តើមូលបត្ររដ្ឋជាអ្វី? ចំណេញ ឬហានិភ័យ? ជះឥទ្ធិពលលើវិស័យអចលនទ្រព្យដូចម្ដេច?

រដ្ឋាភិបាលកាលពីថ្មីៗនេះ បានប្រកាសពីផែនការចង់បោះផ្សាយមូលបត្របំណុលរដ្ឋ ឬ Government Bonds តម្លៃសរុបប្រមាណ ៣០០លានដុល្លារ ក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ រដ្ឋាភិបាលនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេថា នឹងប្រើទុនបានពីមូលបត្រដើម្បីធ្វើអី្វខ្លះ ប៉ុន្តែបានឱ្យដឹងត្រួសៗថានឹងប្រើលើវិស័យអាទិភាពនានា ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធក៏មានចំណែកក្នុងនោះផងដែរ។ (អានបន្ថែម)

ផែនការនេះ បានធ្វើឱ្យកើតជាមន្ទិលសង្ស័យជាច្រើនដល់សាធារណជនថា មូលបត្របំណុលរដ្ឋគឺជាអ្វី? តើកម្ពុជាអាចធ្វើទៅរួចទេ? មានហានិភ័យធ្វើឱ្យរដ្ឋវណ្ឌករនឹងបំណុលឬទេ? សំខាន់ជាងនេះទៀត គឺតើនឹងមានអ្នកហ៊ានទិញ ឬអ្នកចង់ទិញមូលបត្ររដ្ឋនេះទេ ព្រោះជាក់ស្ដែងមូលបត្រទីផ្សារឯកជន ដែលបើកលក់មួយរយៈធំ ក៏នៅមិនទាន់ជាទីចាប់អារម្មណ៍សម្រាប់វិនិយោគិនផង? លើសពីនេះទៅទៀត តើការបោះលក់មូលបត្របំណុលរដ្ឋនេះ នឹងជះឥទ្ធិពលដល់ទីផ្សារអលចនទ្រព្យដូចម្ដេច?

ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាលនេះ បើនិយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយគេដូច្នេះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។ ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ណាមួយ ក្នុងរយៈពេលវែង។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលបត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។

ជុំវិញ ចម្ងល់ដែលថាកម្ពុជាអាចធ្វើទៅរួចទេ និងមានហានិភ័យធ្វើឱ្យរដ្ឋវណ្ឌករនឹងបំណុលឬទេ ឯកឧត្តម ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចបានគិតគូរយ៉ាងច្បាស់មុននឹងត្រៀមផែនការនេះ។

ការខ្ចីក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ ព្រោះស្ថានភាពបំណុលសាធារណៈកម្ពុជានៅមានហានិភ័យកម្រិតទាប ហើយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតនៅក្រោមអនុបាតគោលទាំងអស់។ ដូច្នេះ អ្នកវិនិយោគមិនគួរភ័យក្លាចថា រដ្ឋគ្មានលទ្ធភាពសងបំណុលនោះឡើយ តែមានតែកើនតម្លៃ។

លើសពីនេះ តើអាចទៅរួចឬទេ ឯកឧត្តម ហុង សុខហួរ អះអាងថា ៣០០លានដុល្លារដំបូងនេះ គឺជាការសាកល្បង ដោយលោកជឿថានឹងទៅដោយរលូន។

ឯកឧត្តមបន្តថា៖ «ដោយសារតែផលិតផលមួយថ្មី ដូច្នេះមិនប្រាកដថាវិនិយោគិននៅក្នុងទីផ្សាររបស់យើងស្គាល់ទាំងអស់ទេ ប៉ុន្តែវិនិយោគិនសំខាន់ជាងគេ គឺស្ថាប័នក្រុមហ៊ុន ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង មូលនិធិសោធនិវត្តន៍ មូលនិធិសន្តិសុខសង្គមជាដើម។ ពួកគាត់ជាអ្នកជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុ យើងរំពឹងថាពួកគាត់បានស្គាល់អំពីមូលបត្ររដ្ឋ ហើយពួកគាត់មួយចំនួន បានវិនិយោគលើមូលបត្រឯកជនបណ្តើរៗហើយដែរ ហើយមូលបត្ររដ្ឋ ស្រដៀងៗគ្នាទេ គ្រាន់តែអ្នកបោះផ្សាយគឺជារដ្ឋ»។

