តើគម្រោងអភិវឌ្ឍប្រភេទណាដែលកំពុងទាក់ទាញវិនិយោគិន?
ដោយ អ្នកវិភាគលោក Eric Wong Chon Lap
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការលំនៅដ្ឋាននៅកម្ពុជា បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យមានគម្រោងអភិវឌ្ឍន៍ ជាច្រើនរីកដូចផ្សិត ជាពិសេសនៅក្នុងទីក្រុងភ្នំពេញក៏ដូចជាតំបន់នៅជិតទីក្រុង។
តម្លៃលក់គម្រោងនានាដូចជា ខុនដូ ផ្ទះល្វែង វីឡា និងផ្ទះអាជីវកម្ម ក៏កើនឡើងជាបន្តបន្ទាប់។ ដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត ជាពិសេសគម្រោងអភិវឌ្ឍន៍ក្នុងក្រុង បានធ្វើឱ្យតម្លៃនៅតែបន្តកើនឡើង។
ដោយសារតែទីផ្សារក្នុងក្រុងចាប់ផ្ដើមចង្អៀត ហើយតម្លៃកើនខ្លាំង បានធ្វើឱ្យទីតាំងជាយក្រុងដូចជា ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងតំបន់តាមបណ្ដោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ក្លាយជាទីតាំងសក្ដានុពលសម្រាប់ទាំងអ្នកអភិវឌ្ឍ និងអ្នកវិនិយោគ។
មានកត្ដាជាច្រើនដែលធ្វើឱ្យតំបន់ជាយក្រុងទាំងនោះមានសន្ទុះ។ ហេតុផលទី១ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នៅក្នុងតំបន់នោះ ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកពីទីក្រុងភ្នំពេញ។ ឧទាហរណ៍ដូចជាទីតាំងស្របតាមមហាវិថីសម្ដេច ហ៊ុន សែន បានក្លាយជាទីតាំងល្អបំផុតសម្រាប់ការវិនិយោគ ក្រោយផ្លូវមួយខ្សែនេះបើកឱ្យដំណើរការ។
ហេតុផលទី ២ គឺបច្ចុប្បន្នអ្នកអភិវឌ្ឍភាគច្រើន ដូចជាបូរីដែលមានទីតាំងនៅជាយក្រុង បានផ្ដល់នៅជម្រើសច្រើនដល់អ្នកទិញ។ ដោយសារតែមានផ្ទៃដីធំក្នុងការអភិវឌ្ឍ អ្នកទិញអាចមានជម្រើសម៉ូដផ្ទះជាច្រើនតាមតម្រូវការ ព្រមជាមួយនិងសេវាកម្មផ្សេងៗដូចជា សួនច្បារ ផ្សារ សាលារៀន និងការរក្សាសុវត្ថិភាពជាដើម។
ហេតុផលទី៣ ការទិញអចលទ្រព្យ ឬគេហដ្ឋានដែលភ្ជាប់មកជាមួយដី ដូចជាបូរីជាដើម គឺជានិន្នាការរបស់ប្រជាជនកម្ពុជា ដែលធ្វើឱ្យតម្រូវការកើនឡើង។ លើសពីនេះ ការអភិវឌ្ឍបូរី ក៏ទទួលបានចាប់អារម្មណ៍ពីអ្នកមានចំណូលខ្ពស់ ដែលធ្វើឱ្យលំហូរទីផ្សារមានភាពរឹងមាំ។ ដោយសារហេតុផលនេះ អ្នកវិភាគ បានព្យាករណ៍ថា ទីផ្សារបូរី ឬគម្រោងអភិវឌ្ឍដែលនៅជាយក្រុង ដែលនៅជាប់នឹងហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងមានសន្ទុះឡើងវិញ ក្រោយវិបត្តិកូវីដ។
ក្រៅពីចំណុចទាំងនេះ កេរ្តិ៍ឈ្មោះរបស់ម្ចាស់គម្រោងក៏ជាកត្តាសំខាន់មួយដែរ។ អ្នកទិញភាគច្រើនជ្រើសរើសគម្រោងធំៗ ឧទាហរណ៍ដូចជាគម្រោង បូរី ប៉េង ហួត នៅផ្លូវជាលេខ ១ ឬ បូរី Grand Phnom Penh របស់ Chip Mong Land ជាដើម។ អ្នកទិញមើលឃើញថា ទោះជានៅក្រៅក្រុងក៏ពិតមែន ទីតាំងគម្រោងទាំងនោះ គឺជាទីតាំងសក្ដានុពលនៅពេលអនាគត។
សរុបមក គម្រោងអភិវឌ្ឍនៅជាយក្រុង ដែលមានទីតាំងជាប់នឹងហេដ្ឋារចនាសម្ព័ន្ធធំៗ គឺជម្រើសដ៏ល្អមួយសម្រាប់អ្នកវិនិយោគ ដោយសារតែទីក្រុងកាន់តែបន្តរីកធំទៅៗ ដែលធ្វើឱ្យតម្លៃនៅតែបន្តកើនឡើង។
—
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។
- Video Advertisement -