តើម្ចាស់បំណុលមានសិទ្ធិអ្វីខ្លះលើអចលនទ្រព្យបញ្ចាំ? អាចរឹបអូសទ្រព្យបញ្ចាំទៅលក់បានឬទេ?
អ្នកធ្លាប់ដឹងហើយថា ដើម្បីសុំកម្ចីបាន ជាទូទៅអ្នកត្រូវយកទ្រព្យដូចជាដី ផ្ទះ ឡាន ឬម៉ូតូជាដើម ទៅបញ្ចាំនៅភ្នាក់ងារបញ្ចាំណាមួយ។ ប៉ុន្តែក្នុងនាមជាកូនបំណុល តើអ្នកដឹងទេថាតើម្ចាស់បំណុលមានសិទ្ធិអ្វីខ្លះលើអចលនទ្រព្យដែលដាក់បញ្ចាំនោះ? ហើយតើម្ចាស់បំណុលអាចលក់ទ្រព្យបញ្ចាំដោយឯកតោភាគីបានទេ ក្នុងករណីកូនបំណុលមិនអាចសងបំណុល?
ការបញ្ចាំអចលនទ្រព្យ គឺជាកិច្ចសន្យាដែលកូនបំណុលប្រគល់អចលនវត្ថុឲ្យទៅម្ចាស់បំណុល ធ្វើការកាន់កាប់ដើម្បីធានាការសងបំណុល។
ការបញ្ចាំអចលនទ្រព្យ គឺខុសពីហ៊ីប៉ូតែក ព្រោះក្នុងករណីបញ្ចាំ ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យនោះ ប៉ុន្តែក្នុងករណីហ៊ីប៉ូតែកវិញ ម្ចាស់បំណុលគ្មានសិទ្ធកាន់កាប់ និងប្រើប្រាស់ទ្រព្យទេ (មាត្រា ៨១៦ និង ៨៤៣ ក្រមរដ្ឋប្បវេណី)។
ឧទាហរណ៍ ការយកផ្ទះទៅធានាបំណុលជាមួយធនាគារ ភាគច្រើនគឺជាហ៊ីប៉ូតែក មិនមែនជាការបញ្ចាំទេ ព្រោះធនាគារគ្មានសិទ្ធិកាន់កាប់ ឬប្រើប្រាស់ផ្ទះអ្នកឡើយ ក្នុងអំឡុងពេលសងបំណុល។ (អានបន្ថែម និងបន្ថែម)
ចំពោះការបញ្ចាំ៖ ក្រោយពេលដែលយើងយកដី ឬផ្ទះ ទៅដាក់បញ្ចាំហើយ កូនបំណុលត្រូវតែប្រគល់បណ្ណកម្មសិទ្ធិទៅអោយម្ចាស់បំណុល។ ក្រៅពីនេះ ក្នុងអំឡុងពេលកាន់កាប់ ម្ចាស់បំណុលក៏មានសិទ្ធិមួយចំនួនទៀតលើអចលនវត្ថុនោះផងដែរដូចជា៖
- ម្ចាស់បំណុលមានសិទ្ធិកាន់កាប់អចលនវត្ថុបញ្ចាំនោះ
- ម្ចាស់បំណុលមានសិទ្ធិឃាត់ទុកអចលនវត្ថុបញ្ចាំនោះ ក្នុងករណីដល់ពេលកំណត់សង កូនបំណុលមិនអាចសងបំណុល
- ម្ចាស់បំណុលមានសិទ្ធិទទួលផលដែលកើត ឬផលប្រយោជន៍ដែលបានពីអចលនវត្ថុបញ្ចាំនោះ និងអាចយកផលនោះមកកាត់កងលើបំណុលនោះបានថែមទៀតផង។
- ម្ចាស់បំណុលមានសិទ្ធិយកអចលនវត្ថុដែលដាក់បញ្ចាំនោះទៅដាក់បញ្ចាំបន្តទៀតបាន តែត្រូវមានការយល់ព្រមពីម្ចាស់អចលនវត្ថុជាមុនសិន
