តើការទិញលំនៅឋានមុនគម្រោងបើកការដ្ឋានសាងសង់ជាជម្រើសល្អ ឬហានិភ័យ?
សរសេរដោយ Harbor property
នៅពេលនិយាយអំពីការទិញអចលនទ្រព្យយសម្រាប់វិនិយោគ ឬស្នាក់នៅ ជាទូទៅអ្នកទិញមានជម្រើស ៣៖ ១. ទិញអចលនទ្រព្យដែលបានបញ្ចប់ការសាងសង់ទាំងស្រុង ២. ទិញអចលនទ្រព្យដែលកំពុងសាងសង់ និង ៣. ទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋានសាងសង់។
ក្នុងចំណោមជម្រើសទាំង ៣ ខាងលើ ការទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋាន ទទួលបានការចាប់អារម្មណ៍ខ្លាំងចំណោមអ្នកទិញមួយចំនួនដោយសារហេតុផលដ៏ទាក់ទាញចំនួន៣។
ទី១ ប្រសិនបើអ្នកទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋាន អ្នកអាចទិញក្នុងតម្លៃក្រោមទីផ្សារ ហើយអាចលក់បន្តដើម្បីទទួលបានប្រាក់ចំណេញ ប្រសិនបើអ្នកជាអ្នកវិនិយោគ។ ទី២ អ្នកអាចមានសិទ្ធក្នុងការជ្រើសរើសទីតាំង ឫយូនីតដែលអ្នកពេញចិត្តមុនគេ។ ទី៣ អ្នកនឹងទទួលបានជម្រើសបង់ប្រាក់ដ៏ល្អពីអ្នកអភិវឌ្ឍន៍ជាមួយនឹងអត្រាការប្រាក់ទាប ប្រសិនបើអ្នកបង់រំលោះប្រចាំខែ។
ទោះជាយ៉ាងណាក៏ដោយ ការទិញលំនៅឋានមុនគម្រោងបើកការដ្ឋាន អ្នកក៏អាចនឹងប្រឈមនឹងហានិភ័យដែលអ្នកអភិវឌ្ឍន៍ខកខានក្នុងការបញ្ចប់គម្រោង ឬមិនបានចាប់ផ្តើមសាងសង់គម្រោង បន្ទាប់ពីអ្នកបង់ថ្លៃពេញ ឬបង់រំលោះអចលនទ្រព្យរបស់អ្នក។
ថ្មីៗនេះមានការតវ៉ាពីសំណាក់អតិថិជនមួយចំនួន ដែលបានទិញលំនៅឋានមុនគម្រោងបើកការដ្ឋានពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីមួយនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
អ្នកស្រី ទិត្យ ប៊ុណ្ណា ជាកម្មការិនីរោងចក្រ និងជាអតិថិជនម្នាក់បានឱ្យដឹងថា៖ «ខ្ញុំបានទិញលំនៅឋាន នៅឆ្នាំ ២០១៨ ដោយបានបង់ប្រាក់គ្រប់ចំនួន១០០% ហើយក្រុមហ៊ុនបានសន្យាថានឹងសាងសង់ផ្ទះរបស់ខ្ញុំចប់ក្នុងរយៈពេល ១៨ខែ ហើយដែលអាចពន្យាពេល ៤ខែបន្ថែម។ ប៉ុន្តែ ឥឡូវនេះគឺខែកុម្ភៈ ឆ្នាំ២០២២ហើយ ផ្ទះរបស់ខ្ញុំនៅតែមិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ»។
ដូច្នេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរសិក្សាអំពីអ្នកអភិវឌ្ឍន៍ឱ្យបានលម្អិតដូចជាជីវប្រវត្ត កេរ្តិ៍ឈ្មោះ និងប្រភពហិរញ្ញវត្ថុរបស់ពួកគេជាដើម មុនពេលអ្នកសម្រេចចិត្តទិញ។
ជម្រើសមួយទៀត អ្នកគួរស្វែងរកសេវាកម្មប្រឹក្សារយោបល់ពីមេធាវី ភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈដែលអាចជឿទុកចិត្តបាន ដើម្បីជួយអ្នកជ្រើសរើស។
លោក យឹង សាមឌី គឺជាមេធាវីដែលមានបទពិសោធន៍យូរឆ្នាំនៅការិយាល័យមេធាវី L.D.R. ដែលបានចូលរួមក្នុងការដោះស្រាយវិវាទរវាងអ្នកអភិវឌ្ឍន៍ និងអតិថិជនដែលបានទិញលំនៅឋានមុនគម្រោងបើកការដ្ឋាននាពេលកន្លងមក។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកចង់ទិញលំនៅឋានមុនគម្រោងបើកការដ្ឋាន អ្នកគួរតែស្វែងរកដំបូន្មាន ឬសេវាកម្មពីមេធាវីមុននឹងសម្រេចចិត្តទិញលំនៅឋាន ដើម្បីធានាថាអ្នកកំពុងទិញអចលនទ្រព្យល្អពីអ្នកអភិវឌ្ឍន៍ត្រឹមត្រូវស្របច្បាប់»។
លោកបានបន្ថែមថា តាមផ្លូវច្បាប់ មុននឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការសាងសង់ និងលក់គម្រោងណាមួយ អ្នកអភិវឌ្ឍអចលនទ្រព្យត្រូវតែទទួលបានការអនុម័តគម្រោងពីក្រសួងពាក់ព័ន្ធជាមុនសិន។
មុននឹងទទួលបានការអនុម័តពីក្រសួង អ្នកអភិវឌ្ឍន៍ត្រូវមានដើមទុនបម្រុងមួយចំនួនដែលតម្រូវដោយច្បាប់ អាជ្ញាប័ណ្ណសាងសង់ ការចុះបញ្ជីក្រុមហ៊ុន អាជ្ញាប័ណ្ណគម្រោង ប្លង់មេគម្រោង និងប្លង់រឹងបំបែកក្បាលដីទៅឱ្យអតិថិជន។
ដោយសារតែមូលហេតុនេះហើយ ដែលវិនិយោគិន ឬអ្នកទិញផ្ទះគួរតែស្វែងរកដំបូន្មានផ្នែកច្បាប់ ឬសេវាកម្មពីមេធាវីដើម្បីជៀសវាងហានិភ័យនានា នៅពេលពួកគេទិញលំនៅឋានមុនគម្រោង ព្រោះមេធាវីនឹងធ្វើការ សិក្សាស៊ីជម្រៅអំពីគម្រោងជាពិសេសខាងផ្លូវច្បាប់ មុននឹងណែនាំអតិថិជនឱ្យទិញលំនៅឋានពីគម្រោងណាមួយ។
- Video Advertisement -