តើធានារ៉ាប់រងផ្ទះគឺជាអ្វី? ហើយខុសពីធានារ៉ាប់រងកម្ចីអចលនទ្រព្យយ៉ាងណា?

ធានារ៉ាប់រងផ្ទះ គឺជាកញ្ចប់ធានារ៉ាប់រងដែលគ្របដណ្តប់លើការខាតបង់ដែលកើតឡើងជាយថាហេតុណាមួយទៅលើផ្ទះ ក៏ដូចជាទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ធានារ៉ាប់រងផ្ទះមួយចំនួន ក៏ផ្ដល់សំណងទៅលើគ្រោះថ្នាក់ផ្សេងៗ ដែលកើតនៅក្នុងផ្ទះផងដែរ ពោលគឺអាស្រ័យទៅលើលក្ខខណ្ឌនៃកញ្ចប់ដែលអ្នកទិញ។

ជាទូទៅ ធានារ៉ាប់រងផ្ទះ ផ្ដល់សំណងទៅការខូចខាតដែលកើតពីហេតុដែលមិនរំពឹងទុកប៉ុណ្ណោះ ឧទាហរណ៍ដូចជា គ្រោះអគ្គិភ័យ និងខ្យល់ព្យុះជាដើម។ ប៉ុន្តែធានារ៉ាប់រងផ្ទះ មិនផ្ដល់សំណងលើគ្រោះរញ្ជួយដី និងទឹកជំនន់នោះទេ។

ដោយឡែក លក្ខខណ្ឌគឺអាចផ្លាស់ប្ដូរបាន អាស្រ័យទៅលើគោលការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាបរិបទរបស់ប្រទេសនីមួយៗ។ លើសពីនេះ ការផ្ដល់សំណងក៏មានកម្រិតកំណត់ ហើយទំហំគឺអាស្រ័យទៅកញ្ចប់ដែលអ្នកជ្រើសរើស។

ប៉ុន្តែធានារ៉ាប់រងផ្ទះ នៅមិនទាន់ពេញនិយមខ្លាំងនៅឡើយទេនៅប្រទេសកម្ពុជា ពោលគឺការផ្ដល់សេវាកម្មនេះ គឺនៅមានកម្រិត ហើយប្រជាជនភាគច្រើនទិញធានារ៉ាប់រងផ្ទះ ក្នុងករណីដែលប្រើកម្ចីធនាគារក្នុងការទិញផ្ទះប៉ុណ្ណោះ។

ហេតុអ្វីបានជាអ្នកសុំកម្ចីធនគារតម្រូវឱ្យទិញធានារ៉ាប់រងផ្ទះ?

ជាទូទៅ រាល់ការសុំកម្ចីទិញផ្ទះ អ្នកសុំកម្ចីត្រូវតែទិញធានារ៉ាប់រងផ្ទះ ដើម្បីកាត់បន្ថយហានិភ័យ និងធានាថា ប្រសិនបើមានហេតុមិនរំពឹងទុកដូចជាភ្លើងឆាបឆេះកើតឡើងទៅលើផ្ទះរបស់អ្នក ទាំងម្ចាស់ផ្ទះ ក៏ដូចជាធនាគារ នឹងមិនខាតបង់ច្រើន ព្រោះការខូចខាតភាគច្រើននឹងត្រូវគ្របដណ្តប់ដោយក្រុមហ៊ុនធានារ៉ាប់រង។

តើធានារ៉ាប់រងផ្ទះ ខុសពីធានារ៉ាប់រងកម្ចីអចលនទ្រព្យយ៉ាងដូចម្ដេច?

ធានារ៉ាប់រងផ្ទះ និងធានារ៉ាប់រងកម្ចីអចលនទ្រព្យ គឺខុសគ្នា។ ដូចដែលបានលើកឡើងខាងលើ ធានារ៉ាប់រងផ្ទះ គឺជាកញ្ចប់ធានារ៉ាប់រងដែលគ្របដណ្តប់លើការខាតបង់ដែលកើតឡើងជាយថាហេតុណាមួយទៅលើផ្ទះ ឬទ្រព្យសម្បត្តិនៅក្នុងផ្ទះ។

ដោយឡែក ធានារ៉ាប់រងកម្ចីអចលនទ្រព្យ គឺកញ្ចប់ដែលតម្រូវឱ្យអ្នកសុំកម្ចីធនាគារភាគច្រើនទិញ ដើម្បីធានាថាក្នុងករណីដែលម្ចាស់ផ្ទះ មានបញ្ហាហិរញ្ញវត្ថុ ឬគ្រោះថ្នាក់ជាយថាហេតុ ហើយមិនអាចសងបំណុលធនាគារបាន ក្រុមហ៊ុនធានារ៉ាប់រងនឹងជួយសងធនាគារជំនួសក្នុងរយៈពេលកំណត់ណាមួយ។ វិធីនេះគឺជាការកាត់បន្ថយហានិភ័យដល់ធនាគារដែលផ្ដល់កម្ចី។

យ៉ាងណាក្ដី អ្នកសុំកម្ចីគ្រប់រូប គឺមិនតម្រូវឱ្យទិញធានារ៉ាប់រងកម្ចីអចលនទ្រព្យទាំងអស់នោះទេ ពោលគឺអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី ក៏ដូចជាគោលការណ៍របស់ធនាគារ។

ជាសរុប ការប្រើប្រាស់សេវាកម្មធានារ៉ាប់រងផ្ទះ គឺនៅមានកម្រិតសម្រាប់ទីផ្សារប្រទេសកម្ពុជា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញកើនឡើងជាបន្តបន្ទាប់ ពោលគឺកើនឡើងតាមតម្រូវការរបស់ទីផ្សារអចលនទ្រព្យ។

- Video Advertisement -