តើវិនិយោគិនចិនបាត់ពីទីផ្សារអចលនទ្រព្យកម្ពុជាដូចម្ដេចនិងប៉ះពាល់អ្នកក្នុងស្រុកយ៉ាងណា?
ដោយៈ Eric Wong Chon Lap
ការរីករាលដាលនៃវីរុសកូវីដ១៩ មិនត្រឹមតែបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏បានធ្វើឱ្យវិនិយោគិនចិនផ្អាកធ្វើដំណើរមកប្រទេសកម្ពុជាផងដែរ។ នេះជាកត្ដាចំបងធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាបាត់បង់ប្រភពវិនិយោគសំខាន់បំផុតរបស់ខ្លួន។
ផ្ទុយស្រឡះពីប៉ុន្មានឆ្នាំមុន ដែលវិនិយោគិនចិនសម្រុកទិញខុនដូនៅកម្ពុជា បច្ចុប្បន្នដោយសារតែវិបត្តិកូវីដ វិនិយោគិនភាគច្រើនបានផ្អាកការទិញលក់។ លើសពីនេះ គោលនយោបាយគ្រប់លំហូរសាច់ប្រាក់ចេញពីប្រទេសចិន ក៏ជាកត្តាអវិជ្ជមានមួយទៀតសម្រាប់ ទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ ។
វិបត្តិកូវីដ បានប៉ះពាល់ដល់វិស័យសណ្ឋាគារ និងខុនដូដែលបម្រើដល់ភ្ញៀវទេសចរ និងពិសេសវិនិយោគិនក្នុងវិស័យអចលនទ្រព្យយ៉ាងខ្លាំង ហើយការដាក់កំហិតលើការធ្វើដំណើររបស់ចិន ក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ខ្លាំងណាស់ដែរ ដោយសារតែអតិថិជនចិនមិនអាច ឬមិនចង់ហោះហើរចូលមកកម្ពុជាឡើយ។
លើសពីនេះ ការដែលរដ្ឋាភិបាលបានបញ្ឈប់ការចេញទិដ្ឋាការទេសចរណ៍ ក៏បានធ្វើឱ្យអ្នកទិញ ឬ ម្ចាស់អចលនទ្រព្យរឹតមិនអាចចូលពិនិត្យការដ្ឋានសាងសង់របស់គម្រោងឡើយ។
ទន្ទឹមនឹងនេះ មានគម្រោងខុនជាច្រើនបានបញ្ចប់ការសាងសង់ ប៉ុន្តែ អ្នកទិញគម្រោង ដែលជាជនជាតិចិនទាំងនោះ ភាគច្រើនមិនអាច ឬមិនចង់បង់ប្រាក់ផ្តាច់ក្នុងការផ្ទេរកម្មសិទ្ធនោះទេ។ ពួកគេសុខចិត្តឱ្យម្ចាស់គម្រោងដកហូតប្រាក់កក់ ឬស្នើសុំប្រាក់ដែលបានបង់វិញ។ នេះជាបញ្ហាធំបំផុតដែលប៉ះពាល់យ៉ាងខ្លាំងដល់ហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍។
ដូច្នេះ ក្នុងកាលៈទេសៈនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរតែពង្រឹង និងពង្រីកការផ្សព្វផ្សាយទីផ្សារ ដើម្បីទាក់ទាញអ្នកទិញក្នុងស្រុក ហើយនេះក៏ជាឱកាសសម្រាប់អតិថិជនក្នុងស្រុកក្នុងការទិញយូនីតខុនដូក្នុងតម្លៃសមរម្យ ឬទាបជាងតម្លៃទីផ្សារ។
ម៉្យាងវិញទៀត វិបត្តិកូវីដនេះក៏បានធ្វើឱ្យ អ្នកលក់អចលនទ្រព្យមួយចំនួនកំពុងខ្វះសាច់ប្រាក់ខ្លាំង ព្រោះពួកគេបានសុំកម្ចីហួសពីលទ្ធភាពរបស់ខ្លួនយកមកទិញអចលទ្រព្យថ្លៃ ក្នុងគោលបំណងចង់ចំណេញច្រើន ។ ដូច្នេះពួកគាត់ ពួកគាត់បង្ខំចិត្តត្រូវកាត់បន្ថយតម្លៃអចលនទ្រព្យ ដើម្បីឱ្យងាយលក់ចេញ ជាពិសេសនៅក្រុងព្រះសីហនុ។ តួយ៉ាងដូចជា មុនមានវិបត្តិកូវីដ អ្នកទិញមួយចំនួនទិញអចលនទ្រព្យដោយមិនបានពិចារណាច្បាស់លាស់ ឬទិញក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ។ ក្នុងស្ថានភាពបែបនេះ ដោយសារតែត្រូវការសាច់ប្រាក់ គឺត្រូវតែលក់ក្នុងតម្លៃទាបខ្លាំង។
ដូច្នេះ វាជាការសំខាន់ណាស់សម្រាប់អ្នកចង់ទិញអចលនទ្រព្យ ដែលត្រូវតែគិតថាការទិញផ្ទះគឺជាការជាប់បំណុលរយៈពេលវែង។ ដូច្នេះ អ្នកទិញត្រូវតែមានការទទួលខុសត្រូវ ចេះថ្លឹងថ្លែងចំំណូល និងចំណាយរបស់ខ្លួនឱ្យបានហ្មត់ចត់ ក្នុងរយៈពេលវែងដូចគ្នា មុននឹងសម្រេចចិត្តទិញ។ ទោះយ៉ាងណាក្តី ទីផ្សារត្រូវបានគេរំពឹងនឹងប្រសើរឡើងវិញសន្សឹមៗ ប្រសិនបើមិនមានការរីករាលដាលនៃរលកទី ២ នោះទេ ។
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។
- Video Advertisement -