តើហាងលក់ទំនិញ២៤ម៉ោងនិងផ្សារមីនីម៉ាតនឹងជះឥទ្ធិពលបែបណាខ្លះទៅលើទីផ្សារលក់រាយ?

វិស័យទីផ្សារលក់រាយនៅប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងក្នុងរយៈចុងក្រោយនេះគឺដោយសារការកើនឡើងនៃកំណើនសេដ្ឋកិច្ចជាតិ។ ក៏ប៉ុន្តែម្ចាស់ហាងលក់រាយក្នុងស្រុកហាក់មានភាពយឺតយ៉ាវក្នុងការធ្វើទំនើបកម្មហើយប្រទេសកម្ពុជាមានហាងលក់ទំនិញ២៤ម៉ោងចំនួនតិចនៅឡើយសម្រាប់ទីផ្សារអាស៊ី។

នៅប្រទេសកម្ពុជាប្រាក់ចំណូលសរុបសម្រាប់មនុស្សម្នាក់ៗកំពុងកើនឡើងប្រហែល៧ភាគរយក្នុងមួយឆ្នាំហើយចំណូលនេះទៀតសោធគឺនឹងឈានទៅដល់ ជិត១.៥០០ដុល្លារអាមេរិក។ តាមរយៈកំណើននេះនិងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស ខ្ញុំជឿជាក់ថាចំនួនហាងលក់ទំនិញ២៤ម៉ោងនៅក្នុងប្រទេសនឹងកើនឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

ស្របពេលជាមួយគ្នានេះដែរ កំណើនទីផ្សារលក់រាយត្រូវបានកើនឡើងខ្លាំងចំពោះប្រភេទហាងលក់ទំនិញ២៤ម៉ោងនិងផ្សារទំនើប។ វាគឺជានិន្នាការដែលការលក់ទំនិញរាយបែបទំនើបទទួលបានចំណែកច្រើនពីផលសរុបនៃការលក់ដែលកើតចេញពីការផ្លាស់ប្តូរពីការលក់តាមកន្លែងធម្មតាដូចជាហាងលក់គ្រឿងទេសតូចៗ និងផ្សារធម្មតា។ បច្ចុប្បន្នមានផ្សារសំខាន់ៗដូចជាផ្សារទំនើបឡាក់គីផ្សារ Super Duperជាដើមព្រមទាំងការរីកចម្រើននៃផ្សារតូចៗនិងហាងលក់ទំនិញ២៤ម៉ោង បំពាក់ទៅដោយភ្លើងភ្លឺល្អ ម៉ាស៊ីនត្រជាក់ និងការផ្តល់ជូនផលិតផលដែលមានគុណភាពខ្ពស់។ផ្សារនិងហាងទាំងអស់នេះកំពុងតែពង្រីកខ្លួនចូលទៅក្នុងទីផ្សារ ដើម្បីបង្កើនវត្តមានរបស់ខ្លួន។

ទោះបីជាការលក់រាយបែបទំនើបកំពុងបើកក្នុងល្បឿនលឿនក៏ដោយក៏បរិយាកាសទីផ្សារលក់រាយនៅប្រទេសកម្ពុជានៅតែគ្របដណ្តប់ដោយសហគ្រាសធុនតូចនិងមធ្យម។ ជាក់ស្តែង នៅក្រៅរាជធានីភ្នំពេញ ការទិញទំនិញលក់រាយភាគច្រើននៅតែធ្វើឡើងក្នុងទំហំតូច និងមធ្យមដែលភាគច្រើនទិញពីសហគ្រាសលក្ខណៈគ្រួសារ។បច្ចុប្បន្ននេះបណ្តាញលក់រាយតាមបែបប្រពៃណីនៅតែទទួលចំណែកច្រើនពីទីផ្សារលក់រាយ ក៏ប៉ុន្តែតាមការព្យាករណ៍ចំនួននេះនឹងអាចធ្លាក់ចុះក្នុងរយៈពេល១០ ទៅ ១៥ឆ្នាំខាងមុខ។

