តើទីក្រុងញូវយ៉កសង់ប្រព័ន្ធការពារទឹកជំនន់ដូចម្ដេច ឱ្យមានប្រសិទ្ធភាព?
ទីក្រុងញូវយ៉កកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដើម្បីសាងសង់ប្រព័ន្ធការពារទឹកជំនន់ឆ្លាតវៃហើយធន់នឹងអាកាសធាតុតម្លៃរាប់ពាន់លានដុល្លារ។
គម្រោងនេះកំពុងប្រើប្រាស់បច្ចេកវិទ្យា Digital Twin របស់ក្រុមហ៊ុន Bentley Systems ដើម្បីកាត់បន្ថយពេលវេលារចនាប្លង់ ខណៈក៏ជួយឱ្យអ្នកគ្រប់គ្រងគម្រោងសាកល្បងសេណារីយ៉ូហានិភ័យនានាបានដោយងាយ និងគ្រប់ជ្រុងជ្រោយ មុននឹងបើកការដ្ឋានសំណង់។
លោកស្រី Roni Deitz ដែលជាវិស្វករដឹកនាំបានឱ្យដឹងថា គម្រោងនេះគឺធំខ្លាំងណាស់ ពោលគឺត្រូវសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមទាំងគម្រោង East Side Coastal Resiliency (ESCR) ប្រវែង 2.4 ម៉ាយល៍ផងដែរ។ ដូច្នេះបើគ្មាន បច្ចេកវិទ្យាបង្កើតគំរូប្លង់ 3D ដូចពិត និងការសាកល្បងសេណារីយ៉ូហានិភ័យនានាបានទេ គឺត្រូវចំណាយពេល និងថវិកាច្រើនណាស់។
«គំរូប្លង់ និងផែនការគម្រោងនៅលើប្រព័ន្ធកុំព្យូទ័រពិតមែន ប៉ុន្តែគ្រប់យ៉ាងគឺដូចយើងមានការដ្ឋានជាក់ស្ដែងឱ្យសាកល្បងការងារពិតៗដូច្នោះដែរ ដែលយើងអាចតេស្ដគ្រប់យ៉ាងបាន» លោកស្រីបានបន្ដ។
«យើងអាចសាកល្បងថា បន្ថែមត្រង់ណា បន្ថយត្រង់ណា ហើយកន្លែងណាគួរធ្វើដូចម្ដេច ដោយប្រើការបង្កើតហេតុការណ៍ទឹកជំនន់ និងការរងសម្ពាធធ្ងន់ផ្សេងៗទៀតដូចជាការចាក់ចោលសម្រាម និងទម្ងន់ឡានធំៗបើកបរកាត់ជាដើម។ បន្ទាប់មក យើងដោះស្រាយនិងកែប្រែប្លង់តាមការសាកល្បងនោះ។»
លើសពីនេះ ការប្រើប្រាស់ Digital Twins អនុញ្ញាតឱ្យក្រុមការងារកំណត់ស្តង់ដារ និងស្វ័យប្រវត្តិកម្មលើការរចនាទ្វារទឹកជំនន់ដ៏សំខាន់ចំនួន 18 ។ កម្មវិធីនេះកាត់បន្ថយពេលវេលាដែលត្រូវការដើម្បីរចនាទ្វារទឹកជំនន់នីមួយៗពីការប៉ាន់ស្មាន 30 ម៉ោងមកត្រឹមតែ 30 នាទីប៉ុណ្ណោះ ខណៈក៏ជួួយបង្កើនគុណភាព និងភាពស៊ីសង្វាក់គ្នាផងដែរ។
លោកស្រី Deitz បានបន្ថែមទៀតថាទ្វារទឹកត្រូវតែត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងសម្ពាធ និងផលប៉ះពាល់បែបធ្ងន់ធ្ងរ ព្រោះទីក្រុង New York មិនមែនមានតែទឹកជំនន់ទេ តែជាបណ្ដុំប្រជាជន និងពាណិជ្ជកម្មដែលបង្កជាបញ្ហា និងសម្ពាធយ៉ាងខ្លាំងដល់ទីក្រុង។ ដូច្នេះ ហេដ្ឋារចនាសម្ព័ន្ធត្រូវតែធន់។