តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?
ដីជាប់មាត់ច្រាំង ឬឆ្នេរ ជាទីតាំងមានសក្តានុពលមួយក្នុងការសាងសង់អគារ ឬប្រកបអាជីវកម្មផ្សេងៗ។ ប៉ុន្តែ ការកាន់កាប់ដីនៅតំបន់ទាំងនោះ សង្កេតឃើញថាមានវិវាទជាញឹកញាប់ ពីព្រោះពេលខ្លះ ជាដីចំណីរបស់រដ្ឋ។
តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?
តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
-ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)
-ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
-ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
-ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
-អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ
-ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-អាងទឹក៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
-បឹងបួ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
-ទំនប់អាងទឹក៖ ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ម៉ែត្រ ទៅ៨ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨ ម៉ែត្រ ឡើងទៅ ត្រូវបានកំណត់អនុក្រឹត្យដោយឡែក។
យ៉ាងណាមិញ បើអ្នកកាន់កាប់ដីចូលជ្រៅជាងរយៈចម្ងាយដែលបានកំណត់ ប៉ុន្តែអ្នកកាន់កាប់មុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ពោលគឺមុនថ្ងៃដែលអនុក្រិត្យដាក់ឱ្យប្រើប្រាស់ ការកាន់កាប់នោះគឺស្របច្បាប់ ព្រោះច្បាប់មិនអនុវត្តថយក្រោយទេ។
យ៉ាងណាក្ដី ការកាន់កាប់ ឬការសាង់សង់ នៅលើដីចំណីមាត់ច្រាំង ឬ ឆ្នេរ នៅតំបន់រាជធានី ក្រុង ខេត្ត ឬតំបន់អភិវឌ្ឍនានា ក៏ត្រូវបានកំណត់តាមច្បាប់ និងបទបញ្ញត្តិផ្សេងៗថែមទៀតផងដែរ ដូចជាប្លង់គោលប្រើប្រាស់ដី ជាដើម ដូច្នេះអ្នកត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមួយមន្រ្តីពាក់ព័ន្ធ។
- Video Advertisement -