តើខណ្ឌជ្រោយចង្វារអាចក្លាយជាតំបន់ពាណិជ្ជកម្ម (CBD) នៃក្រុងភ្នំពេញដែរឬទេ?

ក្នុងចំណោមតំបន់ជាយក្រុងទាំងអស់ក្នុងរាជធានីភ្នំពេញ ជ្រោយចង្វារត្រូវបានចាត់ទុកថាជាខណ្ឌដែលមានការអភិវឌ្ឍន៍លឿនជាងគេខាងវិស័យអចលនទ្រព្យ។ ទន្ទឹមនឹងនេះ ខណ្ឌមួយនេះបានទាក់ទាញនូវគម្រោងវិនិយោគជាច្រើនដូចជា ទីក្រុងរណប Garden City ទីក្រុងរណបជ្រោយចង្វារ គម្រោងខុនដូ បុរី និងដីឡូតិ៍ជាដើម។

អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. មានប្រសាសន៍ថា ជ្រោយចង្វារជាខណ្ឌអំណោយផលដល់គម្រោងលំនៅឋាន ដែលអមដោយទន្លេ ២ គឺទន្លេសាប និងទន្លេមេគង្គ។

«ដោយផ្អែកលើសក្ដានុពលនៃគម្រោងអភិវឌ្ឍន៍ ខណ្ឌនេះអាចនឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មី (CBD) នៃរាជធានីភ្នំពេញនាពេលខាងមុខ បន្ទាប់ពីខណ្ឌចំការមន បឹងកេងកង ដូនពេញ ៧មករា និងខណ្ឌទួលគោក»។

អ្នកស្រីបានបន្តថា បើនិយាយអំពីការអភិវឌ្ឍន៍អចលនទ្រព្យ ខណ្ឌជ្រោយចង្វារបានទាក់ទាញគម្រោងខុនដូប្រណិតៗជាច្រើនដូចជា គម្រោង MORGAN ENMAISON ដែលមានអគារសរុបចំនួន ៥ (២ អគារមានកម្ពស់៤៨ជាន់ និង៣អគារមានកម្ពស់ ៥៤ជាន់) ខុនដូ WEALTH MANSION កម្ពស់៤៥ជាន់ ខុនដូ LA VISTA ONE កម្ពស់៤១ជាន់ និងគម្រោងខុនដូ The Peninsular Private Residence កម្ពស់២៥ជាន់។

ក្រៅពីខុនដូ ជ្រោយចង្វារមានគម្រោងលំនៅឋានកម្រិតមធ្យមដល់កម្រិតខ្ពស់ជាច្រើនរួមមាន បុរីដឹមេគង្គរ៉ូយ៉ាល់ បុរីប៉េងហួត ផាកលែន៦A ដោយក្រុមហ៊ុនជីប ម៉ុងលែន បុរីភ្នំពេញផាក បុរីម័រហ្គែនផាកវីឡា បុរីណាឌី បុរីឌឹផ្លរ៉ា និងមានគម្រោងលំនៅឋានជាច្រើនទៀត។

ចំណែកឯគម្រោងលំនៅឋានតម្លៃសមរម្យ បុរី ឡេង ណាវ៉ាត្រា ក៏បានបើកដំណើរការគម្រោងដ៏ធំបំផុតនៅក្នុងខណ្ឌនេះផងដែរ ជាមួយនឹងតម្លៃទាបបំផុតដោយចាប់ផ្ដើមត្រឹម ៣ម៉ឺនដុល្លារក្នុងមួយយូនីត។

តម្លៃដីនៅខណ្ឌជ្រោយចង្វារ

ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃខណ្ឌជ្រោយចង្វារបានជំរុញឱ្យតម្លៃដីធ្លីកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បើទោះបីជាមានផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩យ៉ាងណាក្ដី។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុក លោក ម៉ែន វិជ្ជាកា នាយកសាខាក្រុមហ៊ុន Century 21 Zillion Holding មានប្រសាសន៍ថា តម្លៃដីនៅខណ្ឌជ្រោយចង្វារបានបន្តកើនឡើង ដោយសារតែមានលំហូរនៃការអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់នេះ ជាពិសេសគម្រោងបុរី និងខុនដូ។

ក្នុងខណ្ឌជ្រោយចង្វារ សង្កាត់បាក់ខែង និងកោះដាច់ មានតម្លៃដីទាប។ តម្លៃដីនៅបាក់ខែងអាចរកបានពី ២០០ ទៅ ៨០០ ដុល្លារ/ម៉ែត្រការ៉េ នៅតាមដងផ្លូវធំៗ និងពី៨០ ទៅ ៣០០ ដុល្លារ/ម៉ែត្រការ៉េនៅតាមផ្លូវលំតូចៗ ខណៈតម្លៃដីនៅកោះដាច់មានតម្លៃចាប់ពី ៥០ ទៅ ៣០០ ដុល្លារ/ម៉ែត្រការ៉េអាស្រ័យលើទីតាំង។

លោកបានបន្ថែមថា តម្លៃដីក្នុងសង្កាត់ទាំង ២ នេះមានអត្រាក្នុងការឡើងថ្លៃខ្ពស់ប្រចាំឆ្នាំ។

ដោយ សង្កាត់ ៣ ផ្សេងទៀត មានតម្លៃខ្ពស់។ សង្កាត់ជ្រោយចង្វារមានតម្លៃដីចាប់ពី ៨០០ ទៅ ៣.៥០០ដុល្លារ ព្រែកលៀបចាប់ពី ២០០ ទៅ ២.៥០០ដុល្លារ និងព្រែកតាសេក ៨០ ទៅ ៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំងសក្តានុពលរបស់សង្កាត់នីមួយៗ។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខណ្ឌជ្រោយចង្វារ

គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន បាន និងកំពុងសាងសង់នៅក្នុងខណ្ឌ ដើម្បីឆ្លើយតបទៅនឹងល្បឿននៃការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។ ជាក់ស្ដែង រោងចក្រប្រព្រឹត្តិកម្មទឹកកង្វក់ក្នុងសង្កាត់បាក់ខែងបានចាប់ផ្ដើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១មកម្លេះ ដោយចំណាយថវិកាប្រមាណ១៩០លានដុល្លារអាមេរិក។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកង្វក់ដ៏ធំមិនធ្លាប់មានក្នុងប្រទេសកម្ពុជា នឹងត្រូវអនុវត្តជា២ដំណាក់កាល៖ ដំណាក់កាលទី១ អាចផលិតទឹកស្អាតបានរហូតដល់ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ និងដំណាក់កាលទី២ បាន ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ រដ្ឋក៏គ្រោងនឹងសង់ផ្លូវថ្មីចំនួន២ខ្សែក្នុងខណ្ឌនេះផងដែរ។ នៅក្នុងកិច្ចប្រជុំតាមប្រពន្ធវីដេអូ zoom នៅខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងសាងសង់ផ្លូវចំនួន ២ បន្ថែមទៀត ក្នុងសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ដោយតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះ-ឈ្នះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា ផ្លូវទាំង ២ ខ្សែនេះ នឹងសម្រួលចរាចរណ៍ក្នុងខណ្ឌជ្រោយចង្វារ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៦A ហើយនឹងប្រើប្រាស់សម្រាប់សម្រួលការធ្វើដំណើរទៅកាន់ពហុកីឡាដ្ឋានមរតកតេជោ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។

សរសរដោយ Harbor Property
https://www.harbor-property.com/km/wiki/detail/305

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]