ឯកឧត្តមពន្យល់ទៀតថា ការបោះផ្សាយលក់មូលបត្ររដ្ឋ នឹងក្លាយជាប្រភពទុនសំខាន់ៗក្នុងស្រុកសម្រាប់គម្រោងវិនិយោគសាធារណៈនានា និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហុង សុខហួរ ថ្លែងថា៖ «វាជាការចាំបាច់ ព្រោះនៅពេលណាសេដ្ឋកិច្ចយើងមានការរីកចម្រើនដល់កម្រិតមួយ ប្រភពទុនដែលយើងធ្លាប់ទទួលកន្លងមក ក្នុងទម្រង់ជាប្រភពហិរញ្ញប្បទានទ្វេភាគី ឬពហុភាគី វានឹងកាត់បន្ថយបន្តិចម្តងៗ ដូច្នេះយើងជៀសមិនផុតពីត្រូវការទីផ្សារទុន ទីផ្សារមូលបត្រដើម្បីគៀងគរទុនសម្រាប់វិស័យសាធារណៈរបស់យើងទេ»។

យ៉ាងណាមិញ ការកំណត់អត្រាការប្រាក់ និងពេលវេលា (Maturity Date) នៃមូលបត្ររដ្ឋ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសជាសាធារណៈនៅពេលខាងមុខ។

ដោយឡែក សម្រាប់ឥទ្ធិពលវិស័យអចលនទ្រព្យវិញ លោក James Hodge នាយកក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ការបោះផ្សាយមូលបត្រមិនជះឥទ្ធិពលដោយត្រង់លើទីផ្សារទេ តែនឹងមានឥទ្ធិពលដោយប្រយោល។

«ក្នុងករណីរដ្ឋយកទុនទៅវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានា វាគឺជារឿងល្អសម្រាប់ទីផ្សាអចលនទ្រព្យ ព្រោះដូចដែលដឹងស្រាប់ គម្រោងរដ្ឋធំ ទៅដល់ទីណា តម្លៃអចលទ្រព្យនៅទីនោះក៏កើនសក្ដានុពលនឹងតម្លៃតាមនោះដែរ»។

យ៉ាងណាមិញ លោក James ក៏បន្តថាមូលបត្រក៏បង្កើតជាជម្រើសវិនិយោគថ្មីមួយ ដែលអាចធ្វើឱ្យអ្នកវិនិយោគលើអចលនទ្រព្យខ្លះងាកទៅរកការវិនិយោគលើមូលបត្រវិញ ប៉ុន្តែនឹងមិនច្រើនទេ ព្រោះជាដំណាក់កាលដំបូង។

ដូចគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងលោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ក៏យល់ឃើញស្រដៀងគ្នាដែរថា ធម្មតាបើរដ្ឋមានថវិកាបង្វិលក្នុងចរន្តសេដ្ឋកិច្ចច្រើន ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា វាក៏នឹងជះឥទ្ធិពលវិជ្ជមានមកទីផ្សារអចលនទ្រព្យដែរ ព្រោះមនុស្សនឹងមានថវិកាទិញដូរច្រើនដូចគ្នា។

លើសពីនេះ អ្នកជំនាញទាំងពីររូបបន្តថា គ្មានចំណុចគួរឱ្យបារម្ភទេថា អ្នកវិនិយោគនឹងងាកទៅទិញមូលបត្ររដ្ឋច្រើនជាងវិនិយោគក្នុងអចលនទ្រព្យ ព្រោះវាជាការវិនិយោគក្នុងទ្រង់ទ្រាយផ្សេងគ្នា។

មូលបត្ររដ្ឋគឺជាការវិនិយោគរយៈពេលវែង ដូច្នេះអ្នកវិនិយោគមិនដាក់សាច់ប្រាក់ច្រើនទេ ហើយគេក៏បានគិតគូរហើយដែរ ដោយមិនមែនយកទុនពីការវិនិយោគអលចនទ្រព្យទៅចាក់លើមូលបត្រទាំងស្រុងនោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]