- ម្យ៉ាងទៀតម្ចាស់បំណុលក៏មានសិទ្ធិយកអចលនវត្ថុដែលដាក់បញ្ចាំនោះទៅដាក់បញ្ចាំបន្តទៀតបាន ដោយមិនចាំបាច់មានការយល់ព្រមពីកូនបំណុល តែម្ចាស់បំណុលត្រូវទទួលការខុសត្រូវ ចំពោះការខូចខាតកើតមានឡើង។
លើសពីនេះ ចំណុចសំខាន់បំផុតដែលភាគីទាំង ២ ត្រូវតែដឹងគឺ ក្នុងករណីកូនបំណុលមិនអាចសងបំណុលបាន ច្បាប់ចែងហាមដាច់ខាតមិនឱ្យម្ចាស់បំណុលលក់អចលនទ្រព្យធានា(ឬបញ្ចាំ)នោះបានដោយឯកតោភាគីបានទេ ទោះបីក្នុងពេលធ្វើកិច្ចសន្យាកូនបំណុលព្រមឱ្យម្ចាស់បំណុលធ្វើដូច្នោះបានក្ដី។ (មាត្រា ៨២៧ ក្រមរដ្ឋប្បវេណី)
ក្នុងករណីកូនបំណុលមិនអាចសងបំណុលបាន ម្ចាស់បំណុលត្រូវតែប្ដឹងឡើងតុលាការ ដើម្បីឱ្យតុលាការចេញសេចក្ដីសម្រេចលក់ដោយបង្ខំ។
ច្បាប់បានចែងដូច្នេះ គឺដោយសារតែ ទី១ ដើម្បីការពារសិទ្ធិរបស់ម្ចាស់បំណុលផ្សេងទៀត មានន័យថា ករណីខ្លះកូនបំណុលបានប្រើប្រាស់អចលនទ្រព្យនោះជាទ្រព្យធានាជាមួយម្ចាស់បំណុលច្រើនអ្នក ដូច្នេះម្ចាស់បំណុលណាមួយ មិនអាចមានសិទ្ធិលក់ទ្រព្យបញ្ចាំដើម្បីយកសំណងតែម្នាក់ឯងនោះទេ។ ទី ២ ដើម្បីការពារសិទ្ធិរបស់កូនបំណុល ដែលពេលខ្លះត្រូវបានបង្ខិតបង្ខំដោយម្ចាស់បំណុលឱ្យព្រមព្រៀងលក់ដី។ ដូច្នេះការប្ដឹងឡើងតុលាការជាវិធីដែលត្រូវតែធ្វើ។
លើសពីនេះ ដើម្បីអាចដាក់លក់ដោយបង្ខំបាន ទ្រព្យនោះទាមទារឱ្យមានការចុះបញ្ជីនៅអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ហេតុដូចនេះ ម្ចាស់បំណុលអាចតតាំងជាមួយកូនបំណុល និងម្ចាស់បំណុលដទៃទៀត ក្នុងលក្ខខណ្ឌដែលទ្រព្យដែលដាក់បញ្ចាំនោះមានម្ចាស់បំណុលច្រើននាក់។
ចំពោះការលក់ដោយបង្ខំនេះទៀតសោត អគារដែលមាននៅលើដីក៏ត្រូវដាក់លក់ដោយបង្ខំតាមសេចក្តីសម្រេចរបស់តុលាការផងដែរ។ ប៉ុន្តែក្នុងករណីបើថ្លៃលក់ដីគ្មានអគារ ខ្ពស់ជាងដីដែលមានអគារ នោះម្ចាស់បំណុលអាចរុះរើ ឬទាមទារឱ្យកូនបំណុលរុះរើអគារនោះ មុនពេលលក់បាន។
ជាមួយគ្នានេះដែរ ក្នុងករណីដែល ទ្រព្យបញ្ចាំជាដីស្រែចំការ ម្ចាស់បំណុលមានសិទ្ធិប្រមូលផលពីដីនោះរហូតដល់ថ្ងៃចុងក្រោយនៃកិច្ចសន្យាខ្ចី មុននឹងប្រគល់ដីនោះទៅកូនបំណុលវិញ ទោះកូនបំណុលបានសងបំណុលចប់មុនកាលកំណត់ក៏ដោយ។
- Video Advertisement -