តើចិនអាចដោះស្រាយបញ្ហាអចលនទ្រព្យរបស់ខ្លួនបានឬទេ?
អ្នកអភិវឌ្ឍន៍ធំៗជាច្រើននៅប្រទេសចិនបានជួបការលំបាក ដោយទំហំការទិញ-លក់អចលនទ្រព្យនៅទូទាំងប្រទេសបានធ្លាក់ចុះ ២៤% ក្នុងឆ្នាំ២០២២ ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៩២មក។ ការវិនិយោគលើអចលនទ្រព្យក៏បានធ្លាក់ចុះ ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះគឺជាការធ្លាក់ចុះលើកដំបូងផងដែរ។
រដ្ឋាភិបាលចិនបាននិងកំពុងជំរុញការរៀបចំគោលនយោបាយថ្មីមានលក្ខណៈជាទ្រង់ទាយធំ។ ជាដំបូងគឺការលុបចោលនូវគោលនយោបាយសូន្យកូវីដ ជាមួយនឹងការបញ្ចប់នូវការរិតបន្តឹង និងបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនផងដែរ។
ម្យ៉ាងទៀត រដ្ឋក៏កំពុងព្យាយាមដោះស្រាយបញ្ហាមួយចំនួនទៀតក្នុងវិស័យអចលនទ្រព្យ ដោយបានលុបចោលនូវរាល់វិធានការដែលបង្ខំឱ្យអ្នកអភិវឌ្ឍន៍សងបំណុលក្នុងទំហំមួយដ៏មហាសាលក្នុងរយៈពេលដ៏ខ្លី។ នេះក៏ជាការបង្ហាញពីក្តីសង្ឃឹមថ្មីនៃការរស់ឡើងវិញនៃទីផ្សារអចលនទ្រព្យនៅប្រទេសចិន។
នៅថ្ងៃទី១៣ មករា រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការ ២១ចំណុច ដើម្បីផ្តល់ជាសាច់ប្រាក់ និងកម្ចីពីធនាគារពាណិជ្ជ ក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់អ្នកអភិវឌ្ឍន៍ដែលមានលក្ខណៈសម្បិត្តិ និងគុណសម្បិត្តិល្អគ្រប់គ្រាន់ ជាពិសេសសម្រាប់គម្រោងដែលកំពុងជាប់គាំង និងអ្នកគ្រប់គ្រងទ្រព្យសកម្មរបស់រដ្ឋ ឱ្យអាចបន្តងើបឡើងវិញបាន។
កន្លងមក រដ្ឋាភិបាលចិនក៏ធ្លាប់បានលុបចោលម្តងរួចមកហើយនូវគោលនយោបាយ “បន្ទាត់ក្រហមបី” ដើម្បីជួយដល់ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន៣០ផងដែរ។
ទន្ទឹមនិងមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលចិន ក្រុមហ៊ុនអភិវឌ្ឍជាច្រើនបានចាប់ផ្តើមបង្កើនបំណុលថ្មីយ៉ាងឆាប់រហ័ស កាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីអាចចាប់ផ្តើមបន្តដំណើរការ គម្រោងរបស់ខ្លួនទាំងអស់ឡើងវិញ។
គួររម្លឹងទៀតថា ក្រោយបិទបញ្ចប់គោលនយោបាយ សូន្យកូវីដ គេក៏សង្កេតឃើញថា មានគម្រោងលំនៅឋានបានបញ្ចប់ការសាងសង់មានការកើនឡើង៦% បន្ទាប់ពីបានធ្លាក់ចុះរហូតដល់១៨% កាលពីមួយរយៈពេលមុន។
រីឯទិន្នន័យបឋមពីវិទ្យាស្ថានស្រាវជ្រាវ Beike វិញក៏បានបង្ហាញដែរថា ការលក់ផ្ទះក្នុងទីក្រុងធំៗចំនួន៥០ របស់ប្រទេសចិន អាចនឹងកើនឡើងច្រើនជាងមួយភាគប្រាំក្នុងរយៈពេលដប់ថ្ងៃដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមុន។
ទោះបីជាមិនទាន់រួចផុតពីវិបត្តិទាំងស្រុងក្តី តែតម្រូវការទិញ-លក់ផ្ទះហាក់ដូចជាមានការកើនឡើងផងដែរ នេះជាការវិភាគរបស់ក្រុមហ៊ុន CreditSights ដោយបានបង្ហាញពីការសិក្សាទីផ្សារក្នុងក្រុងស៊ាងហៃ ព្រោះដំណើរការទិញ-លក់នៅពេលនេះ មិនមានការបញ្ចុះតម្លៃលំនៅឋាន ដូចកាលពីមុនឡើយ ដែលនេះបានបង្ហាញថាតម្រូវការកំពុងកើនឡើងសម្រាប់អចលនទ្រព្យនៅក្នុងទីតាំងល្អៗ។
លើសពីនេះទៀតនោះ បច្ចុប្បន្នរដ្ឋាភិបាលចិនបានដាក់ចេញផែនការថ្មី ដើម្បីលើកទឹកចិត្តដល់វិនិយោគិនបរទេសមួយចំនួនថែមទៀតផង។ នៅថ្ងៃទី១២ ខែមករា Dalian Wanda Commercial Management បានកំណត់តម្លៃសញ្ញាប័ណ្ណសារឥតបានការចំនួន $៤០០លានដុល្លារ ដែលជាសញ្ញាដំបូងក្នុងរយៈពេលជាងមួយឆ្នាំ និងជាសញ្ញាមួយដែលបង្ហាញថាក្រុមអ្នកអភិវឌ្ឍន៍មួយចំនួនអាចត្រឡប់ទៅប្រើទីផ្សារមូលបត្របំណុលប្រាក់ដុល្លារនៅបរទេសវិញនៅឆ្នាំខាងមុខនេះ។
ជាមួយគ្នានេះដែរ អ្នកវិភាគនៅធនាគារ Morgan Stanley បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងនេះនឹងអាចនាំឱ្យមានស្ថិរភាពទីផ្សារលំនៅដ្ឋាន និងការស្ទុះងើបឡើងវិញបន្តិចនៃការលក់នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ។
ប្រែសម្រួលពីអត្ថបទដើម the economist
- Video Advertisement -