ទន្ទឹមនឹងនេះដែរ ការអភិវឌ្ឍន៍សម្រាប់ទីផ្សារលក់រាយនាពេលអនាគត វិនិយោគិននឹងចាប់អារម្មណ៍ទៅលើការវិនិយោគហាងលក់ទំនិញ២៤ម៉ោងដោយសារតែផលចំណេញពីការវិនិយោគលើហាងបែបនេះគឺ មានអត្រាខ្ពស់ជាងការវិនិយោគលើផ្សារទំនើបតាមបែបប្រពៃណីហើយការបណ្តាក់ទុនដំបូងក៏មានកម្រិតទាបជាងផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ ហាងបែបនេះក៏លក់ផលិតផលដែលមានប្រភពច្បាស់លាស់ ហើយផ្តល់ជូននូវសេវាកម្មយ៉ាងល្អដល់អតិថិជន។

អតិថិជននាពេលបច្ចុប្បន្នព្រមចំណាយពីចន្លោះ ១០ ទៅ ២០ ភាគរយបន្ថែមទៀតនៅតាមហាងលក់ទំនិញ២៤ម៉ោងតូចៗទាំងនេះដែលមានអនាម័យល្អព្រមទាំងផ្តល់ផលិតផលដែលមានគុណភាពខ្ពស់។ផ្សារមីនីម៉ាតជាទូទៅមានទំហំធំជាងហាងដែលមានទំហំពីចន្លោះពី១៥០ទៅ២០០ម៉ែត្រការ៉េ។បច្ចុប្បន្ននេះ មីនីម៉ាតជាច្រើនដែលបើកដំណើរការដោយក្រុមហ៊ុន AEON Maxvalu Express ក៏មានផលិតផលដែលមានលក្ខណៈដូចទៅនឹងផ្សារទំនើបដែរ រួមទាំងអាហារស្រាប់ ឬអាហារកំប៉ុង និងអាហារស្រស់ៗ។

ក៏ប៉ុន្តែក្នុងរយៈពេលវែងយុទ្ធសាស្ត្រនៃការបន្ទាបចំណាយនិងតម្លៃទៅលើមុខទំនិញជាច្រើនប្រភេទគឺនឹងអាចទាក់ទាញអតិថិជនបានច្រើន។ ម៉្យាងវិញទៀត ទាក់ទងនឹងប្រតិបត្តិការវិញផ្សារទំនើបខ្នាតតូចដូចជា AEON Maxvalu Express ក៏ទទួលបានផលប្រយោជន៍ពីដើមទុន យុទ្ធសាស្រ្តអាជីវកម្ម ព្រមទាំងខ្សែចង្វាក់ចែកចាយដ៏ទូលំទូលាយរបស់ខ្លួននៅទូទាំងពិភពលោកផងដែរ។

ជាមួយគ្នានេះដែរ ប្រតិបត្តិការហាងលក់ទំនិញ២៤ម៉ោងក៏ត្រូវធ្វើឲ្យប្រសើរឡើងដើម្បីអាចបន្តប្រកួតប្រជែងក្នុងទីផ្សារ។ ជាក់ស្តែង នៅបណ្តាប្រទេសផ្សេងទៀតដូចជាប្រទេសថៃហាងលក់ទំនិញ២៤ម៉ោងរបស់គេក៏ផ្តល់សេវាកម្មដូចជាកម្រៃជើងសារពីការលក់កាតទូរស័ព្ទការផ្តល់សេវាកម្មទូទាត់វិក័យប័ត្រ និងការដើរតួជាកន្លែងប្រមូលសម្រាប់ការបញ្ជូននិងប្រគល់ទំនិញ
ផ្សេងទៀត។

នៅពេលអនាគតយើងជឿជាក់ថាហាងលក់ទំនិញ២៤ម៉ោងដែលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់នៅតាមទីតាំងល្អៗ ឬដែលបើកប្រតិបត្តិការដោយក្រុមហ៊ុនអភិវឌ្ឍន៍ការលក់ទំនិញរាយធំៗនឹងធ្វើការនាំមុខទីផ្សារលក់ទំនិញរាយ។

ការចេញទៅក្រៅដើម្បីទិញទំនិញអាចមានភាពតានតឹងខ្លះសម្រាប់មនុស្សមួយចំនួន ដូចនេះហាងលក់ទំនិញ២៤ម៉ោងអាចនឹងបន្តដំណើរការអាជីវកម្មឋិតថេរប្រសិនបើហាងទាំងនោះស្ថិតនៅជិតកន្លែងរស់នៅរបស់អតិថិជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]