសម្ពន្ធ័ បូករួមទាំងអ្នកមានទេពកោសល្យដ៏ច្រើនរបស់ចិន នេះជាជម្រើសដ៏ទូលំទូលាយមួយក្នុងចំណោមហេតុផលដទៃទៀត ដែលធ្វើអោយកម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញជាមូលដ្ឋានផលិតកម្មសម្រាប់ក្រុមហ៊ុនផលិតចម្រុះជាតិសាសន៍ និងក្រុមហ៊ុនចិន។ ដូច្នេះ ដើម្បីទាក់ទាញ និងរក្សាវិនិយោគិនក្នុងរយៈពេលវែងបន្ទាប់ពីសង្រ្គាមពាណិជ្ជកម្មអាមេរិក – ចិន វាគឺជាពេលវេលាសម្រាប់ប្រទេសកម្ពុជាក្នុងការសម្រួលនីតិវិធីរដ្ឋបាល និងបង្កើនការតភ្ជាប់សម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម។ កម្ពុជាត្រូវបន្តវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវហាយវ៉េ កំពង់ផែទឹកជ្រៅ និងសំខាន់បំផុតដែលធ្វើអោយប្រសើរឡើងនូវគុណភាពនៃការផ្គត់ផ្គង់ទឹក និងអគ្គិសនី។ វាពិតជាមានតម្រូវការចាំបាច់ក្នុងការបន្តនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ ដើម្បីគាំទ្រដល់ការដឹកទំនិញទៅកាន់ប្រទេសផ្សេងទៀតតាមរយៈការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ។ល។ បន្ទាប់មក ការកើនឡើងយ៉ាងខ្លាំងនៃការវិនិយោគផ្ទាល់ពីបរទេសរួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលបានកែលម្អ និងការផ្លាស់ប្តូរនៅក្នុងសង្វាក់ផលិតកម្ម នឹងបន្តបើកឱកាសសម្រាប់ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅកម្ពុជាក្នុងឆ្នាំខាងមុខនេះ។
- Video Advertisement -